ក្រសួងទេសចរណ៍សើ្នដល់ភាគីឥណ្ឌាជួយអភិវឌ្ឍន៍តំបន់ទេសចរណ៍ដ៏មានសក្ដានុពលមួយនៅខេត្តព្រៃវែង

ដោយៈ សាវុធ

ព្រៃវែងៈ ក្រសួងទេសចរណ៍ បានស្នើភាគីឥណ្ឌាជួយជំរុញការអភិវឌ្ឍសហគមន៍ទួលព័ន្ធតាឡី (បឹងស្នេហ៍) ដែលមានសក្ដានុពលធម្មជាតិ និងសម្បូរសត្វស្លាបជាច្រើនប្រភេទ ជាពិសេសប្រភេទសត្វស្លាបកម្រ ដែលបានកំពុងបន្តពូជ ពង កូន រាប់ម៉ឺនក្បាលនៅតាមព្រៃលិចទឹក និងព្រៃល្បោះជាដើម។

ការស្នើនេះត្រូវបានធ្វើឡើង ក្នុងដំណើរទស្សនកិច្ចរបស់លោកស្រី Devyani Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា នៅសហគមន៍ទេសចរណ៍ទួលព័ន្ធតាឡី (បឹងស្នេហ៍) ដើម្បីស្វែងយល់អំពីសក្តានុពលទេសចរណ៍នៅទីនោះ និងពិនិត្យលទ្ធភាពក្នុងការជួយអភិវឌ្ឍសហគមន៍នេះកាលពីម្សិលមិញ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ដំណើរទស្សនកិច្ចនេះត្រូវបានរៀបចំឡើងបន្ទាប់ពីជំនួបសម្ដែងការគួរសមរវាងលោកស្រីអគ្គរដ្ឋទូត និងលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នាពេលកន្លងមក ដើម្បីជំរុញកិច្ចសហការរវាងស្ថាប័នទាំងពីរក្នុងការជំរុញការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា និងរវាងប្រទេសទាំងពីរ។

ក្នុងឱកាសនោះ លោកស្រីឯកអគ្គរដ្ឋទូតបានបង្ហាញការគាំទ្រចំពោះគម្រោងដែលមានឥទ្ធិពលលឿន (Quick Impact Project) ដែលបានស្នើឡើងដោយក្រសួងទេសចរណ៍ ក្នុងការរួមចំណែកអភិវឌ្ឍតំបន់សហគមន៍នេះ ពិសេសផ្តោតលើការកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ដូចជាការកសាងចំណតទូតសម្រាប់ដឹកភ្ញៀវទេសចរ មជ្ឈមណ្ឌលពត៌មានទេសចរណ៍សហគមន៍ និងការដំឡើងប៉ាណូបង្ហាញទីតាំងសហគមន៍ជាដើម។

សហគមន៍ទេសចរណ៍ទួលព័ន្ធតាឡី (បឹងស្នេហ៍) ស្ថិតនៅឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង។ សហគមន៍ទេសចរណ៍ទួលព័ន្ធតាឡី មានសក្ដានុពលធម្មជាតិ និងសម្បូរសត្វស្លាបជាច្រើនប្រភេទ ជាពិសេសប្រភេទសត្វស្លាបកម្រ ដែលបានកំពុងបន្តពូជ ពង កូន រាប់ម៉ឺនក្បាលនៅតាមព្រៃលិចទឹក និងព្រៃល្បោះជាដើម។ បច្ចុប្បន្ន ជារៀងរាល់ចុងសប្តាហ៍ និងថ្ងៃឈប់សម្រាក មានបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាច្រើនបានទៅកម្សាន្ត និងទស្សនាសត្វស្លាបនៅតំបន់នេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here