រយៈពេលត្រឹម៤ឆ្នាំខេត្តព្រះសីហនុទាក់ទាញលំហូរទុនវិនិយោគជាង ៨០០០លានដុល្លារ

ដោយៈ ប៊ី

ព្រះសីហនុៈ ខេត្តព្រះសីហនុ រយៈពេល២០ឆ្នាំចុងក្រោយនេះ បានប្រែក្លាយពីទៅជាតំបន់ដ៏ទាក់ទាញ សម្រាប់វិនិយោគិនជាតិនិងអន្តរជាតិ ព្រមទាំងភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិជាច្រើន ខណៈការអភិវឌ្ឍវិស័យអចលនទ្រព្យ មានការអភិវឌ្ឍយ៉ាងលឿនស្ទើមិនគួរឱ្យជឿ។

តួលេខចុងក្រោយពីរដ្ឋបាលខេត្តព្រះសីហនុបានឱ្យដឹងថា រយៈពេល៤ឆ្នាំចុងក្រោ​យនេះ គិតចាប់ពីឆ្នាំ២០១៧ ដល់ខែធ្នូ ឆ្នាំ២០២០ ខេត្តព្រះសីហនុមាន សំណង់សរុបបានអនុញ្ញាតឲ្យសាងសង់មានចំនួន១,៥១៤អគារ មានក្រឡាផ្ទៃសរុប១៤,៧៣៦,៥៥៩ម៉ែត្រការ៉េ និងទុនវិនិយោគសរុប៨,០៤៩,៦៩២,៨៣១ដុល្លារអាមេរិក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ លោកឃាង ភារម្យ បានថ្លែងប្រាប់កាលពីស ប្តាហ៍មុនថា ទោះបីជាស្ថានភាពកូវីដ១៩ នៅតែបង្កជាបញ្ហាដល់ខេត្តសម្រាប់ដោះស្រាយក្ដី តែយើងក៏មិនភ្លេចពីការអភិវឌ្ឍខេត្ត ដើម្បីស្វាគមន៍ដល់វិនិយោគិនជាតិ និងអន្តរជាតិមកបណ្ដាក់ទុនរកស៊ី នៅពេលចប់វិបត្តិកូវីដ១៩នោះទេ។

លោកបានថ្លែងបន្តថា ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនៅក្នុងខេត្ត គឺជាកត្តាទាក់ទាញមួយដល់វិនិយោគិនជាតិ និងអន្តរជាតិ សម្រាប់មកបណ្ដាក់ទុននៅពេលខាងមុខឆាប់នេះ ខណៈហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ពីរាជធានីក៏កំពុងតែស្ថាបនាយ៉ាងមមាញឹក ដើម្បីសម្រួលដល់បណ្ដាអ្នកវិនិយោគ ដែលមានបំណងមកកាន់ខេត្តព្រះសីហនុ។

លោកបានបន្តថា “ក្នុងខេត្តព្រះសីហនុ យើងមានផ្លូវជាច្រើនខ្សែខ្វាត់ខ្វែង ដែលជាការទាក់ទាញទេសចរជាតិនិងអន្តរជាតិ ចូលមកកាន់ខេត្តព្រះសីហនុ ខណៈនៅខេត្តនេះក៏មានព្រលានយន្តហោះអន្តរជាតិ អាចតភ្ជាប់ជើងហោះហើរពីក្រុងព្រះសីហនុ ទៅកាន់គោលដៅប្រទេសជាច្រើនទៀតលើពិភពលោក”។ លោកបន្តថា “ទាំងនេះ សុទ្ធសឹងតែអ្វីដែលយើងបានត្រៀម ចំពោះការទទួលស្វាគមន៍វិនិយោគិនចូលមកបណ្ដាក់ទុន”។

លោកបន្ថែមថា អ្វីដែលសំខាន់នោះ ខេត្តព្រះសីហនុ ក៏បាននិងកំពុងជំរុញការចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ ជូនប្រជាពលរដ្ឋឱ្យបានកាន់តែច្រើន និងអាចឱ្យអាជីវកម្មនិងសកម្មភាពសេដ្ឋកិច្ចនៅក្នុងខេត្តនេះ វិលទៅរកប្រក្រតីភាពឡើងវិញ នៅពេលខាងមុខឆាប់នេះ។

លោកបានបន្តថា ទោះបីជាយើងបានចាក់វ៉ាក់សាំង ជូនពលរដ្ឋនៅក្នុងខេត្តព្រះសីហនុរួចហើយក្ដី ក៏យើងត្រូវតែអនុវត្តន៍តាមវិធានការរបស់ក្រសួងសុខាភិបាល ក៏ដូចជាប្រមុខរាជរដ្ឋាភិបាលគឺ៣កុំ ៣ការពារ ដើម្បីទប់ស្កាត់ការឆ្លងរីករាលនៃជំងឺនេះនៅក្នុងខេត្តក៏ដូចជាក្នុងប្រទេសកម្ពុជា។

ការអភិវឌ្ឍរបស់ក្រុងព្រះសីហនុ សម្រាប់២ទសវត្សចុងក្រោយនេះ ទទួលបានការហូរចូលនៃវិនិយោគិន ពិសេសវិនិយោគជនជាតិចិន ដែលបានជួយជំរុញទីក្រុងជាប់មាត់សមុទ្រមួយនេះជាតំបន់វិនិយោគមួយដ៏កាន់ទាក់ទាញ។
ខេត្តនេះ ត្រូវបានបានចាត់ទុកប៉ូលសេដ្ឋកិច្ចកម្ពុជាមួយ ក្នុងចំណោម៣ ដែលរួមមានភ្នំពេញ និងសៀមរាប។

រដ្ឋាភិបាលវិនិយោគប្រមាណ៣០០លានដុល្លារ នៃកញ្ចប់ថវិកាជាតិ ដើម្បីស្ថាបនាផ្លូវចំនួន៣៤ខ្សែ និងហេដ្ឋារចនាសម្ព័ន្ធដ៏ប្រណីតក្នុងក្រុងព្រះសីហនុ រួមទាំងការស្ថាបនាឆ្នេរឲ្យស្រស់ស្អាត បានប្រែក្លាយទៅជាក់ការទាក់ទាញភ្ញៀវទេសចរកាន់តែខ្លាំងមកខេត្តភាគនិរតីមួយនេះ។

លោកគួច ចំរើន អភិបាលខេត្តព្រះសីហនុ ធ្លាប់បានលើកឡើងថា ខេត្តព្រះសីហនុ ទទួលបានគម្រោងវិនិយោគ លើវិស័យសេវាកម្មទេសចរណ៍ និងសណ្ឋាគារចំនួន៦០ ដោយមានទុនវិនិយោគសរុបជាង១០,៧៤ ពាន់លានដុល្លារ គិតមកដល់ពេលនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here