ដោយៈតារា
ព្រះសីហនុៈ កំពង់ផែស្វយ័ត្នខេត្តព្រះសីហនុប្រមូលបានចំណូលជាង៤៤លានដុល្លារអាមេរិក កើនឡើង១៤ភាគរយក្នុងរយៈពេល១ឆមាសឆ្នាំនេះ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
យោងតាមទិន្ន័យពីកំពង់ផែនេះបានឲ្យដឹងថា ទំនិញឆ្លងកាត់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងរយៈពេល៦ខែ ឆ្នាំ២០២១ សរុបមានបរិមាណជាង៣,៥ លានតោន កើនឡើងជិត៥ភាគរយ ក្នុងនោះការប្រមូលចំណូលលើអាជីវកម្ម មានចំនួនទឹកប្រាក់ជាង ៤៤លានដុល្លារអាមេរិក កើនឡើងជាង១៤ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំមុន។
តាមរបាយការណ៍បូកសរុបលទ្ធផលការងារ ប្រចាំខែ មិថុនា ឆ្នាំ២០២១ របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានបង្ហាញឲ្យដឹងថា នៅក្នុងរយៈពេល៦ខែ ឆ្នាំ ២០២១ បរិមាណទំនិញ ដែលបានឆ្លងកាត់កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំនួនសរុបជាង ៣,៥ លានតោន កើនឡើងជិត៥ភាគរយ ក្នុងនោះការនាំចូលមានចំនួន២,៦ លានតោន កើនឡើងជាង៥ភាគរយ និងការនាំចេញមានបរិមាណជាង៨៣ ម៉ឺនតោន កើនឡើងជាង ៤ភាគរយ បើធៀបរយៈពេលដូចគ្នាទៅនឹងឆ្នាំ២០២០។ ចំណែកជាកុងតេន័រ មានចំនួន ២,៣លានតោន កើនឡើងជាង១៨ភាគរយ និងមិនមែនជាកុងតេន័រជាង៥លានតោន កើនជាង៥ភាគរយផងដែ
ការដឹកជញ្ជូនមិនមែនកុងតេន័រមានដូចជា គ្រឿងចក្រ លោហៈធាតុ ការដឹកជញ្ជូនប្រេង និងសម្ភារៈផ្សេងៗជាដើម ។ ចំណែកការនាំចេញសម្រាប់ទំនិញសំខាន់ៗវិញ, ក្នុងនោះការដឹកជញ្ជូនតាមកុងតេន័ររួមមាន ក្រណាត់, ស្បែកជើង និងស្រោមជើង អង្ករ, សម្លៀកបំពាក់, គ្រឿងចក្រ, ឈើកែច្នៃ និងបារី និងសម្ភារៈផ្សេងៗទៀត។
លោកឧកញ៉ាស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជាបានថ្លែងថា ស្ថិតនៅក្នុងវិបត្តិនៃជម្ងឺកូវីដ ១៩ នេះ វិស័យនៃការដឹកជញ្ជូន និងឡូជីស្ទិកបានធ្លាក់ចុះ តែទោះបីយ៉ាងណា ការដឹកជញ្ជូននៅតែមានសកម្មភាពជានិច្ច ជាក់ស្តែងនៅក្នុងរយៈពេល៦ខែ ដើមឆ្នាំ ២០២១ នេះ ស្ថានភាពនៃការដឹកជញ្ជូននាំចេញ-ចូល តាមកំពង់ផែព្រះសីហនុ បានកើនឡើង នេះបានបង្ហាញនូវសញ្ញាល្អមួយ ក្នុងនោះចំពោះការដឹកជញ្ជូន សមាគមក៏បានត្រៀមខ្លួនរួចជាស្រាច់ ក្នុងការបន្តប៉េសកម្មដឹកជញ្ជូនឲ្យទាន់ពេលវេលា ទោះជាស្ថានភាពងើបឡើងជាគំហុកយ៉ាងណាក៏ដោយ ។
លោកឧកញ៉ាបន្តថា នៅក្នុងស្ថានភាពនៃការរីករាលដាលនៃជម្ងឺកូវីដ ១៩ មកដល់បច្ចុប្បន្ននេះ នៅក្នុងសមាគម ក៏ដូចជា អ្នកប្រកបមុខរបរទទួលទានផ្នែកដឹកជញ្ជូន និងឡូជីស្ទឹក ក្នុងនោះក្រុមហ៊ុនដែលអាចនៅមានចំណូលប្រមាណ១០ភាគរយ ឬតិចជាងនេះ គឺនៅបន្តសកម្មភាពរបស់ខ្លួនបាន។ ចំណែកក្រុមហ៊ុនជាង៦០ភាគរយ កំពុងជួបបញ្ហាចំណូលធ្លាក់ចុះ ខណៈក្រុមហ៊ុនប្រមាណជាប់៣០ភាគរយផ្សេងទៀត ប្រសិនស្ថានភាពជម្ងឺកូវីដ១៩មិនមានការធូរស្រាល ក្រុមហ៊ុនទាំងនោះនឹងអាចឈានដល់ ការផ្អាកសកម្មភាព ឬក្ស័យធុន នៅលើការធ្វើអាជីវកម្មដឹកជញ្ជូននេះតែម្តង៕