ដោយៈលក្ខិណា
ភ្នំពេញៈ ស្ថិតនៅក្នុងវិបត្តិនៃជំងឺកូវីដ១៩ ដែលមានលក្ខណៈធ្ងន់ធ្ងរជាងឆ្នាំមុនឆ្នាំ២០២០ក្ដី ប៉ុន្តែកម្ពុជានៅតែទទួលបានការវិនិយោគ ទាំងពីបរទេសនិងក្នុងស្រុកទៅលើវិស័យនានា ដែលជាតម្រូវការនៃការអភិវឌ្ឍប្រទេស និងតម្រូវការនៅក្នុងវិបត្តិកូវីដ១៩។
តែយ៉ាងណាក្ដីវិបត្តិកូវីដ១៩ ពិតជាបានបង្កផលប៉ះពាល់ដល់វិស័យនានា គ្រាន់តែ វិស័យខ្លះប៉ះពាល់តិច និងវិស័យខ្លះប៉ះពាល់ធ្ងន់ធ្ងរ។
អ្នកឧកញ៉ា សៀ ឬទ្ធីប្រធានក្រុមប្រឹក្សាអភិបាលនៃក្រុមហ៊ុនវើលដ៏ប្រ៊ីដគ្រុបបាន ឱ្យដឹងថា វិបត្តិកូវីដ១៩វាធ្វើឱ្យប៉ះពាល់ ដល់វិស័យនានាក្នុងប្រទេសកម្ពុជាពិតមែន ហើយវិស័យខ្លះប៉ះពាល់ខ្លាំង និងវិស័យខ្លះប៉ះតិចតួច តែក៏មានវិស័យខ្លះបែរជាមានឱកាសក្នុងការពង្រីក និងរីកចម្រើនទៅវិញជាក់ស្ដែង នៅក្នុងវិស័យកសិកម្ម គេឃើញថាមានការរីកលូតលាស់ជាបន្តបន្ទាប់នៅក្នុងវិបត្តិកូវីដ១៩នេះ ដោយសារតែតម្រូវការកើនឡើងខ្ពស់ ។
អ្នកឧញ៉ាបន្តថា ទន្ទឹមនឹងការមានវិបត្តិនៃដែរ វាក៏ជាឱកាសសម្រាប់វិនិយោគិនក្នុងការពង្រីកគម្រោងវិនិយោគរបស់ខ្លួន។ ដូច្នេះហើយនៅក្នុងវិបត្តិកូវីដ១៩ គេឃើញថាវិនិយោគិនក្នុង និងក្រៅប្រទេសជាច្រើន នៅតែបន្តដាក់ទុនវិនិយោគ នៅក្នុងប្រទេសកម្ពុជា ដោយមិនមានការផ្អាក ឬបន្ទុចបង្អាក់ការវិនិយោគរបស់គេដែរ ។
ដោយឡែកមកមើលគម្រោងវិនិយោគ របស់វិនិយោគិនក្នុងស្រុកវិញក៏ឃើញថានៅតែមានដំណើរការវិនិយោគជាបន្តបន្ទាប់ដែរ ក្នុងនោះមានគម្រោងអភិវឌ្ឍន៍លំនៅឋាននៅតែមានដំណើរការនិងវិនិយោគជាហូរហែរ។
ជាមួយគ្នានេះ អ្នកនាងសុខ បូរី ប្រធានផ្នែកលក់នៃគម្រោងលំនៅឋានមួយបានឱ្យដឹងថា ទោះស្ថិតនៅក្នុងដំណាក់កាលនៃកូវីដ១៩នេះក៏ដោយ ក៏តម្រូវការលំនៅឋានសម្រាប់ពលរដ្ឋនៅតែមាន ដូច្នេះហើយទើបក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋាន នៅក្នុងប្រទេសកម្ពុជា នៅតែបន្តអភិវឌ្ឍន៍គម្រោងលំនៅឋាន ដើម្បីបំពេញតម្រូវការ ។
ប៉ុន្តែសម្រាប់តំបន់ដែលមានសក្ដានុពលការទិញលក់នៅតែបន្តធ្វើឡើង តែតំបន់ដែលមិនសូវមានសក្ដានុពលក៏មិនសូវមានអ្នកទិញទៅតាមហ្នឹងដែរ ។
អ្នកនាងបញ្ជាក់ថា “បើសិនជាគ្មានតម្រូវការទេ ក៏គ្មានការអភិវឌ្ឍដែរ ដូច្នេះការអភិវឌ្ឍ គឺស្របទៅតាមតម្រូវការជាក់ស្ដែង ហើយនៅពេលអនាគត ពេលដែលចប់កូវីដ១៩ យើងជឿថាការអភិវឌ្ឍលំនៅឋាន នៅក្នុងប្រទេសកម្ពុជានឹងកាន់តែមានការរីកលូតលាស់បន្ថែមទៀត ស្របទៅតាមតម្រូវការនៅពេលអនាគត”៕