ធានាគារ ADB: តម្រូវការហេដ្ឋារចនាសម្ព័ន្ធនៅតំបន់អាស៊ី នឹងត្រូវការចំណាយច្រើនទ្រីលានដុល្លារអាមេរិក

ដោយៈសុខុម

សិង្ហបុរី: គម្រោងផ្លូវថ្នល់ ប្រព័ន្ធទឹកស្អាត ប្រព័ន្ធលូទឹកសម្អុយ កំពង់ផែ និងផ្លូវដែកសុទ្ធតែជាហេដ្ឋារចនាសម្ព័ន្ធធំៗ និងសំខាន់ៗដែលគ្រប់ប្រទេសទាំងអស់ នៅតំបន់អាស៊ី នឹងចាំបាច់ត្រូវតែវិនិយោគ ដើម្បីរក្សាសន្ទុះកំណើន ដោះស្រាយបញ្ហាភាពក្រីក្រ និងឆ្លើយតបទៅនឹងបម្រែបម្រួលអាកាសធាតុ។

យោងតាមសារព័ត៌មាន CNA ចុះផ្សាយនៅថ្ងៃទី២៩ មិថុនា នេះឱ្យដឹងថា ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានលើកឡើងថា តាមការរំពឹងទុក តម្រូវការហេដ្ឋារចនាសម្ព័ន្ធនៅតំបន់អាស៊ី នឹងត្រូវការចំណាយរហូត ដល់ទៅប្រមាណ២៦ទ្រីលានដុល្លារអាមេរិក។ឯណោះនៅចន្លោះពីឆ្នាំ២០១៦ ដល់ឆ្នាំ២០៣០។ នោះមានន័យថា ក្នុងមួយឆ្នាំៗត្រូវចំណាយអស់ជាង១,៧ទ្រីលានដុល្លារអាមេរិក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការឆ្លងរាលដាលវីរុសកូវីដ-១៩ បានធ្វើឱ្យខ្ទង់ចំណាយនោះកាន់តែប៉ោងធំឡើងដោយសារវិស័យនានា ដូចជា វិស័យសុខាភិបាល និងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មានជាដើម ត្រូវការមូលនិធិបន្ថែមទៀតជាចាំបាច់ ដើម្បីដោះស្រាយបញ្ហាប្រឈមមុខ។

ក្នុងពេលជាមួយគ្នានេះ ថវិការបស់រដ្ឋាភិបាលនានា កំពុងត្រូវបានបាត់បង់ នៅពេលរដ្ឋាភិបាល ទាំងនោះជះលុយយ៉ាងច្រើនសន្ធឹកសន្ធាប់ ដើម្បីស្ដារសេដ្ឋកិច្ចដែលដាំក្បាលចុះដោយសារវិបត្តិកូវីដ-១៩។

ក្រុមអ្នកមើលឧស្សាហកម្មបាននិយាយថា កត្តានេះបានបង្កការលំបាកយ៉ាងខ្លាំង ដោយវិស័យសាធារណៈតែឯង មិនអាចបំពេញតម្រូវការដ៏ធំសម្បើមនេះបានឡើយ។ ដូចនេះថវិកា សម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធនានា នឹងត្រូវការជំនួយដែលមិនអាចខ្វះបានពីវិស័យឯកជន។

ទោះជាយ៉ាងណា ធនាគារមិនមែនជាប្រភពហិរញ្ញវត្ថុដ៏សំខាន់ សម្រាប់បំពេញតម្រូវការទាំងនេះឡើយ។ ក្រុមអ្នកជំនាញបានលើកឡើងថា ការពឹងផ្អែកលើធនាគារសម្រាប់ហិរញ្ញប្បទានមិនមែនជារឿងល្អឡើយ ព្រោះធ្លាប់មានបទពិសោធន៍មិនល្អរួចមកហើយអំឡុងវិបត្តិហិរញ្ញវត្ថុនៅអាស៊ី ក្នុងឆ្នាំ១៩៩៧។

ជុំវិញបញ្ហានេះលោកClifford Lee ប្រធានផ្នែកប្រាក់ចំណូលថេរទូទាំងពិភពលោកនៃធនាគារសិង្ហបុរីDBS បានគូសបញ្ជាក់ថា វិធីដ៏ល្អបំផុតគឺត្រូវទាក់ទាញឱ្យមានចូលរួមពីបណ្ដាវិយោគិន ឱ្យបានច្រើននៅក្នុងគម្រោងទាំងនោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here