កូរ៉េខាងត្បូងគ្រោងបោះទុនវិនិយោគ៣៥ពាន់លានដុល្លារក្នុងឧស្សាហកម្មផលិតអាគុយរថយន្តអគ្គិសនី

ដោយៈសុខុម

សេអ៊ូល: យោងតាមសារព័ត៌មាន The Edge Markets ឱ្យដឹងថា ប្រទេសកូរ៉េខាងត្បូង គ្រោងបោះទុនវិនិយោគដល់ទៅ៣៥ពាន់លានដុល្លារអាមេរិក ក្នុងឧស្សាហកម្មផលិតអាគុយរថយន្តអគ្គិសនីរបស់ខ្លួន ត្រឹមដំណាច់ទសវត្សរ៍នេះ ដើម្បីប្រជែងជាមួយមហាយក្សចិន និងបរទេសជប៉ុន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

រដ្ឋាភិបាលប្រទេសនេះ បានចេញសេចក្តីថ្លែងការណ៍ កាលពីថ្ងៃព្រហស្បតិ៍ ទី៨ កក្កដា ថា ក្រុមហ៊ុន LG Energy Solution Co ក្រុមហ៊ុន SK Innovation Co និងក្រុមហ៊ុន Samsung SDI Co នឹងក្លាយជាអ្នកដើរតួយ៉ាងដ៏សំខាន់ នៅក្នុងការជំរុញការវិនិយោគលើការស្រាវជ្រាវ & ការអភិវឌ្ឍន៍ (R&D) និងការផលិតអាគុយ។

សេចក្ដីថ្លែងការណ៍នោះមានខ្លឹមសារដូច្នេះថា “ផែនការនេះគឺដើម្បីធានាថា គ្រឿងលើកទឹកចិត្តផ្សេងៗ ត្រូវបានផ្តល់ជូនក្រុមហ៊ុននានា សម្រាប់ការវិនិយោគរបស់ពួកគេ និងការស្រាវជ្រាវ & ការអភិវឌ្ឍន៍ (R&D) ដើម្បីជួយឱ្យពួកគេ ក្លាយជាក្រុមហ៊ុនឈានមុខគេក្នុងពិភពលោកក្នុងទីផ្សារអាគុយ”។ សេចក្តីថ្លែងការណ៍ដដែលបានបន្តថា “រដ្ឋាភិបាលនឹងប្រឹងប្រែងគ្រប់វិធីដើម្បីគាំទ្រ និងជំរុញឱ្យឧស្សាហកម្មនេះរីកចម្រើន ដែលនឹងក្លាយជាផ្នែកសំខាន់មួយ នៃសេដ្ឋកិច្ចនាពេលអនាគតរបស់ប្រទេសកូរ៉េខាងត្បូង”។

ក្រុមហ៊ុនផលិតអាគុយរថយន្តអគ្គិសនីធំៗបំផុត មួយចំនួនរបស់ពិភពលោក មានមូលដ្ឋាននៅក្នុងប្រទេសនេះ ហើយក្រុមហ៊ុនទាំងនោះ មានចំណែកទីផ្សាររហូតដល់ទៅ១ភាគ៣នៃទីផ្សារទូទាំងពិភពលោក ក្នុងរយៈពេល៥ខែដើមឆ្នាំ២០២១នេះ ហើយក្រុមហ៊ុននានាកំពុងតែពង្រីក និងបង្កើតរោងចក្របន្ថែមនៅបរទេស ដើម្បីបំពេញឱ្យទាន់តម្រូវការរថយន្តអគ្គិសនី (EV) ដែលកំពុងកើនឡើង។

យោងតាមរដ្ឋាភិបាលឱ្យដឹងថា សមត្ថភាពផលិតរបស់ក្រុមហ៊ុនទាំងនោះ បានកើនឡើងស្ទើរតែ៤ដង រហូតដល់២១៧ជីហ្គាវ៉ាត់ម៉ោង (gWh) ក្នុងឆ្នាំ២០២០ បើធៀបនឹង៥៩ជីហ្គាវ៉ាត់ម៉ោង (gWh) ក្នុងឆ្នាំ២០១៦។

យោងតាមសារព័ត៌មាន SNE Research ឱ្យដឹងថា គ្រាន់តែក្រុមហ៊ុនចិន មួយដែលមានឈ្មោះថា Contemporary Amperex Technology Co Ltd មានចំណែកទីផ្សារលក់អាគុយរហូតដល់ទៅ៣១%គិតត្រឹមខែឧសភា ឆ្នាំនេះ។ សារព័ត៌មានដដែលរំពឹងថា ទីផ្សារអាគុយពិភពលោក នឹងកើនឡើងពី៤៦ពាន់លានដុល្លារ កាលពីឆ្នាំមុនដល់៣៥២ពាន់លានដុល្លារ ក្នុងឆ្នាំ២០៣០។

លោក Yoon Joon-won អ្នកគ្រប់គ្រងមូលនិធិនៅក្រុមហ៊ុន DS Asset Management Co បានលើកឡើងថា “ការវិនិយោគបន្ថែម និងការគាំទ្រពិតជាមានសារៈសំខាន់ណាស់នៅចំណុចនេះ ព្រោះយើងរំពឹងថានឹងទទួលបានកំណើន រយៈពេលវែងពីទីផ្សារនេះ”។

ក្រុមហ៊ុន LG Energy បានចេញសេចក្ដីថ្លែងការណ៍ថា ខ្លួនគ្រោងបោះទុនវិនិយោគប្រមាណ១៣ពាន់លានដុល្លារ នៅត្រឹមឆ្នាំ២០៣០ រួមទាំង៨,៤ពាន់លានដុល្លារ នៅក្នុងការស្រាវជ្រាវ&ការអភិវឌ្ឍន៍ (R&D) ផងដែរ។ ក្រុមហ៊ុននេះ នឹងសាងសង់វិទ្យាស្ថានមួយនៅក្នុងប្រទេសកូរ៉េខាងត្បូង សម្រាប់ការបណ្តុះបណ្តាល ផ្នែកបច្ចេកវិទ្យាអាគុយ ដែ​លតាមការរំពឹងទុកថា នឹងរួចរាល់ជាស្ថាពរនៅខែមករា ដើមឆ្នាំ២០២៣។ ក្រុមហ៊ុននេះនិយាយថា ខ្លួនទទួលបានការបញ្ជាទិញអាគុយរថយន្តអគ្គិសនី ដែលគិតជាតម្លៃសរុប១៥,៦ទ្រីលានដុល្លារ។

ទោះជាយ៉ាងណា ក្រុមហ៊ុន SK Innovation និងក្រុមហ៊ុន Samsung SDI មិនបានផ្តល់ព័ត៌មានលម្អិតអំពីផែនការវិនិយោគនោះទេ។

ប្រទេសកូរ៉េខាងត្បូង បានចូលរួមជាមួយប្រទេសចិន និងប្រទេសជប៉ុន កាលពីឆ្នាំមុន នៅក្នុងការកំណត់កាលបរិច្ឆេទ សម្រាប់ការកាត់បន្ថយការបញ្ចេញ ឧស្ម័នកាបូន ឱ្យមកនៅកម្រិតសូន្យត្រឹមឆ្នាំ២០៥០៕

LEAVE A REPLY

Please enter your comment!
Please enter your name here