ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានានៅច្រកទ្វារព្រំដែនស្ទឹងបត់-បានណងអៀនសម្រេចបានជាង២១ភាគរយ

ដោយៈ ម៉ាណេត
បន្ទាយមានជ័យៈ គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា រួមទាំងអគាររដ្ឋបាលនៅច្រកទ្វារព្រំដែនស្ទឹងបត់-បានណងអៀន សម្រេចបាន២១,០៥% ហើយគិតត្រឹមចុងខែមិថុនា ឆ្នាំ២០២១នេះ។ នេះបើយោងតាមក្រសួងសាធារណការ និងដឹកជញ្ជូននៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១។

លោកទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុលរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំ គណៈប្រតិភូក្រសួងចុះពិនិត្យវឌ្ឍនភាព និងបច្ចេកទេសនៃការសាងសង់អគាររដ្ឋបាល និងហេដ្ឋារចនាសម្ព័ន្ធនានានៅច្រកទ្វារព្រំដែនស្ទឹងបត់ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង តំណាង ស្ថានទូតជប៉ុន តំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) មន្ត្រីជំនាញ តំណាងក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនត្រួតពិនិត្យបច្ចេកទេសផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

បេសកកម្មនេះ ធ្វើឡើងក្នុងគោលបំណងពិនិត្យមើលវឌ្ឍនភាព បច្ចេកទេសនៃការសាងសង់ និងជំរុញលើកទឹកចិត្តឱ្យក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនប្រឹក្សាបច្ចេកទេសសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា រួមទាំងអគាររដ្ឋបាលនៅច្រកទ្វារព្រំដែនស្ទឹងបត់-បានណងអៀន ឱ្យមានគុណភាពខ្ពស់ ស្របតាមបទដ្ឋាន បច្ចេកទេសដូចមានចែងក្នុងកិច្ចសន្យា ឬសៀវភៅបន្ទុក ក៏ដូចជាដើម្បីពន្លឿនការងារសាងសង់ឱ្យបានរួច រាល់តាមកិច្ចសន្យាដែលបានកំណត់។

ហេដ្ឋារចនាសម្ព័ន្ធទាំងនោះរួមមាន៖ អគារច្រកត្រួតពិនិត្យព្រំដែន សំណង់អគារអន្តេវាសិកដ្ឋាន ចំណតសម្រាប់ផ្ទេរទំនិញឆ្លងកាត់ ”ឃ្លាំង និងទីលានកុងទីន័រ” និងអគាររដ្ឋបាលជាដើម សាងសង់ដោយក្រុមហ៊ុន CM Grand Development Co.,Ltd & Tan Kim Eng Co.,Ltd និងត្រួតពិនិត្យលក្ខណៈបច្ចេកទេសដោយក្រុមហ៊ុន Team Consulting Engineering and Management PLC ចំណាយថវិកាជាង៨៣៥លានបាត ក្រោមគម្រោងឥណទានទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសជិតខាង(NEDA) ចំណាយពេល២៤ខែ គិតរហូតមកដល់ចុងខែមិថុនា ឆ្នាំ២០២១ នេះ គម្រោងនេះសម្រេចបានប្រមាណ២១,០៥%ហើយ។

ការបើកច្រកព្រំដែនត្រង់ចំណុចស្ទឹងបត់-បានណងអៀននេះ នឹងបើកឱកាសយ៉ាង ទូលំទូលាយដល់កិច្ចសហប្រតិបត្តិការអន្តរជាតិ ការវិនិយោគ ការធ្វើពាណិជ្ជកម្មឆ្លងកាត់ដែន ការបង្កើតការងារធ្វើ និងការទាក់ទាញភ្ញៀវទេសចរណ៍ សំដៅលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិនៃប្រជាជាតិទាំងពីរផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here