មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មអះអាងថាកម្ពុជាកំពុងក្លាយជាប្រទេសផលិតស្បៀង សំរាប់នាំចេញទៅទីផ្សារពិភពលោក

ដោយៈគង់ ម៉ាលីន

ភ្នំពេញៈ ដោយសារកម្ពុជាមានផ្ទៃដីដាំដុះ និងមានកំលាំងបម្រើក្នុងវិស័យកសិកម្មច្រើន កម្ពុជានឹងប្រែក្លាយទៅជាប្រទេសផលិតស្បៀងអាហារ សម្រាប់បម្រើដល់ទីផ្សារនៃការនាំចេញ និងកំពុងក្លាយជាប្រទេស ក្នុងការផ្គត់ផ្គង់កសិផល ដល់ខ្សែសង្វាក់ផលិតកម្មសកលផងដែរ។ នេះតាមការលើកឡើងរបស់មន្រ្តីជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្ម។

អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិបានមានប្រសាសន៍ឲ្យដឹងកាលពីល្ងាចថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១កន្លងមកថា យោងតាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល កម្ពុជានឹងប្រែក្លាយទៅជាប្រទេសផលិតស្បៀងអាហារ សម្រាប់បម្រើទៅកាន់ទីផ្សារពិភពលោក នឹងអាចប្រែក្លាយទៅជាប្រទេសធ្វើកសិកម្មទំនើប ក្នុងនោះក្រសួងក៏បានប្តេជ្ញាចិត្តស្វែងរកទីផ្សារថ្មីៗទៀត ក្នុងការធ្វើពិពិធកម្មទីផ្សារផងដែរ។
ជាក់ស្តែងមកដល់ពេលនេះ កម្ពុជាកំពុងមានលទ្ធភាព និងមានមុខងារយ៉ាងសំខា​ន់លើការបំពេញបន្ថែម នៅក្នុងខ្សែសង្វាក់ផលិតកម្ម ដើម្បីបម្រើទីផ្សារនៃការនាំចេញ និងកំពុងក្លាយជាប្រទេសនៅក្នុងការផ្គត់ផ្គង់កសិផល ដល់ខ្សែសង្វាក់ផលិតកម្មសកល។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានបន្ថែមថា ការធ្វើពាណិជ្ជកម្មអន្តរជាតិ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ទីផ្សារនាំចេញផលិតផល ជាពិសេសទីផ្សារនាំចេញកសិផលរបស់កម្ពុជា បានជ្រៀតចូលអន្តរជាតិជាបណ្តើរៗ ជាក់ស្តែងការនាំចេញអង្ករទៅកាន់ទីផ្សារប្រទេសចិន គឺបានកំពុងពេញនិយម និងមានការគាំទ្រយ៉ាងខ្លាំង។ ក្រៅពីនេះការនាំចេញទៅកាន់ទីផ្សារសហគមន៍អឺរ៉ុប ទោះបីមានការបង់ពន្ធខ្លះៗយ៉ាងណាក៏ដោយ គឺនៅបន្តការនាំចេញជាធម្មតា។ ចំណែ​កទីផ្សារទំនិញកសិផលផ្សេងៗទៀត ប្រទេសចិនក៏បានទទួលស្គាល់អំពីបញ្ហាអនាម័យ ភូតគាមអនាម័យដូចជា ចំណិតដំឡូងមី ចេក និងស្វាយស្រស់ជាដើម។

គិតត្រឹមរយៈពេលឆមាសទី១ ឆ្នាំ២០២១នេះ ការនាំចេញកសិផលពីកម្ពុជាមានបរិមាណសរុបសរុបជាង៤៤៥លានតោន ទៅកាន់ទិសដៅ៦២ប្រទេស កើនឡើងចំនួនជាង២០០លានតោន ស្មើនឹងប្រមាណជាង៨៤ភាគរយ ប្រៀបធៀបនឹងរយៈពេលដូចគ្នាទៅនឹងឆ្នាំ២០២០។

តាមការប៉ាន់ស្មានតម្លៃ ដែលទទួលបានពីការនាំចេញកសិផល មានចំនួនជាង២ ៥០០លានដុល្លាអាម៉េរិក ក្នុងនោះការនាំចេញអង្ករមានចំនួនជាង២៣៧លានដុល្លា ស្រូវ​ចំនួន២៧៩លានដុល្លារ និងកសិផលក្រៅពីស្រូវ-អង្ករ មានចំនួនប្រមាណ២ពាន់លានដុល្លារផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here