ក្រុមហ៊ុនថ្មីៗចំនួន៦រំពឹងថានឹងចុះបញ្ជីបោះផ្សាយលក់មូលបត្រនៅកម្ពុជាក្នុងឆ្នាំនេះ

ដោយៈ សាវុធ

ភ្នំពេញៈ ក្រុមហ៊ុនថ្មីៗចំនួន៦ ត្រូវបានរំពឹងថានឹងចុះបញ្ជីបោះផ្សាយលក់មូលបត្រ នៅផ្សារមូលបត្រកម្ពុជា ក្នុងឆ្នាំ២០២១នេះ។ នេះបើយោងតាមការលើកឡើងរបសលោកហុង សុខហួរប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (CSX)។

លោកបានលើកឡើងបន្តថា ដោយក្នុងនោះអាចនឹងមានក្រុមហ៊ុនចំនួន៤មកបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ (Stock) និងក្រុមហ៊ុនចំនួន២ មកចុះបញ្ជីបោះផ្សាយលក់មូលបត្របំណុល (Bond)។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានបញ្ជាក់ថា “យើងរំពឹងថា ក្រុមហ៊ុនដែលមកចុះបញ្ជីបោះផ្សាយលក់ ជាភាគហ៊ុនអាចមាន ៣ ឬ៤ក្រុមហ៊ុន និងក្រុមហ៊ុនបោះផ្សាយជាសញ្ញាបណ្ណ អាចមាន១ ឬ២ក្រុមហ៊ុន”។

លោបានឱ្យដឹងទៀតថា នៅពេលនេះមានក្រុមហ៊ុនមួយ ដែលជាសហគ្រាសខ្នាតតូច និងមធ្យម ត្រូវបានការអនុញ្ញាតជាគោលការណ៍ និយ័តករមូលបត្រកម្ពុជា និងក្រុមផ្សារមូលបត្រកម្ពុជា រួចរាល់ហើយ រំពឹងថាក្រុមហ៊ុននឹងបញ្ចប់កិច្ចការផ្សេងៗ នៅខែក្រោយនេះ ព្រមទាំងអាចចុះបញ្ជីបានឆាប់ៗ។

លោកបន្តថា ក្រុមហ៊ុន DBD Engineering & Construction នឹងក្លាយជាសហគ្រាសខ្នាតតូចដំបូងគេ ដែលបានចុះបញ្ជីក្នុងផ្សារមូលបត្រកម្ពុជា លក់មូលបត្របំណុល។

លោកអគ្គនាយកបន្តថា ក្រៅពីនេះក៏មានក្រុមហ៊ុនមួយផ្សេងទៀត ក៏បានដាក់ពាក្យជាផ្លូវការមកកាន់ផ្សារមូលបត្រកម្ពុជា ដែលស្ថិតក្នុងដំណាក់កាលត្រួតពិនិត្យផងដែរ។ ជាមួយនឹងការមកដល់នៅក្រុមហ៊ុនថ្មីៗនេះ យើងរំពឹងថាការជួញដូរ នឹងមានការកម្រើកមួយកម្រិតទៀត។

លោកបញ្ជាក់ថា វិស័យមូលបត្រ នៅតែបន្ដដំណើរឆ្ពោះទៅមុខ ទោះបីស្ថិតក្នុងស្ថានភាពនៃជំងឺកូវីដ១៩។ ជាការពិតដំបូងឡើយមានការព្រួយបារម្ភ ថានឹងថយចុះនៃការជួញដូរផ្សេងៗ ព្រោះមានផលរំខានជាច្រើនដល់ក្រុមហ៊ុន ប៉ុន្ដែជាក់ស្ដែងឃើញថា លទ្ធផលដែលទទួលបានលើសពីការរំពឹងទុក ការថយចុះមានក្នុងកម្រិតតិចតួចក្នុងឆ្នាំ២០២០ ហើយឆ្នាំ២០២១ នេះរំពឹងថា នឹងកើនឡើងខ្លាំងមកវិញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here