ច្រកទ្វារ​អន្តរជាតិ​ស្ទឹង​បត់​កម្ពុជា-ថៃ គ្រោង​នឹង​បើក​ជា​ផ្លូវការ​នៅ​ចុងឆ្នាំ២០២២ខាងមុខ

ដោយៈ សុវណ្ណារ៉ា

បន្ទាយ​មាន​ជ័​យៈ មន្ត្រីជាន់់ខ្ពស់​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន​បាន​ឲ្យ​ដឹងថា ច្រកទ្វារព្រំដែន​អន្តរជាតិ​ស្ទឹង​បត់- បាន​ណង​អៀង​កម្ពុជា-ថៃ ស្ថិតនៅ​ក្នុងភូមិ​ស្ទឹង​បត់ សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឈម​នឹង​ស្រុក​អារញ្ញ​ប្រាថេត ខេត្ត​ស្រះកែវ ប្រទេស​ថៃ ដែល​កំពុងដំណើរការ​សាងសង់​គ្រោង​នឹង​បើក​ជា​ផ្លូវការ​នៅក្នុង​រយៈពេល២១ខែ​ខាងមុខនេះ។

លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន បាន​មានប្រសាសន៍​នៅ​ល្ងាច​ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០កន្លងមក​ថា តាម​គម្រោង និង​ផែនការ ច្រកទ្វារព្រំដែន​អន្តរជាតិ​ស្ទឹង​បត់-បាន​ណង​អៀង​កម្ពុជា-ថៃ នឹង​បើក​ដំណើរការ​ជា​ផ្លូវការ​ក្រោយពេល​បញ្ចប់​សាងសង់​ទាំងស្រុង នៅក្នុង​រយៈពេល២១ខែ​ខាងមុខនេះ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក​បញ្ជាក់ថា “ពេលនេះ​ខ្ញុំ​បាន​ពិភាក្សា ជាមួយ​ក្រុមហ៊ុន​ទទួល​ម៉ៅការ​សាងសង់ និង​ក្រុមហ៊ុន​ប្រឹក្សា​ពី​គម្រោង​អភិវឌ្ឍន៍​ច្រកទ្វារ​អន្តរជាតិ​ស្ទឹង​បត់ ដូចជា​ការសាងសង់​អា​គារ​រដ្ឋបាល និង​ផ្លូវ​ដែលមាន​គុណភាព​ជាដើម” ។

តាម​របាយការណ៍​រប​ស់​ក្រុមហ៊ុន​បាន​បង្ហាញថា គិត​ត្រឹម​ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០នេះ ទើបតែ​សម្រេចបាន​លទ្ធផល ប្រមាណ៥ភាគរយ​តែប៉ុណ្ណោះ ដែល​បង្ហាញ​ពី​ភាពយឺតយ៉ាវ។

លោក​ស៊ុន ចាន់ថុល​បាន​បន្តថា “តាម​គម្រោង​នៅក្នុង​កិច្ចសន្យា​សាងសង់ គឺ​ត្រូវ​បញ្ចប់​ទាំងស្រុង នៅត្រឹម​រយៈពេល២១ខែ​ខាងមុខនេះ ប៉ុន្តែ​ខ្ញុំ​មិនអាច​រង់ចាំ​រហូតដល់២១ខែ​នោះទេ។ លោក​បន្តថា “ខ្ញុំ​បានសម្រេច​បើក​ច្រក​ដំណើរ ការ​ជា​បណ្តោះអាសន្ន ដោយ​ការធ្វើ​ផ្លូវ​វាង​ជា​ខ្នែង សម្រាប់​ដឹកទំនិញ​រវាង​ប្រទេស​ទាំង។ ដោយឡែក​សម្រាប់​ឯកសារ ដោយសារតែ​យើង​នៅ​មិនទាន់​សាងសង់ អាគារ​រដ្ឋបាល​រួចរាល់ ដូច្នេះ​ត្រូវ​រៀបចំ​ឯកសារ​នៅ​ខាង​ថៃ​មួយរយៈ​ពេល​សិន” ។

ក្រុមហ៊ុន CM JV TKE ដែល​បានទទួល​ម៉ៅការ​ពីរ​ដ្ឋ ក្នុងការ​ស្ថាបនា​អគារ​រដ្ឋបាល​ច្រកទ្វារព្រំដែន​អន្តរជាតិ​ស្ទឹង​បត់ បានទទួល​សាងសង់​ផ្លូវភ្លោះ​មួយ​ខ្សែ ទីតាំង​ត្រួតពិនិត្យ​រថយន្ត​ដឹកទំនិញ ចំណតរថយន្ត ទីតាំង​ស្តុក​ទូ​កុងតឺន័រ អគារ​រដ្ឋបាល និង​អគារ​ស្នាក់នៅ​របស់​មន្ត្រី​រាជការ ដែល​បម្រើ​ការងារ​ប្រចាំ​ច្រក ដោយ​ប្រើប្រាស់​រយៈពេល​សាងសង់​ចំនួន២ឆ្នាំ​ដើម្បី​ស្ថាបនា​ឲ្យ​ទាន់ពេលវេលា។

ច្រកទ្វារព្រំដែន​អន្តរជាតិ​នេះ នឹង​បម្រើ​តែ​សេវា​ដឹកជញ្ជូន​ទំនិញ​ប៉ុណ្ណោះ ដោយ​រក្សាទុក​ច្រក​អន្តរជាតិ​ប៉ោយប៉ែត សម្រាប់​បម្រើ​តែ​សេវា​ដឹកជញ្ជូន​ភ្ញៀវទេសចរ ដើម្បី​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍ ក៏ដូចជា​ផ្ដល់​ភាពងាយស្រួល ដល់​សមត្ថកិច្ច​ក្នុងការ​ត្រួតពិនិត្យ​ទំនិញ ដឹកជញ្ជូន​ឆ្លងកាត់​ព្រំដែន​ឱ្យមាន​ប្រសិទ្ធភាព តម្លាភាព និង​ចំណេញ​ពេលវេលា​ច្រើន៕

LEAVE A REPLY

Please enter your comment!
Please enter your name here