ធនាគារថៃ Krungsri រៀបចំព្រឹត្តិការណ៍ផ្គូរផ្គងអាជីវកម្ម៣០០ស្ថាប័នដើម្បីបង្កើតឱកាសចាប់ដៃគូសហការ

សុខុម

បាងកក: ធនាគារក្រុងអាយុទ្យា (Bank of Ayudhya Plc) ដែលជាទូទៅគេស្គាល់ថា ធនាគារ Krungsri បានសម្របសម្រួលការផ្គូរផ្គង់អាជីវកម្មចំនួន៣០០ស្ថាប័នមកពីទូទាំងតំបន់អាស៊ាន តាមរយៈព្រឹត្តិការណ៍ផ្គូរផ្គងអាជីវកម្មតាមប្រព័ន្ធអ៊ីនធឺណិតដែលខ្លួនរៀបចំឡើង។

យោងតាមកាសែត Bangkok Post ចុះផ្សាយនៅថ្ងៃទី៣ កក្កដា នេះឱ្យដឹងថា ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដើម្បីជួយឱ្យសហគ្រាសធន់តូច និងមធ្យម (SME) និងបណ្តាញសហគ្រិនមានឱកាសស្វែងយល់ពីគ្នា និងចាប់ដៃគូសហការ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Pornsanong Tuchinda ប្រធានផ្នែកធនាគារពាណិជ្ជរបស់ Krungsri បានគូសបញ្ជាក់ថា “ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងក្រោមប្រធានបទ Krungsri Business ក្នុងគោលបំណងពន្លឿនសេវាកម្មហិរញ្ញវត្ថុក្នុងគ្រប់វិស័យ ទន្ទឹមនឹងការចែករំលែកចំណេះដឹង ព័ត៌មាន និងការគាំទ្រដល់អតិថិជនរបស់យើង មិនថាអាជីវកម្ម SME ឬក្រុមហ៊ុនធំៗដើម្បីពង្រីកឱកាសអាជីវកម្មស្របទៅតាមផែនការអាជីវកម្មរយៈពេលមធ្យមរបស់ធានាគារ Krungsri”។

ផែនការនេះផ្ដោតលើការជួយគាំទ្រដល់ការពង្រីកអាជីវកម្មក្នុងស្រុក ព្រមទាំងអាជីវកម្មនៅក្នុងតំបន់អាស៊ាន តាមរយៈបណ្ដាញធនាគារជប៉ុន MUFG ទូទាំងពិភពលោក។

ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងចាប់ពីថ្ងៃទី០១-២៤ មិថុនា ហើយអ្នកលក់ចំនួន១៧០នាក់ និងអ្នកទិញចំនួន២០នាក់បានអញ្ជើញចូលរួម ដោយបង្កើតការផ្គូរផ្គងអាជីវកម្មបានចំនួន៣០០ស្ថាប័ន បើធៀបនឹង១០០ស្ថាប័នកាលពីឆ្នាំមុន។

លោកស្រី Mantinee Akarasern ប្រធានផ្នែកទីផ្សារនៃធនាគារ Krungsri បានថ្លែងថា អ្នកទិញភាគច្រើនមកពីក្រុមហ៊ុនធំៗក្នុងប្រទេសថៃ ប្រទេសកម្ពុជា ប្រទេសឡាវ និងប្រទេសវៀតណាម។ ក្រុមហ៊ុនបរទេសទាំងនេះកំពុងតែសម្លឹងរកឱកាសនាំចូលទំនិញ និងសេវាកម្មរបស់ថៃ។

លោកស្រីបន្ថែមទៀតថា ឧស្សាហកម្មកំពូលទាំង៣ដែលទទួលបានការចាប់អារម្មណ៍ខ្លាំងជាងគេគឺ ចំណីអាហារ & ភេសជ្ជៈ ផលិតផលបំប៉នសុខភាព & ថែរក្សាសម្រស់ និងផលិតផលប្រើប្រាស់ក្នុងផ្ទះ។ លោកស្រីបានគូសបញ្ជាក់ថា អាជីវកម្មថៃ ទាំងនេះពេញនិយមណាស់នៅក្នុងបណ្ដាប្រទេសជិតខាង៕

LEAVE A REPLY

Please enter your comment!
Please enter your name here