ពាណិជ្ជកម្មទេ្វភាគីកម្ពុជា-ជប៉ុននៅតែបន្តកើនឡើងទោះសិ្ថតក្នុងវិបត្តិកូវីដ១៩

ដោយៈ ម៉ាណេត

ភ្នំពេញៈ ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា និងជប៉ុនមកកម្ពុជានៅតែបន្តកើនឡើងក្នុងរយៈពេលបួនខែដំបូង ឆ្នាំនេះ ទោះបីស្ថិតក្នុងវិបត្តិកូវិដ១៩ក៏ដោយ។ នេះបើយោងតាមរបាយការណ៍ចុងក្រោយរបស់អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO)។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

របាយការណ៍បានឱ្យដឹងថា ការនាំចេញរបស់ជប៉ុនមកកាន់កម្ពុជា ពីខែមករា ដល់ខែមេសា មានទំហំទឹកប្រាក់២០៤,០៤លានដុល្លារពោល កើនឡើង៣៤,៨ភាគរយបើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ JETRO កត់សម្គាល់ថា ការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសជប៉ុនមានទំហំទឹកប្រាក់៦៣៩,៤៧លានដុល្លារ កើនឡើង១,៤ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ការនាំចេញទៅប្រទេសជប៉ុនរួមមានវាយនភណ្ឌ ស្បែកជើង គ្រឿងសង្ហារឹម សម្ភារៈការិយាល័យ ទំនិញស្បែកគ្រឿងសំអាងក្រដាស និងដែកថែប។ ការនាំចេញរបស់ជប៉ុនមកកម្ពុជារួមមានគ្រឿងម៉ាស៊ីន រថយន្ត គ្រឿងអេឡិចត្រូនិច គ្រឿងសង្ហារឹម ក្រណាត់ និងប្លាស្ទិក។

ដើម្បីជំរុញពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ សភាពាណិជ្ជកម្មកម្ពុជា គ្រោងនឹងដាក់ការិយាល័យតំណាងនៅទីក្រុងតូក្យូ នៅពេលឆាប់ៗខាងមុខនេះ។

អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ាលឹម ហេងបានមានប្រសាសន៍ឱ្យដឹងថា ដើម្បីបង្កើនភាពទាក់ទាញដល់អ្នកវិនិយោគជប៉ុនមកកាន់កម្ពុជាបន្ថែម សភាពាណិជ្ជកម្មកម្ពុជា នឹងមានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជានៅទីក្រុងតូក្យូ ក្នុងពេលខាងមុខឆាប់ៗនេះ។

លោកបានថ្លែងថា “យើងបានប្រជុំគ្នារួចហើយខាងសភាពាណិជ្ជកម្ម ដោយយើងនឹងមានការចាត់តាំងតំណាងសភាពាណិជ្ជកម្មនៅជប៉ុនតែម្តង ហើយយើងមិនបោះឆ្នោតទេ ដោយគាត់ (ជប៉ុន) ឱ្យតំណាងគាត់មក ហើយយើងនឹងទទួលស្គាល់ចាត់តាំងតំណាងសភាពាណិជ្ជកម្ម តែក្នុងនាមអ្នកតំណាងនេះជាអ្នកសមាជិករបស់សភាពាណិជ្ជកម្មកម្ពុជា ដែលខាងភាគីជប៉ុនស្នើសុំមក”។

លោកឧកញ៉ាបានឱ្យដឹងថា អ្នក ដែលតំណាងឱ្យយើង ភាគច្រើនគឺជាក្រុមហ៊ុនជប៉ុន ដែលមានអាជីវកម្មនៅកម្ពុជា ឬស្គាល់ពីកម្ពុជាច្បាស់ ហើយយើងនឹងធ្វើឱ្យកាន់តែជិតស្និតជាមួយសភាពាណិជ្ជកម្ម និងក្រសួងពាណិជ្ជកម្ម ដើម្បីធ្វើការផ្សព្វផ្សាយជាមួយនឹងគោលនយោបាយផ្សេងៗ ការលើកទឹកចិត្ត និងច្បាប់វិនិយោគ ក្នុងការទាក់ទាញអ្នកវិនិយោគមកពីប្រទេសជប៉ុនបន្ថែម។

លោកឧកញ៉ាបានថ្លែងបន្តថា “កិច្ចការរៀបចំតំណាងនេះនឹងអាចធ្វើទៅបានលឿន ដោយសារគ្រាន់តែរងចាំការស្នើដាក់តំណាងពីភាគីជប៉ុន ហើយយើងនឹងរៀបចំឯកសារ ដើម្បីបញ្ជូនទៅស្ថានទូតយើងនៅជប៉ុន ដោយមានអនុព័ន្ធពាណិជ្ជកម្មនៅទីនោះ ហើយអាចធ្វើការជាមួយគ្នាបានតែម្តង”៕

LEAVE A REPLY

Please enter your comment!
Please enter your name here