ដោយៈ សុខុម
ក្រុងតូក្យូៈ ទីផ្សារភាគហ៊ុនប្រទេសចិន បានដាំក្បាលចុះនៅថ្ងៃសុក្រ ទី២ ខែកក្កដា នេះ មួយថ្ងៃក្រោយពីបក្សកុម្មុយនីស្តចិន ប្រារព្ធខួប១០០ឆ្នាំរបស់ខ្លួន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA។
ការដាំក្បាលចុះនេះកើតមានឡើង ខណៈទីផ្សារផ្សេងៗទៀតក្នុងតំបន់ហក់ឡើង ក្រោយពីទីផ្សារភាគហ៊ុននៅសង្កាត់ហិរញ្ញវត្ថុដ៏ល្បីល្បាញ Wall Street ហក់ឡើងខ្ពស់មិនធ្លាប់មាននៅមុនសហរដ្ឋអាមេរិក បញ្ចេញទិន្នន័យការងារតាមក្រោយក្នុងថ្ងៃដដែលនេះ។
ទីផ្សារភាគហ៊ុន Nikkei របស់ជប៉ុន បានហក់ឡើង០,៣% ហើយទីផ្សារភាគច្រើនផ្សេងទៀតបានហក់ឡើងតិចតួច។ ទោះជាយ៉ាងណា MSCI ដែលជាសន្ទស្សន៍ផ្សារភាគហ៊ុនធំបំផុតនៅអាស៊ី-ប៉ាស៊ីហ្វិក ក្រៅពីប្រទេសជប៉ុន បានដាំក្បាលចុះ០,៧%ដោយសារទីផ្សារភាគហ៊ុនប្រទេសចិន និងក្រុងហុងកុង ដាំក្បាលចុះ។
ទីផ្សារភាគហ៊ុនក្រុងសៀងហៃ Shanghai Composite បានដាំក្បាលចុះ១,២%ស្របពេលមានការរំពឹងទុកថា ធនាគារកណ្តាលចិន អាចនឹងចាប់ផ្តើមរឹតបន្តឹងគោលនយោបាយរូបិយវត្ថុ និងការព្រួយបារម្ភដែលអាចកើតមានក្នុងចំណោមវិនិយោគិននៅក្រៅប្រទេស ជុំវិញការព្រមានរបស់ប្រធានាធិបតីចិន លោក ស៊ី ជិនភីង ទៅលើបណ្ដាប្រទេសមហាអំណាចតាមរយៈសុន្ទរកថារបស់លោកដើម្បីអបអរខួប១០០ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិន។
លោក Masahiko Loo អ្នកគ្រប់គ្រងក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្ម AllianceBernstein ក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន បានលើកឡើងថា “ពិបាកនឹងរំពឹងថាស្ថានភាពរូបិយវត្ថុនឹងមានភាពធូររលុងដូចមុនណាស់”។
លោកបានបន្ថែមថា “វិនិយោគិនបរទេសក៏ប្រហែលជាប្រយ័ត្នប្រយែងជាងមុនដែរ ក្រោយពីប្រធានាធិបតីចិន លោក ស៊ី ជិនភីង បញ្ចេញវោហារសាស្ត្របែបគំរាមកំហែង”។
លោក ស៊ី ភីនភីង បានលើកឡើងថា រាល់កងកម្លាំងបរទេសណាដែលប៉ុនប៉ងធ្វើបាបប្រទេសចិន “ក្បាលរបស់ពួកគេនឹងត្រូវបាញ់បំបែក”។
នៅសង្កាត់ហិរញ្ញវត្ថុ Wall Street ផ្សារភាគហ៊ុន S&P 500 បានហក់ឡើងខ្ពស់មិនធ្លាប់មានរយៈពេល៦ថ្ងៃជាប់គ្នាកាលពីថ្ងៃព្រហស្បតិ៍ នៅពេលត្រីមាសថ្មីចាប់ផ្ដើមជាមួយនឹងទិន្នន័យសេដ្ឋកិច្ចវិជ្ជមានគួរឱ្យសាទរ៕