រដ្ឋាភិបាលកំណត់ខេត្តមណ្ឌលគិរីជាប៉ូលសេដ្ឋកិច្ចទី៤  និងជាខេត្តគោលដៅអេកូទេសចរណ៍លំដាប់អន្តរជាតិ

ដោយៈតារា

មណ្ឌលគិរីៈ រាជរដ្ឋាភិបាលកំណត់ខេត្តមណ្ឌលគិរី ជាប៉ូលសេដ្ឋកិច្ចទី៤ និងជាខេត្ត​គោលដៅអេកូទេសចរណ៍លំដាប់អន្តរជាតិ ដោយជម្រុញភ្ញៀវទេសចរអន្តរជាតិ ទៅកាន់ខេត្តនោះឲ្យកើនឡើង៩០ម៉ឺននាក់ និងភ្ញៀវទេសចរក្នុងស្រុក២លាននាក់។

រដ្ឋាភិបាលក៏គ្រោងបង្កើតការងារក្នុងរង្វង់៨ម៉ឺនកន្លែង និងបង្កើតចំណូលដោយផ្ទាល់ប្រមាណ៥០០លានដុល្លារ និងដោយប្រយោលក្នុងរង្វង់១.០០០លានដុល្លារ នៅត្រឹមឆ្នាំ២០៣៥។

លោកបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាង “ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តមណ្ឌលគិរី (២០២១-២០៣៥)” នៅថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០២១ ក្នុងនោះគណៈកម្មាធិការ បានកំណត់ក្នុងផែនការមេ មានលក្ខណៈជាផែនការសមាហរណកម្ម ជាមួយអន្តរវិស័យគាំទ្រសំខាន់ៗមួយចំនួន ដើម្បីជាត្រីវិស័យដ៏សំខាន់ចង្អុលបង្ហាញយន្តការ និងទិសដៅយុទ្ធសាស្រ្តសំខាន់ៗ ដើម្បីឆ្លើយតបនឹងចក្ខុវិស័យនៃការអភិវឌ្ឍជាតិក្នុងរយៈពេល(២០២១-២០៣៥) និងបណ្តាឆ្នាំខាងមុខ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា ដោយផ្អែកលើស្ថានភាពបច្ចុប្បន្ន និងការប្តេជ្ញាចិត្តច្បាស់លាស់របស់រាជរដ្ឋាភិបាល ក្នុងនោះមានទិសដៅ សំខាន់៣គឺ៖ ទី១- ខេត្តមណ្ឌលគិរីជាគោលដៅទេសចរណ៍ប្រកបដោយគុណភាព ប្រកបដោយឧត្តមានុវត្តន៍។ ទី២- ខេត្តមណ្ឌលគិរី ជាមជ្ឈមណ្ឌលសេដ្ឋកិច្ចប្រកបដោយភាពឆ្លាតវៃ និងច្នៃប្រឌិត និងជាមជ្ឈមណ្ឌលសម្រាប់តំបន់ភាគឦសាន និងទី៣- ខេត្តមណ្ឌលគិរី ជាខេត្តដែលមានការគិតគូរច្បាស់លាស់នូវទស្សនទាន “ការអភិរក្សដើម្បីការអភិវឌ្ឍ ហើយការអភិវឌ្ឍទ្រទ្រង់ដល់ការអភិរក្ស” ។

ចំពោះផែនការមេសម្រាប់ការអភិវឌ្ឍ វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី (២០២១​-២០៣៥)” កំណត់ចក្ខុវិស័យសំខាន់ៗរួមមាន ទី១ ខេត្តមណ្ឌលគិរី ត្រូវកំណត់ជាគោលដៅអេកូទេសចរណ៍លំដាប់អន្តរជាតិ និងជាខេត្តដ៏សំខាន់ក្នុងការផ្គត់ផ្គង់ផ្កា បន្លែ និងផ្លែឈើ សម្រាប់បំពេញតម្រូវការក្នុងប្រទេស និងឈានដល់ការនាំចេញទៅទីផ្សារក្រៅប្រទេស ។

ឆ្នាំ២០៣៥ ចំនួនភ្ញៀវទេសចរអន្តរជាតិ ទៅកាន់ខេត្តមណ្ឌលគិរី នឹងកើនឡើងដល់ប្រមាណ៩០ម៉ឺននាក់ ខណៈដែលចំនួនភ្ញៀវទេសចរក្នុងស្រុក នឹងកើនឡើងដល់ប្រមាណ ២ លាននាក់ បង្កើតការងារក្នុងរង្វង់៨ម៉ឺនកន្លែង និងបង្កើតចំណូលដោយផ្ទាល់ប្រមាណ៥០០លានដុល្លារ និងដោយប្រយោល១.០០០លានដុល្លារ ជាមួយមេគុណប្រសិទ្ធភាពចំនួន២ដង ចាក់បញ្ចូលក្នុងសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចខេត្តមណ្ឌលគិរី។

តាមផែនការនេះ ខេត្តមណ្ឌលគិរី នឹងរួមចំណែកធ្វើឲ្យភូមិភាគឦសាន ដែលមានខេត្តមណ្ឌលគិរីជាស្នូល ជាប៉ូលសេដ្ឋកិច្ចទី៤ បន្ទាប់ពីតំបន់រាជធានីភ្នំពេញ តំបន់ឆ្នេរ និងតំបន់សៀមរាប និងធ្វើសមាហរណកម្មខេត្តមណ្ឌលគិរី ជាមួយតំបន់ផ្សេងៗក្នុងប្រទេស និងក្នុងតំបន់។

ចំណុចចុងក្រោយ រក្សាតុល្យភាពឲ្យបានម៉ឺងម៉ាត់ រវាងការអភិវឌ្ឍសេដ្ឋកិច្ច ទេសច​រណ៍ និងអន្តរវិស័យគាំទ្រ ជាមួយការអភិរក្សធនធានធម្មជាតិ បេតិកភណ្ឌវប្បធម៌ ជនជាតិដើមភាគតិច ធានាបានផ្លែផ្កានៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមជាអតិបរមា ឈរលើគោលការណ៍នៃការបែងចែកផលប្រយោជន៍ ប្រកបដោយសមធម៌ទៅដល់ភាគីពាក់ព័ន្ធ។

LEAVE A REPLY

Please enter your comment!
Please enter your name here