World Bank: វិបត្តិកូវីដ១៩អាចរុញច្រានឱ្យពលរដ្ឋកម្ពុជាជិត១លាននាក់ធ្លាក់ទៅរកភាពក្រីក្រឡើងវិញ

ដោយៈ លក្ខិណា

ភ្នំពេញៈ ព្រោះតែវិបត្តិនៃជំងឺកូវីដ១៩ រីករាលដាលនៅលើពិភពលោក បានធ្វើឱ្យពលរដ្ឋជាច្រើនបាត់បង់ការងារ និងប្រាក់ចំណូល ក្នុងពលរដ្ឋកម្ពុជាជាច្រើន ក៏ត្រូវបានបាត់បង់ការងារ និងប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារផងដែរ។

ធនាគារពិភពលោក (World Bank) ប្រចាំកម្ពុជា ក៏បានបញ្ហាពីការរំពឹងរបស់ខ្លួនថា ប្រជាជនកម្ពុជាប្រមាណជិត១លាននាក់នឹងធ្លាក់ចុះទៅរកភាពក្រីក្រឡើងវិញព្រោះតែវិបត្តិកូវីដ១៩នេះ។

បើតាមសេចក្ដីប្រកាសរបស់ធនាគារពិភពលោកប្រចាំកម្ពុជាចេញផ្សាយថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា បន្ទាប់ពីអនុម័តកញ្ចប់ឥណទានប្រមាណ២០០លានដុល្លារដើម្បីជួយកម្ពុជាក្នុងការស្ដារសេដ្ឋកិច្ចក្រោយវិបត្តិថាប្រទេសកម្ពុជាកំពុងតែប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ចនិងសង្គម ដែលមិនធ្លាប់មាន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ឆ្នាំ២០២០នេះ គឺជាលើកដំបូងហើយក្នុងរយៈពេល៣០ឆ្នាំដែលសេដ្ឋកិច្ចកម្ពុជាបានរួញទំហំអស់៣,១ភាគរយ ហើយពេលនេះកម្ពុជាកំពុងស្ថិតនៅក្នុងកណ្ដាលស្ថានភាពដ៏អាក្រក់នៃការឆ្លងវីរុសកូវីដ១៩ ចាប់តាំងមានាការផ្ទុះឡើងនៃការរាតត្បាតជំងឺនេះដំបូងមក។

ធនាគារពិភពលោកបានឱ្យដឹងថា វិស័យដែលរងផលប៉ះពាល់ខ្លាំងបំផុតរួមមាន ផ្នែកកាត់ដេរ ទេសចរណ និងសំណង់ ហើយវិស័យទាំងនេះ សុទ្ធតែបានផ្ដល់ការងារច្រើនជាងគេនៅកម្ពុជា ដែលវាបានបង្កើតបន្ថែមនូវបញ្ហាប្រឈម សម្រាប់ការស្ដារសេដ្ឋកិច្ចឱ្យមាននិរន្តភាពឡើងវិញ។

ខណៈដែលវិធានការទប់ស្កាត់បញ្ហាប្រឈមសំខាន់ៗបំផុតនៅមិនទាន់មាន ការរាតត្បាតជំងឺនេះអាចនឹងបណ្ដាលឱ្យភាពអត់ការងារធ្វើនិងភាពក្រីក្រកាន់តែកើនឡើងថែមទៀត ដែលក្នុងនោះ ពលរដ្ឋជិត១លាននាក់ត្រូវបានគេរំពឹងថានឹងធ្លាក់ចុះទៅក្នុងភាពក្រីក្រវិញ។

អ្នកវិភាគសេដ្ឋកិច្ចជាច្រើនក៏បានមើលឃើញថា វិបត្តិកូវីដ១៩វាបានធ្វើឱ្យប៉ះពាល់ស្ទើរតែគ្រប់វិស័យ ហើយអ្នកប្រឈមនឹងវិបត្តិនៃជាងគេគឺអ្នកពឹងផ្អែកលើប្រាក់ខែមួយមុខ និងអ្នកដែលមានប្រាក់ចំណូលទាបប្រឈមនឹងការធ្លាក់ចុះទៅរកភាពក្រីក្រវិញ។ ការប៉ះពាល់ខ្លាំងបំផុតនោះគឺការបិទខ្ទប់រាជធានីភ្នំពេញនិងខេត្តកណ្ដាល កាលពីអំឡុងខែមេសា រហូតដល់អំឡុងខែឧសភា២០២១នេះ ព្រោះតែការរីករាលដាលខ្លាំងនៅតំបន់ទាំងពីរនេះ។

លោកវន់ ពៅប្រធានសមាគមសេដ្ឋកិច្ចឯករាជ្យក្រៅប្រព័ន្ធបានឱ្យដឹងថា ការបិទខ្ទប់រាជធានីនិងក្រុងតាខ្មៅកាលពីពេលនោះ រាល់អាជីវកម្មជាច្រើនត្រូវបានផ្អាកដំណើរការ ដើម្បីទប់ស្កាត់ការរីករាលនៃជំងឺកូវីដ១៩ ហើយពេលនោះ អាជីវករដែលពឹងលើប្រាក់ចំណូលប្រចាំថ្ងៃ ក៏ត្រូវបានបង្ខំឱ្យនៅក្នុងផ្ទះមិនអាចចេញក្រៅ បាន។ ទាំងនេះគឺជាកត្តាដែលអាចជំរុញឱ្យពួកគាត់ធ្លាក់ទៅរកភាពក្រីក្រ ជាពិសេសពលរដ្ឋដែលមានជំពាក់ធនាគារឬមីក្រូហិរញ្ញវត្ថុ៕

LEAVE A REPLY

Please enter your comment!
Please enter your name here