ដោយៈវឌ្ឈនៈ
ភ្នំពេញៈ នៅក្នុងបរិការណ៍នៃជំងឺកូវីដ១៩ រាលដាលនៅពេញពិភពលោករួមទាំងកម្ពុជាផងដែរនោះ ការនាំចេញរបស់កម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន ទទួលបានកំនើនច្រើនជាងឆ្នាំមុនៗ។
ជាពិសេស ផលិតផលកសិកម្ម ឃើញថាឆ្នាំ២០២០ និង២០២១នេះចិនបានអនុញ្ញាតឱ្យកម្ពុជា នាំចូលផលិតកសិកម្មចូលទីផ្សារខ្លួនជាបន្តបន្ទាប់ ដែលធ្វើឱ្យចិនបានក្លាយជាប្រភពដ៏សំខាន់មួយ ក្នុងការរុញច្រានកំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២១នេះ។
លោកវង្សី វិស្សុតរដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានមានប្រសាសន៍ថា បច្ចុប្បន្ននេះប្រទេសចិន បានក្លាយជាប្រភពដ៏សំខាន់ក្នុងការរុញច្រាន កំណើនសេដ្ឋកិច្ចរបស់កម្ពុជា ក្នុងបរិបទកូវីដ១៩ ។ យើងឃើញមើលឃើញការនាំចេញ ទៅកាន់ប្រទេសចិនមានកំណើនខ្ពស់ ក្នុងនោះមានទាំងផលិតផលកសិកម្ម និងកម្មន្តសាលមួយចំនួន ក៏បាននាំចេញទៅកាន់ប្រទេសចិនជាបណ្ដើរៗផងដែរ ។
លោកបន្តថា “តាមរយៈការនាំចេញទៅកាន់ប្រទេសចិន កាន់តែកើនឡើងដូច្នេះ សបញ្ជាក់ថា កម្ពុជាចាប់ផ្ដើមធ្វើពិពិធកម្មសេដ្ឋកិច្ច និងទីផ្សាររបស់ខ្លួនបណ្ដើរៗរួចហើយផងដែរ”។
លោកវង្សី វិស្សុតបានបន្តថា មួយវិញទៀតចិន គឺជាប្រភពវិនិយោគដ៏សំខាន់មួយនៅក្នុងប្រទេសកម្ពុជា ជាក់ស្ដែងនៅក្នុងវិបត្តិនៃជំងឺកូវីដ១៩ក្ដី ក៏វិនិយោគិនជាហូរហែបានចូលមកកម្ពុជា ហើយក្នុងចំណោមវិនិយោគិនទាំងនោះ ភាគច្រើនជាវិនិយោគិនចិន ។ ក្រៅពីវិនិយោគិនចិន ដែលមកពីប្រទេសចិនផ្ទាល់ ក៏មានវិនិយោគិននៃប្រទេសផ្សេងទៀត បានរើទីតាំងវិនិយោគរបស់ខ្លួន ពីប្រទេសចិនចូលកម្ពុជាផងដែរ ដើម្បីវិនិយោគនៅកម្ពុជាហើយនាំចេញទៅកាន់ទីផ្សារនៃប្រទេសទី៣។
លោកបន្ថែមថា បើសិនជាកម្ពុជាគ្រប់គ្រងកូវីដ១៩បានល្អ គឺជាឱកាសធំបំផុតសម្រាប់ផលិតនិងនាំចេញ ទៅកាន់ទីផ្សារអន្តរជាតិ ពីព្រោះដៃគូប្រកួតប្រជែងរបស់កម្ពុជាក៏កំពុងតែជាប់ដៃនឹងប្រយុទ្ធប្រឆាំងកូវីដ១៩ដែរ ដូចជាប្រទេសបង់ក្លាដេស និងប្រទេសមីយ៉ាន់ម៉ាដែលមានវិបត្តិនយោបាយ និងកូវីដ១៩ផងដែរ ។
លោកថា “បើសិនជាយើងអាចធ្វើបានល្អជាងប្រទេសទាំងពីរនេះ ទាំងវិនិយោគិន និងអ្នកបញ្ជាទិញនៅក្រៅប្រទេស នឹងងាកមករកទីផ្សារកម្ពុជា ដើម្បីវិនិយោគនិងនាំចេញទៅកាន់ទីផ្សារអន្តរជាតិដែលមានតម្រូវការ”។
អ្នកជំនាញនៃវិស័យអចលនទ្រព្យកម្ពុជាជាច្រើនរូប កាលពីពេលថ្មីៗនេះក៏បានរំពឹងទុកថា វិនិយោគិនចិននឹងត្រលប់មកកាន់ប្រទេសកម្ពុជាវិញ ដើម្បីស្វែងរកការវិនិយោគទៅតាមជំនាញ នៃវិស័យនីមួយៗជាពិសេសនោះ គឺវិស័យអចលនទ្រព្យ ដែលនៅតែមានសក្ដានុពលខ្ពស់ដដែល ទោះស្ថិតនៅក្នុងវិបត្តិនៃជំងឺរាតត្បាតសកលក៏ដោយ។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីមបានមានប្រសាសន៍ថា ទីតាំងសក្តានុពល ដែលវិនិយោគិន ចិនកំពុងសម្លឹងមើលនោះ មានភ្នំពេញ ក្រុងព្រះសីហនុ ដែលបានត្រៀមខ្លួនបណ្ដើរៗរួចហើយ ក្នុងការទទួលស្វាគមន៍វិនិយោគិនជា តិនិងអន្តរជាតិនិងខេត្តសៀមរាប ដែលរដ្ឋាភិបាលក៏បានកំពុងកសាងហេដ្ឋារចនាសម្ព័ន្ធ ជាច្រើនសម្រាប់ស្វាគមន៍ និងសម្រួលដល់ការវិនិយោគរបស់បរទេសនិងវិនិយោគិនជាតិ៕