មន្ត្រីជាន់ខ្ពស់ៈ FTAចំនួន៣អាចនឹងចូលជាធរមាននិងដាក់ដំណើរការជាផ្លូវការនៅក្នុងឆ្នាំនេះ

ដោយៈ លក្ខិណា

ភ្នំពេញៈ នៅក្នុងឆ្នាំ២០២១នេះ កម្ពុជារំពឹងថាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA ) ចំនួន៣នឹងចូលជាធរមានហើយដាក់ដំណើរការជាផ្លូវការ។ នេះបើយោងតាមការលើកឡើងរបស់អ្នកពាក្យក្រសួងពាក្យក្រសួងពាណិជ្ជកម្មកម្ពុជាលោកស៊ាង ថៃ នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១។

លោកស៊ាង ថៃបានថ្លែងថាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលនឹងចូលជាធរមាននៅក្នុងឆ្នាំ២០២១នេះ មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េខាងត្បូង និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ហៅកាត់ថា RCEP ដែលកិច្ចព្រមព្រៀងទាំងនេះបានចុះហត្ថលេខារួច ហើយរង់ចាំតែសភាសម្រេច និងអនុម័តតែប៉ុណ្ណោះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា កិច្ចព្រមព្រៀង RCEP បានឆ្លងគណ:កម្មការជំនាញនៃរដ្ឋសភារួចហើយ រង់ចាំកិច្ចប្រជុំពេញអង្គរដ្ឋសភា និងបន្តទៅព្រឹទ្ធសភា កិច្ចព្រមព្រៀង FTA កម្ពុជា-ចិន បានបញ្ជូនទៅរដ្ឋសភាហើយ បានសភាអនុម័តនៅថ្ងៃទី៨ កក្កដា ២០២១។

លោកដោយឡែកកិច្ចព្រមព្រៀង FTA កម្ពុជា-កូរ៉េ បញ្ចប់ការចរចាទាំងស្រុង។ សម្ដេចតេជោ បានប្រគល់សិទ្ធិប្រទានជូនរដ្ឋមន្ត្រីពាណិជ្ជកម្មចុះហត្ថលេខាជាមួយភាគីកូរ៉េ។ ភាគីទាំងពីរកំពុងរកពេលវេលាសមស្រប ដើម្បីចុះហត្ថលេខា។ ពេលចុះហត្ថលេខារួច នឹងត្រូវបំពេញនីតិវិធីដូចកិច្ចព្រមព្រៀងខាងលើដែរ ដើម្បីអាចចូលជាធរមានបាន។

កម្ពុជារំពឹងថា ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសទីផ្សារប្រទេសចិនកូរ៉េ និងប្រទេសជាដៃគូក្នុងកិច្ចព្រមព្រៀង RCEP នឹងមានកំណើនឡើងនៅពេលកិច្ចព្រមព្រៀងពាណិជ្ជកម្មទាំងនេះ ចូលជាធរមាន និងដាក់ដំណើរការជាផ្លូវការ។

មិនតែប៉ុន្តែកម្ពុជាក៏អាចទាក់ទាញបាននូវអ្នកវិនិយោគពីប្រទេសទាំងនោះ ចូលមកបណ្ដាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជាបន្ថែមទៀតដែរ នៅពេលខាងមុខ ខណៈកម្ពុជាក៏ត្រូវត្រៀមខ្លួនសម្រាប់ស្វាគមន៍ និងសម្រួលដល់ការវិនិយោគរបស់វិនិយោគិនទាំងនោះផងដែរ។

មន្ត្រីជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្មកម្ពុជា លោកប៉ែន សុវិជាតិធ្លាប់បានលើកឡើងកន្លងមកថា មុននឹងកម្ពុជាសម្រេចបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសណាមួយ កម្ពុជាបានគិតពីផលចំណេញរួចជាស្រេចទៅហើយ ។ បើសិនជាខាតបង់កម្ពុជានឹងមិនធ្វើនោះឡើយ ជាក់ស្ដែងកិច្ចព្រមព្រៀងដែលកម្ពុជាបានបង្កើតជាមួយប្រទេសទាំងទ្វេភាគីនិងពហុភាគីកម្ពុជាបានគិតថាវាពិជាផ្ដល់ប្រយោជន៍ជាច្រើនដល់កម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here