ដោយៈសុខុម
ក្រុងបាងកកៈ ពេលនេះវិស័យរថយន្តរបស់ប្រទេសថៃ កំពុងតែដើរតួនាទីយ៉ាងសំខាន់នៅក្នុងការស្ដារសេដ្ឋកិច្ច ខណៈវិស័យទេសចរណ៍កំពុងជាប់គាំងនៅឡើយ។
យោងតាមសារព័ត៌មាន CNA ចុះផ្សាយនៅថ្ងៃទី៣០ មិថុនា នេះឱ្យដឹងថា ការនាំចេញរថយន្តរបស់ប្រទេសនេះ បានកើនឡើងខ្ពស់ មិនធ្លាប់មាននៅឆ្នាំ២០២១នេះ នៅពេលដែលសេដ្ឋកិច្ចពិភពលោកបើកដំណើរការឡើងវិញ។
ប្រទេសថៃ គឺជាគោលដៅទេសចរណ៍ពេញនិយមបំផុតទី២ នៅតំបន់អាស៊ី ប៉ុន្តែតំបន់ទេសចរណ៍ឆ្នេរខ្សាច់ ផ្សារតាមដងផ្លូវ និងវត្តអារាមទេសចរណ៍ល្បីល្បាញនានា ក្នុងប្រទេសនេះ លែងបានបាត់បង់ប្រាក់ចំណូល កាលពីឆ្នាំ២០២០ ដោយសារវិធានការរឹតបន្តឹង ដើម្បីទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ-១៩ ដែលបានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ការធ្វើដំណើរជាសកល។
ខណៈធនាគារកណ្តាលរបស់ប្រទេសថៃ បន្ទាបការព្យាកររបស់ខ្លួនសម្រាប់កំនើនសេដ្ឋកិច្ចនៅឆ្នាំនេះ ដោយសារតែផលប៉ះពាល់មកលើតម្រូវការប្រើប្រាស់ និងទេសចរណ៍ ធនាគារនេះកាលពីសប្តាហ៍មុន បានបង្កើនការព្យាករកំណើននាំចេញឆ្នាំ២០២១ របស់ខ្លួនពី១០% ដែលបានព្យាករក្នុងខែមីនា មកដល់១៧,១% ដែលជាកម្រិតខ្ពស់មិនធ្លាប់មានសម្រាប់រយៈពេល១១ឆ្នាំ។
ទិន្នន័យគយបានបង្ហាញថា ភាគច្រើននៃកំណើននោះ បានពីការនាំចេញរថយន្ត គ្រឿងបន្លាស់ និងគ្រឿងបន្ទាប់បន្សំ (accessory) ដែលបានកើនឡើង១៧០%កាលពីខែឧសភា ដែលជាកំណើនលឿនបំផុតក្នុងរយៈពេលជាង៨ឆ្នាំ។
លោក Jurin Laksanawisit រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មថៃ បានថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មានថា “ការនាំចេញឥឡូវនេះ គឺជាក្បាលម៉ាស៊ីនដ៏សំខាន់ ដែលជួយជំរុញកំណើនសេដ្ឋកិច្ច។ យើងត្រូវតែហ៊ានទទួលស្គាល់ថា វិស័យទេសចរណ៍របស់យើងពេលនេះនៅតែមិនទាន់អាចដំណើរការទៅមុខបាន”។
ប្រទេសថៃ គឺជាមជ្ឈមណ្ឌលដំឡើង និងនាំចេញរថយន្តធំបំផុតទី៤ នៅតំបន់អាស៊ី សម្រាប់ក្រុមហ៊ុនផលិតរថយន្តធំៗជាងគេ ក្នុងពិភពលោកដូចជាក្រុមហ៊ុនToyota និងក្រុមហ៊ុន Hondaជាដើម។ ឧស្សាហកម្មនេះ មានចំណែកប្រហែល១០ភាគរយ នៃផលិតផលក្នុងស្រុកសរុប (GDP) និងការងារផលិតកម្មរបស់ប្រទេសថៃ។
វិស័យនេះ អាចគេចចេញផុតពីផលប៉ះពាល់ ដែលបង្កឡើងដោយវិបត្តិកូវីដ-១៩ បានឆាប់ហ័សជាងឆ្ងាយ បើធៀបទៅនឹងឧស្សាហកម្មទេសចរណ៍។
លោក Yeap Swee Chuan ប្រធានក្រុមហ៊ុនផលិតគ្រឿងបន្លាស់រថយន្ត AAPICO Hitech ដែលមានកម្មករចំនួន៤.៥០០នាក់ បានប្រាប់ទីភ្នាក់ងារព័ត៌មានReuters ថា ក្រុមហ៊ុនរបស់លោក កំពុងដំណើរការផលិតកម្មពេញលេញ២៤ម៉ោង លើ២៤ម៉ោងក្នុងមួយថ្ងៃ ដែលខុសគ្នាស្រឡះទៅនឹងឆ្នាំមុន។
លោកបានគូសបញ្ជាក់ថា “រហូតមកទល់ពេលនេះ យើងមិនទាន់ឃើញផលប៉ះពាល់ខ្លាំងនៅឡើយទេក្នុងប្រទេសថៃ ដោយសារទីផ្សារនាំចេញនៅតែរឹងមាំ ហើយទីផ្សារក្នុងស្រុក តម្រូវការក៏នៅតែមានស្ថានភាពល្អប្រសើរនៅពេលនេះ”៕