សម្តេចតេជោហ៊ុន សែនៈជំនួយចិនជួយដល់ការអភិវឌ្ឍនិងពង្រឹងឯករាជ្យភាពរបស់កម្ពុជា

ដោយៈស៊ីវ ម៉េង

ភ្នំពេញៈ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងចំពោះមុខ លោក ស៊ី ជីនពីង ប្រធានាធិបតីចិនថា ជំនួយរបស់ចិននេះ មិនត្រឹមតែជួយដល់ការអភិវឌ្ឍ និងធ្វើឱ្យកម្ពុជា ងើបចេញពីភាពក្រីក្រប៉ុណ្ណោះទេ តែក៏បានជួយពង្រឹងដល់ឯករាជ្យភាពរបស់កម្ពុជាផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលតែងតែផ្តល់ជំនួយសម្រាប់ការអភិវឌ្ឍនៅកម្ពុជា រួមទាំងវ៉ាក់សាំងប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ផងដែរ។

សម្តេចតេជោហ៊ុន សែនបានថ្លែងដោយលើកបង្ហាញ នូវគុណតម្លៃដ៏ធំធេងនៃជំនួយរបស់ចិន ក្នុងការជួយពង្រឹងការអភិវឌ្ឍ និងឯករាជ្យភាព ពីសំណាក់សម្តេចតេជោ ហ៊ុន សែន បានធ្វើក្នុងកិច្ចប្រជុំកំពូល នៃថ្នាក់ដឹកនាំគណបក្សកុម្មុយនិស្តចិន និងគណបក្សនយោបាយនៅលើពិភពលោក នៅយប់ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១នេះ។

កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងដោយមានការចូលរួមពីលោក ស៊ី ជីនពីង និងថ្នាក់ដឹកនាំនយោបាយជាច្រើនលើពិភពលោក ដោយជជែកពីតួនាទីរបស់បក្សនយោបាយក្នុងការកសាងសុខុមាលភាពជូនប្រជាពលរដ្ឋ។
ក្នុងសុន្ទរកថាគន្លឹះថ្លែង ទៅកាន់កិច្ចប្រជុំធ្វើឡើងតាមអនឡាញនេះ សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យគណបក្សនយោបាយទាំងអស់រួមគ្នាប្តេជ្ញា រក្សាស្ថិរភាពនយោបាយ និងរារាំងឱ្យបានដាច់ខាត នូវការជ្រៀតជ្រែកនយោបាយពីប្រទេសដទៃ។

ក្នុងនាមប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចបានសង្កត់ធ្ងន់ថា “គណបក្សនយោបាយទាំងអស់ ទោះជាមាននិន្នាការណាក៏ដោយ ត្រូវគិតពីប្រយោជន៍ជាតិ និងប្រជាជនជាធំ ដោយមិនត្រូវឱនក្បាលធ្វើជាឈ្នាន់នយោបាយ និងវិទ្ធង្សនារបស់បរទេស បើទោះបីជាស្ថិតក្រោមរូបភាពណាក៏ដោយ”។

ក្នុងកិច្ចប្រជុំនោះ សម្តេចតេជោក៏បានបង្ហាញនូវក្តីសង្ឃឹមផងដែរថា គណបក្សនយោបាយទាំងអស់ អាចបញ្ឈប់បាននូវវប្បធម៌ និងឥរិយាបទច្រណែនឈ្នានីស ចាំតែមើលបំណាំ ចោទប្រកាន់ និងរិះគន់គ្មានមូលដ្ឋាន ដោយជំនួសមកវិញនូវឥរិយាបថបែបតថភាពនិយម ប្រាកដនិយម និងប្រកាន់ខ្ជាប់នូវស្មារតីនៃការសហការគ្នា ក្នុងការដោះស្រាយរាល់បញ្ហារបស់មនុស្សជាតិ ទាំងក្នុងក្របខណ្ឌពិភពលោក និងក្នុងប្រទេសនីមួយ​ៗ។

ទន្ទឹមនឹងការថ្លែង ជំរុញឱ្យបណ្តាគណបក្សនយោបាយលើពិភពលោក រួមគ្នាទប់ស្កាត់ការេះជ្រៀតជ្រែក នយោបាយពីមជ្ឈដ្ឋានខាងក្រៅហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកពីការរួមចំណែករបស់ចិនជួយ ដល់ការពង្រឹងនូវឯករាជ្យភាពរបស់កម្ពុជា តាមរយៈការផ្តល់ជំនួយផ្សេងៗផងដែរ។

សម្តេចតេជោថ្លែងថា “ខ្ញុំគួរតែបញ្ជាក់ឱ្យបានច្បាស់ថា ជំនួយរបស់ចិនមកដល់កម្ពុជា មិនគ្រាន់តែជួយទៅដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការកាត់បន្ថយភាពក្រីក្រប៉ុណ្ណោះទេ។ ក៏ប៉ុន្តែវាបានជួយកម្ពុជា ក្នុងការពង្រឹងនូវឯករាជ្យភាពខាងនយោបាយទៀតផង”។

សម្តេចតេជោបន្ថែមថា វាច្បាស់ណាស់ថា ប្រទេសតូចតាច និងប្រទេសក្រីក្រ ត្រូវការចាំបាច់នូវឯករាជ្យ និងអធិបតេយ្យភាពជៀសវាងនូវការបង្គាប់បញ្ជា និងការជ្រៀតជ្រែកពីខាងក្រៅ។ ក្នុងន័យនេះជំនួយរបស់មិត្តចិន គឺពិតជាជួយទៅដល់ការពង្រឹងនូវឯករាជ្យខាងនយោបាយ ដើរទន្ទឹមជាមួយនឹងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងការកាត់បន្ថយភាពក្រីក្រ”។

ប្រទេសចិន បានក្លាយទៅជាប្រទេសជាមិត្តដ៏ធំមួយរបស់កម្ពុជា ដែលបានផ្តល់ជំនួយ និងកម្ចីយ៉ាងច្រើនសម្រាប់ការអភិវឌ្ឍនៅកម្ពុជា។ តាមរយៈជំនួយនិងកម្ចីនេះ បានរួមចំណែកឱ្យកម្ពុជា ពង្រឹងដល់ការអភិវឌ្ឍជាតិលើគ្រប់វិស័យ ជាពិសេសលើប្រព័ន្ធហេ ដ្ឋារចនាសម្ព័ន្ធថ្នល់ និងស្ពាន ដែលជាសរសៃឈាមដ៏សំខាន់សម្រាប់សេដ្ឋកិច្ចជាតិ៕

LEAVE A REPLY

Please enter your comment!
Please enter your name here