ដោយៈសុខុម
ប្រទេសចិន: យោងតាមការចុះផ្សាយរបស់សារព័ត៌ CNA ឱ្យដឹងថា ក្រុមហ៊ុន Great Wall Motors ដែលជាក្រុមហ៊ុនផលិតរថយន្តភីកអាប់ (Pick-up) កំពូលរបស់មហាយក្សចិន បានកំណត់គោលដៅលក់រថយន្តឱ្យបាន៤លានគ្រឿងក្នុងមួយឆ្នាំ នៅត្រឹមឆ្នាំ២០២៥។
លោក Wei Jianjun ដែលជាប្រធានក្រុមហ៊ុននេះ បានបញ្ជាក់កាលពីថ្ងៃច័ន្ទ ទី២៨ មិថុនា ក្រុមហ៊ុន Great Wall ដែលលក់រថយន្តបានចំនួន១,១លានគ្រឿង កាលពីឆ្នាំមុន បានកំណត់គោលដៅថ្មីលក់ឱ្យបាន៤លានគ្រឿង ក្នុងមួយឆ្នាំនៅត្រឹមឆ្នាំ២០២៥ រួមមានទាំងរថយន្តអគ្គិសនី រថយន្ត Hybrid និងរថយន្តឥន្ធនៈអ៊ីដ្រូសែនផងដែរ។
បច្ចុប្បន្ន ក្រុមហ៊ុន Great Wall ដែលមានមូលដ្ឋាននៅក្រុងប៉ាវទីង (Baoding) ខេត្តហឺប៉ី (Hebei) កំពុងសាងសង់រោងចក្រមួយនៅក្នុងប្រទេសចិន ជាមួយក្រុមហ៊ុន BMW ដើម្បីផលិតរថយន្តអគ្គិសនី។
លោក Wei Jianjun បានថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី យុទ្ធសាស្រ្តរបស់ក្រុមហ៊ុននៅឯទីស្នាក់ការកណ្ដាលរបស់ខ្លួនថា តាមការរំពឹងទុក ប្រាក់ចំណូលរបស់ក្រុមហ៊ុន Great Wall អាចនឹងកើនឡើងដល់៦០០ពាន់លានយ័ន (៩២,៨៦ពាន់លានដុល្លារអាមេរិក) នៅត្រឹមឆ្នាំ២០២៥។
ក្រុមហ៊ុនចិន មួយនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៨៤ និងដាក់ឈ្មោះតាមមហាកំផែងចិន Great Wall of China។
ក្រុមហ៊ុននេះ ជាក្រុមហ៊ុនផលិតរថយន្តប្រភេទ SUV និងរថយន្តប្រភេទ Pick-up ធំបំផុតរបស់ប្រទេសចិន។ ក្រុមហ៊ុននេះលក់រថយន្តទាបៗប្រភេទSedan និងប្រភេទ Pick-up ក្រោមម៉ាកយីហោ “Great Wall” និងរថយន្តខ្ពស់ៗប្រភេទ SUV ក្រោមម៉ាកយីហោ “Haval” និង “WEY”៕