ដោយៈគង់ ម៉ាលីន
ភ្នំពេញៈ សមាគមធនាគារកម្ពុជា(ABC)បានលើកឡើងថា អំឡុងវិបត្តិកូវីដ១៩នៅកម្ពុជា មិនមានស្ថាប័នធនាគារណាមួយរឹបអូស ទ្រព្យរបស់អតិថិជននោះឡើយ ប៉ុន្តែមានតែការជួយសម្របសម្រួលទៅវិញ។
ប្រធានចាត់ការទូទៅនៃសមាគមធនាគារនៅកម្ពុជា លោកហេង កូយបានមានប្រសាសន៍ក្នុងកិច្ចសម្ភាសន៍ជាមួយស្ថាប៍័នFreshnewsថា ជារួមយើងមិនឃើញមានការរឹបអូសវត្ថុបញ្ចាំឡើយ ហើយបើមានការកើតឡើង យើងរកវិធីគ្រប់បែបយ៉ាង ក្នុងការធ្វើយ៉ាងណា គឺសម្រួលស្ថានការណ៍ កុំឲ្យបង្កើនបន្ទុកដល់ប្រជាពលរដ្ឋ ព្រោះប្រជាពលរដ្ឋមានបន្ទុកខ្លាចកូវីដ-១៩ រួចហើយ។
លោកបន្តថា “សមាគមធនាគារតែងតែផ្សព្វផ្សាយ និងតែងតែតាមដាន ហើយបើសិនជាមានករណីកើតឡើងសមាគមធនាគារ នឹងប្រឹងប្រែងក្នុងការធ្វើការងារជាមួយសមាជិក និងស្ថាប័នពាក់ព័ន្ធ ដើម្បីធ្វើយ៉ាងណា ដោះស្រាយឲ្យបានទាន់ពេលវេលា”។
ដើម្បីចូលរួមជួយគាំទ្រ និងសម្រួលដល់អតិថិជនក្នុងគ្រាដ៏លំបាក នៃជំងឺកូវីដ១៩នេះ សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានដាក់ចេញនូវគោលការណ៍ដូចជា
ទី១ សម្រាប់អតិថិជនដែលឆ្លងជំងឺកូវីដ១៩
លើកលែងការបង់ការប្រាក់ និងរាល់ការផាកពិន័យទាំងអស់រយៈពេល២ខែ ព្រមទាំងទទួលបានការរៀបចំឥណទានឡើងវិញ ដោយស្វ័យប្រវត្តិ(ប្រសិនបើអតិថិជនយល់ព្រម) រួមទាំងការពន្យារការបង់ប្រាក់ដើមរយៈពេល៣ខែ។ រាល់អតិថិជនដែលឆ្លងជំងឺកូវីដ-១៩ ត្រូវបង្ហាញលទ្ធផលតេស្តវិជ្ជមានកូវីដ-១៩ ចេញដោយអាជ្ញាធរមានសមត្ថកិច្ច។
ទី២ សម្រាប់អតិថិជនដែលជាប់ធ្វើចត្តាឡីស័ក
ផ្តល់ការរៀបចំឥណទានឡើងវិញ ដោយស្វ័យប្រវត្តិ (ប្រសិនបើអតិថិជនយល់ព្រម) រួមទាំងពន្យារការបង់ទាំងប្រាក់ដើម និងការប្រាក់រយៈពេល៣ខែ និងលើកលែងរាល់ការផាកពិន័យទាំងអស់។
ទី៣ បន្តធ្វើការផ្តល់ជូនការរៀបចំឥណទានឡើងវិញ ឲ្យបានឆាប់រហ័ស និងបង្កលក្ខណៈងាយស្រួលសម្រាប់អតិថិជន ដែលរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩។
ទី៤ បញ្ចេញឥណទានសង្គ្រោះបន្ទាន់ ឬបន្ថែម ដោយបន្ធូរបន្ថយលក្ខខណ្ឌ ព្រមទាំងកាត់បន្ថយអត្រាការប្រាក់ ដើម្បីជួយបន្ត និងស្តារឡើងវិញនូវសេដ្ឋកិច្ចគ្រួសារ និងអាជីវកម្មមុន និងក្រោយពេលមានវិបត្តិ។
ទី៥ ធ្វើការរៀបចំឥណទានឡើងវិញ ព្រមទាំងលើកលែងរាល់ការផាកពិន័យទាំងអស់ សម្រាប់អតិថិជនដែលទិញផ្ទះផ្ទាល់ខ្លួនទីមួយ សម្រាប់រស់នៅ (First Home Owner) និងទី៦ ផ្តល់នូវការអនុគ្រោះសម្រាប់អតិថិជន ដែលទទួលមរណភាពដោយជំងឺកូវីដ-១៩ តាមលទ្ធភាពជាក់ស្តែងរបស់គ្រឹះស្ថាននីមួយៗ៕