ដោយៈលក្ខិណា
ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ចបានថ្លែងថា សេដ្ឋកិច្ចកម្ពុជាពិបាកនឹងសម្រេចបានទៅតាមផែនការ និងការព្យាករណ៍បទុករបស់ខ្លួនកាលពីដើមឆ្នាំ ស្របពេលធនាគារពិភពលោកព្យាករណ៍លើសេនារីយោមួយទៀតថា សេដ្ឋកិច្ចកម្ពុជាអាចសម្រេចបានត្រឹម១ភាគរយប៉ុណ្ណោះ។
រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុលោកវង្សី វិស្សុត បានមានប្រសាសន៍ឱ្យដឹងកាលពីសប្តាហ៍មុនថា កាលពីដើមឆ្នាំ ២០២១ រដ្ឋាភិបាលរំពឹងថាកំណើនសេដ្ឋកិច្ចក្នុងឆ្នាំ២០២១នេះ រំពឹងថានឹងកំណើនសេដ្ឋកិច្ចកម្ពុជា នឹងកើនឡើងវិញជាវិជ្ជមានក្នុងរង្វង់៤ភាគរយ ប៉ុន្តែដោយសារតែកម្ពុជាជួបនឹងព្រឹត្តិការណ៍ឆ្លងសហគមន៍២០ កុម្ភៈ ២០២១នេះ ផែនការសម្រេចឱ្យបនាកំណើន៤ភាគរយ អាចនឹងពិបាកបន្តិច។
លោកបន្តថា ឆ្លងកាត់រយៈពេល៥ខែដំបូងនៃឆ្នាំ២០២១នេះ ការនាំចេញរបស់កម្ពុជា នៅតែមានកំណើនជាពិសេសការនាំចេញ ទំនិញមិនមែនជាសម្លៀកបំពាក់ ក្នុងនោះទីផ្សារប្រទេសចិន ក្នុងឆ្នាំ២០២១នេះក៏មានកំណើនជាងឆ្នាំមុន ដែលធ្វើឱ្យទីផ្សារនាំចេញរបស់កម្ពុជា បានធ្វើពិពិធកម្មក្នុងបរិការណ៍កូវីដ១៩នេះ ក្នុងនោះការនាំចេញផលិតផលកសិកម្មពីកម្ពុជាទៅកាន់ប្រទេសចិន។ ប៉ុន្តែដោយសារតែស្ថានភាពកូវីដ១៩ ចាប់ពីខែកុម្ភៈ ២០២១រាលដាលកាន់តែខ្លាំងធ្វើឱ្យ យើងបានបិទខ្ទប់និងបិទអាជីវកម្មមួយចំនួនមិនអាចដំណើរការបាន។
លោកវង្សី វិស្សុតបានបន្ថែមថា បើសិនជាស្ថានភាពកូវីដ១៩ ងាកមកស្ថានភាពល្អប្រសើរឡើងវិញនៅក្នុងអំឡុងខែកញ្ញា ឬខែតុលា សេដ្ឋកិច្ចកម្ពុជាអាចនឹងសម្រេចបានទៅតាមផែនការគ្រោងទុក៤ភាគរយវិញ តែបើសិនជាស្ថានភាពនៅតែធ្ងន់ធ្ងរ ដូចបច្ចុប្បន្ន កំណើន៤ភាគរយ ទំនងជាពិបាកក្នុងការសម្រេចបានណាស់ ។
កាលពីពេលថ្មីៗនេះ ធនាគារពិភពលោកប្រចាំកម្ពុជាក៏បានចេញរបាយការណ៍មួយស្តីពីសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២១នេះដែរ ដោយក្នុងនោះ ធនាគារពិភពលោកបានបញ្ចេញទស្សនថា សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២១នេះ នៅតែមិនទាន់មានភាពច្បាស់លាស់នោះឡើយ ដោយបានលើកយកសេណារីយោពីរ មកបង្ហាញគឺកើនឡើងក្នុងរង្វង់៤ភាគរយ និងសេណារីយោ១ភាគរយ ។
ធនាគារពិភពលោកក៏បានបញ្ជាក់ថា ការបិទខ្ទប់ទីក្រុងធំពីរនៅកម្ពុជាគឺ ក្រុងភ្នំពេញ និងក្រុងតាខ្មៅ ជាកត្តាដែលជំរុញឱ្យសេដ្ឋកិច្ចកម្ពុជាពិបាក នឹងសម្រេចបាននូវកំណើន៤ភាគរយ ហើយថាបើសិនជាស្ថានភាពកូវីដ១៩ នៅតែបន្តអាក្រក់និងឈានដល់ការបិទទីក្រុងធំៗបន្តទៀត នោះសេដ្ឋកិច្ចកម្ពុជារឹតតែពិបាកទៅទៀត៕