កម្ពុជាទទួលបានភ្ញៀវទេសចរជាតិ-អន្តរជាតិប្រមាណជាង១០ម៉ឺននាក់នៅថ្ងៃចុងសប្ដាហ៍ទីបីនៃខែមិថុនា

ដោយៈ ម៉ាណេត

ភ្នំពេញៈ លោកបណ្ឌិតថោង ខុនរដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថានាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១នេះថា ភ្ញៀវទេសចរជាតិ-អន្តរជាតិប្រមាណជាង១០ម៉ឺននាក់ បានចេញដើរទស្សនាកម្សាន្តនៅទូទាំងប្រទេសកម្ពុជា ចុងសប្ដាហ៍ពីរថ្ងៃ គិតពីថ្ងៃទី១៨ដល់ទី២០ ខែមិថុនា ឆ្នាំ២០២១។

លោករដ្ឋមន្ត្រីថោង ខុនបានឱ្យដឹងថា នៅថ្ងៃទី១៨-២០ ខែមិថុនា ឆ្នាំ២០២១ ដែលជាថ្ងៃចុងសប្ដាហ៍ទីបីនៃខែមិថុនានោះ កម្ពុជាទទួលបានភ្ញៀវទេសចរសរុប១០៩,០៩៥នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន១០៧,៧៦២នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងមានចំនួន១,៣៣៣នាក់ ក្នុងនោះគោលដៅតំបន់ឆ្នេរ គោលដៅអេកូទេសចរណ៍ ទេសចរណ៍ផ្សងព្រេង និងរមណីយដ្ឋានឯកជនកែច្នៃបែបទេសចរណ៍ធម្មជាតិ គឺជាគោលដៅដ៏សំខាន់ដែលមានភ្ញៀវទៅលេងច្រើនជាងគេ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

គោលដៅទេសចរណ៍សំខាន់ៗ រួមមាន រាជធានីភ្នំពេញ (២០,៧១៦នាក់) ខេត្តកំពត (១៩,៤១៦នាក់) ខេត្តកំពង់ស្ពឺ (១២,៣២០នាក់) ខេត្តបាត់ដំបង (៩,៦៨៨នាក់) ខេត្តព្រះសីហនុ (៨,៧៩៣នាក់) និងខេត្តកែប(៨,៣៤០ នាក់)។

លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបង្ហាញការកត់សម្គាល់ថា ចំនួននេះមានការកើនឡើងប្រមាណ ៥៣.៩៣% ធៀបនឹងសប្តាហ៍កន្លងមក ប៉ុន្តែបើធៀបនឹងរយៈពេលដូចគ្នានៃខែមិថុនា ឆ្នាំ២០២០ គឺថយចុះ ២៨.៧២%។

លោកបានបន្តថា ការកើនឡើងចំនួនភ្ញៀវទេសចរធៀបនឹងសប្តាហ៍កន្លងមក ដោយសារមានថ្ងៃសម្រាកព្រះរាជពិធីចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ គួបផ្សំនឹងថ្ងៃសៅរ៍-អាទិត្យ មានរយៈពេលបីថ្ងៃ ដែលធ្វើឲ្យភ្ញៀវទេសចរ និងប្រជាពលរដ្ឋមានពេលវេលាច្រើនក្នុងការទៅកម្សាន្តនៅគោលដៅទេសចរណ៍នានា។

លោកបានបញ្ជាក់ទៀតថា “គោលដៅទេសចរណ៍ខេត្តតំបន់ឆ្នេរសមុទ្រ គោលដៅអេកូទេសចរណ៍ ទេសចរណ៍ផ្សងព្រេង និងរមណីយដ្ឋានឯកជនដែលមានការកែច្នៃបែបទេសចរណ៍ធម្មជាតិ ជាគោលដៅចម្បងរបស់ភ្ញៀវទេសចរ ដែលជានិន្នាការថ្មីនៃការធ្វើដំណើរកម្សាន្តក្នុងបរិបទគន្លងថ្មី ជាពិសេសភាពងាយស្រួលក្នុងការរក្សាគម្លាតសុវត្ថិភាព និងការជួបជុំជាលក្ខណៈក្រុមគ្រួសារ និងមិត្តភក្តិ”។

ទោះបីមានការកើនឡើងនៃជំងឺកូវីដ-១៩ នៅតំបន់មួយចំនួននៅតាមបណ្តារាជធានី-ខេត្ត ក៏នៅតាមគោលដៅទេសចរណ៍ខ្លះនៅតែមានទេសចរទៅលម្ហែកម្សាន្តខ្លះៗផងដែរ។ គណៈបញ្ជាការឯកភាពរាជធានី-ខេត្តនៅតែបានបង្កើនការក្រើនរំលឹកដល់ភ្ញៀវទេសចរ និងពង្រឹងការអនុវត្តវិធានសុវត្ថិភាពនៅគ្រប់គោលដៅទេសចរណ៍ និងមូលដ្ឋានអាជីវកម្ម ពិសេសការអនុវត្តវិធានការ ៣កុំ ៣ការពារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here