ដោយៈ ប៊ី
ភ្នំពេញៈ ក្រុមហ៊ុន Yugo ដែលជាវេទិកាអាកាសចរណ៍ឯកជន មានមូលដ្ឋាននៅសិង្ហបុរី ប្រកាសពង្រីកជើងហោះហើរបែបឯកជនមកកាន់ថៃ កម្ពុជា ម៉ាឡេស៊ី និងហ្វីលីពីន ដែលក្រុមហ៊ុនអាកាសចរណ៍ឯកជនសិង្ហបុរីមួយនេះ កំពុងរៀបចំត្រៀមបង្កើនវត្តមានខ្លួនៅនៅអាស៊ី។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុននៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១។
ជាមួយបង្រីកបណ្តាញផ្លូវឧទ្ធម្ភាគចក្រ និងយន្ដហោះឯកជន (Private Jet) របស់ខ្លួន Yugo ក្លាយជាវេទិកាចល័ត តាមផ្លូវអាកាសដំបូងគេ ដែលភ្ជាប់ទៅតំបន់អាស៊ីអាគ្នេយ៍ ទៅកាន់ទ្វីបអាស៊ីប៉ាស៊ីហ្វិកទាំងមូល។ អតិថិជនអាចស្នើសុំ និងស្វែងរកជើងហោះហើរតាមយន្តហោះ និងឧទ្ធម្ភាគចក្រឯកជនពីបញ្ជីជើងហោះហើរ និងផ្លូវអាកាសជាច្រើន។
បច្ចុប្បន្នក្រុមហ៊ុន កំពុងប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ ហើយចំនួនអតិថិជន និងជើងហោះហើររបស់ខ្លួន កំពុងកើនឡើងក្នុងតំបន់ ក្នុងរយៈពេលតិចជាងមួយឆ្នាំ អំឡុងពេលវិបត្តិកូវីដ១៩។
លោក Camille Ngo ប្រធានផ្នែកពាណិជ្ជកម្មរបស់ក្រុមហ៊ុន Yugo បាននិយាយថា “បេសកកម្មរបស់យើង គឺផ្តល់លទ្ធភាពដល់អតិថិជនរបស់យើង ក្នុងការហោះហើរឯកជនបំផុតទៅគ្រប់ទីកន្លែង គ្រប់ពេល ទាំងតាមឧទ្ធម្ភាគចក្រ ឬយន្ដហោះឯកជន (private jet)”។លោក Camille បានបន្ថែមថា “យើងមានគោលបំណង ដើម្បីរក្សាវិស័យអាកាសចរណ៍ឱ្យប្រកបដោយនិរន្តរភាព ដោយគិតគូរពីទិដ្ឋភាពបរិស្ថាន និងទំនួលខុសត្រូវសង្គម” ។
ជាមួយគ្នានេះ លោក Jim Baldy នាយកប្រតិបត្តិក្រុមហ៊ុន Yugo បានថ្លែងថា “វិបត្តិកូវីដ១៩ បានផ្លាស់ប្តូរឧស្សាហកម្មទេសចរណ៍ ចាប់តាំងពីឆ្នាំ២០២០។ នេះជាបញ្ហាប្រឈាមខ្លាំងបំផុត សម្រាប់វិស័យអាកាសចរណ៍ ហើយវាបានសាកល្បងជាមួយភាពធន់របស់យើង។ យើងបានកែសម្រួលយុទ្ធសាស្ត្ររបស់យើង ដើម្បីបម្រើអតិថិជនរបស់យើងបានយ៉ាងល្អបំផុត តាមមធ្យោបាយបត់បែន និងសុវត្ថិភាពបំផុត ពីជំងឺកូវីដ១៩”។
លោកបានថ្លែងបន្តថា “ជាមួយនឹងឧបសគ្គទាំងអស់ដែលយើងបានជួប យើងត្រូវរកវិធីដើម្បីកែច្នៃរបៀបថ្មី រក្សាសមិទ្ធផលរបស់យើង និងឆ្ពោះទៅមុខរហូត”៕