ស្ថាប័នហិរញ្ញវត្ថុធំៗ២នៅកម្ពុជាសហការគ្នាក្នុងការផ្តល់សេវាត្រួតពិនិត្យសុខភាពហិរញ្ញវត្ថុតាមប្រព័ន្ធឌីជីថល

ដោយៈ ប៊ី

ភ្នំពេញៈ ធនាគារស្ថាបនា បានប្រកាសដំណើរការជាផ្លូវការ ជាមួយក្រុមហ៊ុនក្រេឌីត ប្យួរ៉ូខេមបូឌា ក្នុងកិច្ចសហប្រតិបត្តិការលើ សេវាត្រួតពិនិត្យសុខភាពហិរញ្ញវត្ថុតាមប្រព័ន្ធឌីជីថល ដែលផ្តល់ភាពងាយស្រួល និងរហ័សបំផុតសម្រាប់អតិថិជន គ្រប់ពេលវេលានិងគ្រប់ទីកន្លែងតាមរយៈ Sathapana Mobile។

ភាពជាដៃគូនេះ នឹងជួយលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុ ការរួមបញ្ចូលហិរញ្ញវត្ថុនិងការគ្រប់គ្រងហានិភ័យឥណទាន នៅក្នុងឧស្សាហកម្មហិរញ្ញវត្ថុនៅកម្ពុជា គឺជាការពង្រឹងការប្តេជ្ញាដ៏ចំបងរវាងស្ថាប័នទាំងពីរ។
នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារ ស្ថាបនា ចេញផ្សាយនៅយប់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

របាយការណ៍ឥណទានរបស់កម្ចីម្នាក់ៗ គឺជាកំណត់ត្រានៃប្រវត្តិទូទាត់ឥណទានរបស់អតិថិជន ដែលបានកត់ត្រាពីធនាគារ មីក្រូហិរញ្ញវត្ថុនិងស្ថាប័នហិរញ្ញវត្ថុសំខាន់ៗ។ អ្នកផ្តល់ប្រាក់កម្ចីទាំងអស់ នឹងពិនិត្យមើលរបាយការណ៍ឥណទានរបស់បុគ្គល ដើម្បីវាយតម្លៃនៃកម្ចីឥណទាន អាចជំពាក់បានគ្រប់ពេល ដែលអតិថិជនដាក់ពាក្យស្នើសុំប្រាក់កម្ចី ។

ដូច្នេះវាមានអត្ថប្រយោជន៍ខ្ពស់ ក្នុងការត្រួតពិនិត្យរបាយការណ៍ឥណទានរបស់អ្នកឱ្យទៀងទាត់ ដើម្បីរក្សាសុខភាពហិរញ្ញវត្ថុរបស់អ្នក និងធានាបាននូវភាពត្រឹមត្រូវនៃព័ត៌មានឥណទាន។ លើសពីនេះទៀតអតិថិជន ក៏អាចជំទាស់ជាមួយក្រុមហ៊ុន ក្រេឌីតប្យួរ៉ូ ខេមបូឌា ប្រសិនបើមានព័ត៌មានមិនត្រឹមត្រូវនៅក្នុងរបាយការណ៍ឥណទាន។

អតិថិជនរបស់ធនាគារ ស្ថាបនា ទាំងអស់ដែលប្រើប្រាស់ជាមួយកម្មវិធីស្ថាបនាម៉ូបាល អាចស្នើរសុំរបាយការណ៍ឥណទានជាមួយ CBC តាមរយៈសំណុំបែបបទបំពេញដោយស្វ័យប្រវត្តិដែលមាននៅក្នុង Sathapana Mobile ហើយលោកអ្នកនឹងទទួលបានរបាយការណ៍ឥណទានបន្ទាប់ពី CBC ត្រួតពិនិត្យរូចរាល់។

លោកអ្នក ដែលមិនមែនជាអតិថិជនស្ថាបនា ការស្នើរសុំត្រួតពិនិត្យសុខភាពហិរញ្ញវត្ថុក៏អាចធ្វើទៅបានយ៉ាងងាយស្រួល ដោយគ្រាន់តែធ្វើការទាយយកកម្មវិធីទូរស័ព្ទដៃ Sathapana Mobile រួចបង្កើតគណនីអនឡាញភ្លាមៗជាការស្រេច។

លោកហ្វុង កៃ ជីនប្រធាននាយកប្រតិបត្តិនៃធនាគារ ស្ថាបនា បានមានប្រសាសន៍ថា “ធនាគារ ស្ថាបនា មានសេចក្តីសោមនស្សរីករាយជាខ្លាំង ដែលបានសហការជាមួយក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ក្នុងការផ្តល់ជូននូវសេវា ត្រួតពិនិត្យសុខភាពហិរញ្ញវត្ថុដល់ប្រជាជនកម្ពុជា តាមរយៈ Sathapana Mobile ដែលមានភាពងាយស្រួលបំផុត ដោយលុបបំបាត់ចោលនូវ វិធីចាស់ៗដែលមានលក្ខណៈ ជាប្រព័ន្ធចំណាយពេលយូរ។ នេះគឺជាសក្ខីភាពនៃភាពឈានមុខគេ ក្នុងបំលាស់ប្តូរវិស័យធនាគារឌីជីថលនៅក្នុងព្រះរាជាណាចក្រកម្ពុជា”។

លោកអឿ សុធារ័ត្នប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ ខេមបូឌា បានមានប្រសាសន៍ថា “CBC ពិតជារីករាយនៃភាពជាដៃគូជាមួយធនាគារ ស្ថាបនា ដើម្បីផ្តល់ភាពងាយស្រួល ក្នុងការត្រួតពិនិត្យសុខភាពហិរញ្ញវត្ថុរបស់ CBC ដល់អតិថិជនស្ថាបនាទាំងអស់ តាមរយៈកម្មវិធីធនាគារចល័ត”។

លោកបន្តថា “ការសហការនេះអាចឱ្យអតិថិជនរបស់ស្ថាបនាទូទាំងប្រទេស ធ្វើការស្នើសុំរបាយការណ៍ឥណទាន ដោយប្រើស្មាតហ្វូនរបស់ពួកគេបាន”។

លើសពីនេះលោកបានសង្កត់ធ្ងន់ថា នេះគឺជាគំនិតផ្តួចផ្តើមមួយ ក្នុងការធ្វើតាមប្រព័ន្ធឌីជីថលសម្រាប់អតិថិជនរបស់CBC ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុ និងជួយឱ្យការខ្ចីប្រាក់ប្រកបដោយការទទួលខុសត្រូវ៕

LEAVE A REPLY

Please enter your comment!
Please enter your name here