ដោយៈសុខុម
សេអ៊ូល: ក្រុមហ៊ុនសាំងយ៉ុង (SsangYong Motor) ដែលជាក្រុមហ៊ុនផលិតរថយន្តដ៏ល្បីល្បាញរបស់កូរ៉េខាងត្បូង បានសម្រេចចិត្តលក់ទីតាំងរោងចក្ររបស់ខ្លួន ក្នុងទីក្រុង Pyeongtaek ដើម្បីដោះទាល់ដោយសារជំពាក់បំណុលរុំកោះ។ នេះបើយោងតាមសារព័ត៌មាន Korea Times ចុះផ្សាយកាលពីថ្ងៃទី១០ កក្កដា។
សាលាក្រុង Pyeongtaek ដែលស្ថិតនៅចម្ងាយប្រមាណ៧០គីឡូម៉ែត្រ នាភាគខាងត្បូង នៃទីក្រុងសេអ៊ូលបានអះអាងថា ខ្លួនបានចុះអនុស្សរណៈនៃការយោគយល់ (MoU) ជាមួយនាយកគ្រប់គ្រងក្រុមហ៊ុនSsangYong និងសហជីពកម្មកររបស់រោងចក្រនេះរួចហើយ ជុំវិញការលក់ទីតាំងរោងចក្រ ដែលមានផ្ទៃក្រឡា៨៥០.០០០ម៉ែត្រការ៉េនិងមានតម្លៃ៧៨៦លានដុល្លារនេះ។រោងចក្រនេះ ត្រូវបានសាងសង់នៅក្នុងឆ្នាំ១៩៧៩ ពោលគឺ៤២ឆ្នាំមុន។
សាលាក្រុងបាននិយាយទៀតថា ក្រុមហ៊ុននេះ នឹងសាងសង់រោងចក្រថ្មីមួយ ក្នុងក្រុង Pyeongtaek ហើយសាលាក្រុង នឹងជួយផ្ដល់ការគាំទ្រផ្នែករដ្ឋបាល នៅក្នុងដំណើរការសាងសង់ និងផ្លាស់ប្តូរទីតាំង។
លោក Jung Jang-seon ចៅហ្វាយក្រុង Pyeongtaek បានគូសបញ្ជាក់ថា “យើងនឹងជួយគាំទ្រយ៉ាងសកម្ម ដល់ក្រុមហ៊ុនSsangYong ដើម្បីឱ្យក្រុមហ៊ុននេះ ទទួលបានការរីកចម្រើន ក្លាយជាក្រុមហ៊ុនលំដាប់ពិភពលោក ដែលនឹងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់ក្នុងស្រុក”។
លោក Chung Yong-won នាយកគ្រប់គ្រងក្រុមហ៊ុន SsangYong បានលើកឡើងថា រោងចក្រថ្មីនេះ នឹងផ្តោតលើការផលិតរថយន្ត បើកបរស្វ័យប្រវត្តិ និងដែលមិនប៉ះពាល់ដល់បរិស្ថាន ដែលជាមូលដ្ឋានសម្រាប់ការរស់រានយូរអង្វែងរបស់ក្រុមហ៊ុន។
ក្រុមហ៊ុន SsangYong បានប្រកាសលក់រោងចក្រនេះកាលពីថ្ងៃទី២៨ កក្កដា។ ក្រុមហ៊ុន EY Han Young ដែលអ្នកទទួលខុសត្រូវ ចំពោះដំណើរការលក់រោងចក្រនេះបានចេញសេចក្ដីប្រកាសជាសាធារណៈថា ខ្លួននឹងទទួលយកលិខិតបញ្ជាក់ ពីគោលបំណងសុំទិញពីអ្នកទិញទាំងឡាយរហូតដល់ដំណាច់ខែកក្កដា ហើយនឹងធ្វើការពិនិត្យផ្ទៀងផ្ទាត់សំណើសុំទិញទាំងនោះនៅខែសីហា៕