សកម្មភាពអាជីវកម្មនៅរាជធានីភ្នំពេញកាន់តែខិតជិតរកភាពប្រក្រតីឡើងវិញ

ដោយៈលក្ខិណា

ភ្នំពេញៈ អាជ្ញាធររាជធានីភ្នំពេញ បានសម្រេចអនុញ្ញាតឱ្យអាជីវកម្មស្ទើរតែគ្រប់ប្រភេទនៅតាមផ្សាររដ្ឋនានា ទូទាំងរាជធានីភ្នំពេញ បើកដំណើរការឡើងវិញហើយ។

យ៉ាងណាក៏ដោយ អាជ្ញាធរបានតម្រូវឱ្យអនុវត្តន៍ វិធានការរបស់ក្រសួងសុខាភិបាលឱ្យបានម៉ត់ចត់បំផុត ដើម្បី ទប់ស្កាត់ការឆ្លងរីករាលនៃជំងឺកូវីដ១៩ កាន់តែខ្លាំងនៅក្នុងទឹកដីក្រុងភ្នំពេញ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

តាមរយៈការអនុញ្ញាតឱ្យអាជីវកម្មនានា នៅតាមផ្សាររដ្ឋបើកដំណើរការឡើងវិញ វាបានបង្ហាញឱ្យឃើញថា សកម្មភាពសេដ្ឋកិច្ចនៅក្នុងរាជធានី នឹងខិតជិតទៅរកភាពប្រក្រតីឡើងវិញនៅពេលឆាប់ៗនេះ។

ប្រធានផ្សាររដ្ឋមួយចំនួននៅរាជធានីភ្នំពេញ បានបញ្ជាក់ថា សកម្មភាពអាជីវកម្មនៅក្នុងផ្សាររបស់ខ្លួគ្រប់គ្រងឃើញថា បានវិលទៅរកប្រក្រតីបន្តិចម្ដងៗហើយ ក្រោយសាលារាជធានី ប្រកាសអនុញ្ញាតឱ្យអាជីវករចូលក់ដូរជាធម្មតាឡើងវិញ។

លោកចំរើន សុខលីម ប្រធានគណៈកម្មការផ្សារទួលទំពូង បានមានប្រសាសន៍អោយដឹងនៅរសៀលថ្ងៃទី២៣ មិថុនានេះថា ផ្សារទួលទំពូង នៅពេលនេះ ការបើកលក់ដូរ បានប្រមាណពី៨៥ទៅ៩០% និងអតិថិជន ចូលទិញដូរប្រហែល៦០ ទៅ៧៩%ប៉ុណ្ណោះ ។

លោកបន្តថា “គណ:កម្មការផ្សារបានចុះត្រួតពិនិត្យតាមតូប និងអតិថិជនចូលផ្សារ មានដាក់ម៉ាស៊ីនវាស់កំដៅ និងម៉ាស៊ីនបាញ់អាល់កុល និងការចែកម៉ាស់ជាប្រចាំ ហើយអាជីវករក៏ដូចជាអតិថិជន ចេញចូលផ្សារចូលរួមគោរពតាមវិធានការ សុខាភិបាល១០០ភាគរយផងដែរ”។

ជាមួយគ្នានេះ លោកសាន់ប៊ុណ្ណា ប្រធានផ្សារបន្លែច្បារអំពៅ បានបញ្ជាក់ថា ទាំងផ្សារបន្លែ និងផ្សារធម្មតា មានអាជីវករមកលក់៨០ភាគរយហើយ។ នៅសល់២០ភាគរយ ជាអ្នកលក់មកពីតាមខេត្តលក់នៅក្រៅផ្សារ។

លោកសង្ឃឹមថា សកម្មភាពលក់ដូរ នឹងកើនដល់១០០% នៅពេលដែលអាជ្ញាធរ ហាមមិនអោយលក់នៅតាមផ្លូវសាធារណ:និង ផ្លូវព្រែកបារាំង ម្តុំវត្តច្បារអំពៅ អាចលក់ចូលលក់ក្នុងផ្សារបាន១០០%។

រីឯលោក ហ៊ត វ៉ាន់ធី ប្រធានផ្សារអូរឫស្សី បានប្រាប់ឱ្យដឹងថា ផ្សារអូរឬស្សី មានការបើកលក់បានចំនួន២.៥៧១ តូប ស្មើនឹង៤០ភាគរយ និងមានភ្ញៀវចេញចូលធម្មតា ជិតមួយពាន់នាក់ ស្ថានភាពលក់ដូរធម្មតា ។

ក្រៅពីការអនុញ្ញាតឱ្យអាជីវករ តាមផ្សាររដ្ឋនានាអាចចូលលក់ដូរវិញ អាជីវកម្មផ្សេងទៀត ក៏ត្រូវបានអនុញ្ញាតឱ្យដំណើរវិញផងដែរ ដូចជា ហាងកាហ្វេបម្រើភ្ញៀវចូលពីសាក្នុងហាង ភោជនីយដ្ឋានអាចទទួលភ្ញៀវ ចូលពីសាក្នុងហាងបាន និងត្រូវអនុវត្តន៍តាមវិធានការផងដែរ។

យ៉ាងណាក្ដីបើតាមតួលេខ អ្នកឆ្លងកូវីដ១៩ក្នុងមួយថ្ងៃៗ នៅតែខ្ពស់ដដែល តែតួលេខខ្ពស់ ដោយសារតែតាមបណ្ដាខេត្តមួយចំនួន ហក់ឡើងខ្ពស់ខណៈនៅភ្នំពេញត្រូវបានរាយការណ៍ថា បានធ្លាក់ចុះជាងមុនបន្តិច៕

LEAVE A REPLY

Please enter your comment!
Please enter your name here