ដោយៈ លក្ខណា
ភ្នំពេញៈ ដើម្បីតភ្ជាប់ប្រព័ន្ធទូទាត់តាមបែបឌីជីថល បង្កើនភាពងាយស្រួល និងកាត់បន្ថយពេលវេលាជូនអតិថិជន និងសហគ្រាសធុនតូចនិងមធ្យម ក្នុងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជា ក្រសួងពាណិជ្ជកម្មបានសហការជាមួយធនាគារវីង ក្នុងការជំរុញ និងសម្រួលការងារពាណិជ្ជកម្មតាមប្រព័ន្ធឌីជីថលកាន់តែទូលំទូលាយបន្ថែមទៀត។
ក្នុងកិច្ចប្រជុំរវាងភាគីទាំងពីកាលពីថ្ងៃទី៧ កក្កដា ២០២១នេះ លោកជំទាវតឹករ៉េត កំរងរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានលើកឡើងពីសមិទ្ធិផលសំខាន់ៗរបស់ក្រសួងពាណិជ្ជកម្មដែលសម្រេចបានកន្លងមក រួមមាន៖ ច្បាប់កិច្ចការការពារអ្នកប្រើប្រាស់ ច្បាប់ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក សេចក្តីព្រាងច្បាប់ស្តីពីការប្រកួតប្រជែង ការបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ការបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ និងសមិទ្ធផលនៃការអនុវត្ថគម្រោងដែលមានការគាំទ្រពីដៃគូអភិវឌ្ឍន៍ ដូចជាយុទ្ធសាស្រ្តសមាហរណកម្មពាណិជ្ជកម្មកម្ពុជា ២០១៩-២០២៣ យុទ្ធសាស្រ្តពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងគម្រោង Go4eCAM។
លោកជំទាវរដ្ឋលេខាធិការក៏បានបញ្ជាក់ពីជំហរយ៉ាងមុតមាំរបស់ក្រសួងពាណិជ្ជកម្មក្នុងការធ្វើសហប្រតិបត្តិការជាមួយធនាគារវីង និងស្នើឲ្យក្រុមការងារបច្ចេកទេសទាំងពីរសហការគ្នាឲ្យបានល្អ ដើម្បីធានាឲ្យបាននូវការតភា្ជប់ប្រព័ន្ធទូទាត់តាមបែបឌីជីថលរបស់ធនាគារវីង និងថ្នាលអេឡិចត្រូនិក CambodiaTrade ឲ្យទទួលបានជោគជ័យ។
នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការទូទាត់តាមប្រព័ន្ធអនឡាញនៅក្នុងប្រទេសកម្ពុជា ហាក់មានកំណើនខ្ពស់ ជាពិសេសនៅក្នុងបរិបទកូវីដ១៩នេះ ដោយសារតែមនុស្សត្រូវរក្សាគម្លាត និងមិនចង់ចេញក្រៅក៏ដូចជាមិនចង់ប៉ះពាល់ក្រដាសប្រាក់ដែលអាចជាភ្នាក់ងារចម្លងមេរោគកូវីដ១៩ផងដែរ៕