អគ្គនាយកដ្ឋានគយចាប់ផ្តើមពន្លឿននិតិវិធីកាត់បន្ថយពេលវេលានាំចេញ និងថ្លៃដើម

ដោយៈ គង់ ម៉ាលីន

ភ្នំពេញៈ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានចាប់ផ្តើមអនុវត្តន៍និតិវិធីនានា ដើម្បីកាត់បន្ថយពេលវេលា និងថ្លៃដើមលើការនាំចេញ ដែលវិស័យឯកជនបានស្វាគមន៍ ព្រោះវាជួយពង្រឹងភាពប្រកួតប្រជែងរបស់កម្ពុជា។

វិស័យ​ឯកជន​បាន​ស្វាគមន៍ និង​គាំទ្រ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ដែល​បាន​ដាក់ឱ្យ​អនុវត្ត​នីតិ​វិធី​បញ្ចេញ​ទំនិញ​ពី​គយ ​មុនពេល​បញ្ចប់​ការបំពេញ​បែបបទ​បញ្ចេញ​ទំនិញ​ពី​គយ ខណៈ​នីតិវិធី​នេះ ​នឹង​ជួយ​សម្រួល​កាត់បន្ថយ​ពេលវេលា និង​ថ្លៃដើម ព្រមទាំង​បង្កើន​ភាពប្រកួតប្រជែង​ផងដែរ​។ នេះ​បើ​យោងតាម​សេចក្តី​ណែនាំ​របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា កាលពី​ថ្ងៃទី​ ២៩ មិថុនា ឆ្នាំ​ ២០២១​។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការអនុវត្ត​នីតិវិធី​នេះ ​ធ្វើឡើង​ស្របតាម​បទប្បញ្ញត្តិ ​នៃ​ប្រកាស​លេខ សហវ.ប្រក ចុះ​ថ្ងៃទី​ ២២ ខែមិថុនា​ឆ្នាំ​ ២០២១ របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ស្តីពី​ការអនុញ្ញាត​ឱ្យ​យក​ទំនិញ​ពី​គយ ​មុនពេល​បញ្ចប់​ការបំពេញ​បែបបទ​បញ្ចេញ​ទំនិញ ​ពី​គយ​របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​។

សេចក្តី​ណែនាំ​ឱ្យដឹងថា អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​អាច​អនុញ្ញាត​ឱ្យ​យក​ទំនិញ​ពី​គយ​ មុនពេល​បញ្ចប់​ការបំពេញ​បែបបទ​បញ្ចេញ​ទំនិញ​ពី​គយ ឬ​ការ​ជំពាក់​បែបបទ​គយ​ ដោយ​អាច​តម្រូវឱ្យ​តម្កល់​និមុត្តិ​ធានា​ជា​សាច់ប្រាក់ ឬ​ទម្រង់​ផ្សេង​ស្របតាម​បទប្បញ្ញត្តិ​នៃ​ប្រកាស​និមុត្តិ​ធានា​។

ទំនិញ​ដែល​អាច​អនុញ្ញាត គឺ​ទំនិញ​នាំចូល​ក្រសួង ស្ថាប័នរដ្ឋ និង​ទំនិញ​នាំចូល​ក្នុង​ក្របខ័ណ្ឌ​ហិរញ្ញវត្ថុ និង​ទំនិញ​នាំចូល​របស់​គម្រោង​វិនិយោគ​សាធារណៈ ​ដែល​នឹង​ទទួលបាន​ការអនុម័ត​ពី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​ក្រសួង​សេដ្ឋកិច្ច​ក្នុង​ការដាក់​ពន្ធ និង​អា​ករ​ជា​បន្ទុក​របស់​រដ្ឋ​។

ប្រភេទ​ទំនិញ​នាំចូល​ជា​សម្ភារ​សាងសង់ បរិក្ខារ​សំណង់ សម្ភារ​បរិក្ខា​ផលិតកម្ម និង​ធាតុ​ចូល​ផលិតកម្ម​ របស់​គម្រោង​វិនិយោគឯកជន​នានា​។ ទំនិញ​នាំចូល​ជា​កម្មវត្ថុ​នៃ​ការបង់ពន្ធ​អាករ​ដែល​មាន​តម្រូវការ​បន្ទាន់ ឬ​ចាំបាច់ ប៉ុន្តែ​ពុំទាន់​មាន​ការឯកភាព​គ្នា​លើ​ទិដ្ឋភា​ព​បច្ចេកទេស​គយ ដូចជា តម្លៃ​គិត​ពន្ធគយ ចំណាត់ថ្នាក់​ទំនិញ ឬ​ដើមកំណើត​ទំនិញ ជាដើម​។

ទំនិញ​ដែល​ត្រូវ​រង់ចាំ​សេចក្តី​សម្រេច​លើ​ការតវ៉ា ឬ​ទំនិញ​ដែល​ត្រូវបាន​ឃាត់ទុក​បណ្តោះអាសន្ន និង​ទំនិញ​ផ្សេងៗ​ទៀត ​ដែល​ទទួលបាន​ការអនុញ្ញាត​ ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។

លើកលែងតែ​មាន​ការសម្រេច​ដោយឡែក ​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ការអនុញ្ញាត​ឱ្យ​យក​ទំនិញ​ពី​គយ ​មុនពេល​បញ្ចប់​ការបំពេញ​បែបបទ​បញ្ចេញ​ទំនិញ ​ពី​គយ មិនត្រូវ​អនុញ្ញាត ​ចំពោះ​ការនាំ​ចូល​ទំនិញ​មួយចំនួន រួមមាន ទំនិញ​ហាមឃាត់ និង​ជាប់​កម្រិត​កំណត់ ​ដែល​មិនទាន់​ទទួល​បាន​ការអនុញ្ញាត ​ឱ្យ​នាំចូល​ពី​ក្រសួង ស្ថាប័ន​មាន​សមត្ថកិច្ច​។

ប្រធាន​សមាគម​ពាណិជ្ជករ​ដឹកជញ្ជូន​ទំនិញ​ លោក ជា ចាន់ដារ៉ាបានមានប្រសា​សន៍ថា ការអនុវត្ត​នីតិវិធី​នេះ ​នឹង​ជួយ​សម្រួល​ពេលវេលា​ឱ្យបាន​ឆាប់ ​នៃ​ការទទួល​យក​ទំនិញ​ពី​គយ ពិសេស​ការកំណត់​រយៈពេល៩០​ថ្ងៃ ​សម្រាប់​ធ្វើការ​បំពេញបែបបទ​សង ដែលជា​ពេលវេលា​មួយ​សមល្មម​សម្រាប់​អ្នក​នាំចេញ​។

លោកបន្តថា “នេះ​ជា​វិធានការ​ល្អប្រសើរ ​ដើម្បី​បន្ធូរបន្ថយ​នីតិវិធី​ដល់​អ្នក​នាំចេញ ព្រោះ​ទំនិញ​មួយចំនួន​គេ​ត្រូវការ​ប្រញាប់​យកមកប្រើ​ប្រាស់”៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here