រយៈពេល១ឆមាសដំបូងកម្ពុជានាំចេញកសិផលបានទឹកប្រាក់ជាង ២,៥៧ពាន់លានដុល្លារ

ដោយៈលក្ខិណា

ភ្នំពេញៈ ក្នុងរយៈពេល៦ខែដំបូង ឬ ឆមាសទី១ឆ្នាំ២០២១នេះ កម្ពុជាបានសម្រេចបានការនាំចេញកសិផល ទៅកាន់ទីផ្សារក្រៅប្រទេស មានទំហំទឹកប្រាក់ជាង២,៥៧ពាន់លានដុល្លារអាមេរិក កើនឡើង៨៤,៦៤ភាគរយ ធៀបនឹងឆមាសទី១ឆ្នាំ២០២១ ទោះ​បីជាឆ្នាំ២០២១នេះ ស្ថានភាពកូវីដ១៩នៅកម្ពុជាមានភាពធ្ងន់ធ្ងរជាងឆ្នាំមុនក្ដី។

យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទចេញផ្សាយនៅល្ងាចថ្ងៃទី៣០ មិថុនា ២០២១បានឱ្យដឹងថា តម្លៃនៃការនាំចេញកសិផល តាមការប៉ាន់ស្មានតម្លៃ ដែលទទួលបានពីការនាំចេញកសិផល មានចំនួន ២.៥៧១.១៦៩.៦៣៩ ដុល្លាអាមេរិក ក្នុងនោះការនាំចេញអង្ករមានចំនួន២៣៧.៥៤១.១៥០ ដុល្លាអាមេរិក ការនាំចេញស្រូវមានចំនួន២៧៩.៣១៤.១៤៥ ដុល្លាអាមេរិក ការនាំចេញកសិផលក្រៅពីស្រូវ-អង្ករមានចំនួន ២.០៥៤.៣១៤.៣៤៤ ដុល្លាអាមេរិក។

របាយការណ៍ដដែលបង្ហាញថា ការនាំចេញកសិផលសរុប ក្នុងរយៈពេល៦ខែឆ្នាំ២០២១ មានកំណើនចំនួន៨៤,៦៤% ក្នុងនោះកសិផលក្រៅពីអង្ករមានការកើនឡើងចំនួន ១០៧,១៦%។ រីឯការនាំចេញអង្ករមានការថយចុះចំនួន -២៩,៤៧% ដោយសារកង្វះទូរកុងតេន័រ តម្លៃដឹកជញ្ជូនកើនឡើង និងតម្លៃអង្ករនៅទីផ្សារអន្តរជាតិ មានការធ្លាក់ចុះពិសេសសហគមន៍អឺរ៉ុប។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការនាំចេញកសិផលទៅក្រៅប្រទេស ដែលទទួលបានពីអគ្គនាយកដ្ឋានកសិកម្ម ដោយផ្អែក លើប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ (National Phytosanitary Database) មានបរិមាណសរុប ៤.៤៥៤.៥០៥ តោន ទៅកាន់ទិសដៅ ៦២ប្រទេស គឺមានការកើនឡើងចំនួនជាង២០៤លានតោន ក្នុងរយៈពេល៦ខែដើមឆ្នាំ២០២១នេះ ។

យោងតាមលោកវង្សី វិស្សុតរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកាលពីពេលថ្មីៗឱ្យដឹងថា ទោះបីជាមានការរារាំងដោយកូវីដ១៩ តែទីផ្សារនាំចេញរបស់កម្ពុជានៅតែមានកំណើន ដែលអាចទប់ទល់នឹងការធ្លាក់ចុះនៃសេដ្ឋកិច្ចបាន ក្នុងនោះកម្ពុជាបានធ្វើពិពិធកម្មទីផ្សារនិងសេដ្ឋកិច្ច ដោយមួយផ្នែកបាននាំចេញទៅកាន់ប្រទេសចិន ជាពិសេសផលិតផលកសិកម្មខាងចិន បានទទួលទិញពីកម្ពុជាច្រើនណាស់ ក្នុងបរិការណ៍កូវីដ១៩នេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here