ទូតសិង្ហបុរីស្នើសុំកិច្ចសហការជាមួយក្រសួងទេសចរណ៍កម្ពុជាដើម្បីរៀបចំព្រឹត្តិការណ៍ទេសចរណ៍រួមគ្នា

ដោយៈ សាវុធ

ភ្នំពេញៈ ឯកអគ្គរដ្ឋទូតសិង្ហបុរីថ្មីប្រចាំនៅកម្ពុជាលោកស្រីត្យូ ឡេឆេង បានស្នើសុំឱ្យមានកិច្ចសហការជាមួយក្រសួងទេសចរណ៍កម្ពុជា ដើម្បីរៀបចំព្រឹត្តិការណ៍ទេសចរណ៍ ឬព្រឹត្តិការណ៍តាំងពិព័រណ៍ទេសចរណ៍គ្នា នៅក្នុងពេលសមស្របណាមួយ។

ការស្នើសុំនេះ របស់លោកស្រីឯកអគ្គរដ្ឋទូតសិង្ហបុរីថ្មីរូបនេះ បានធ្វើឡើង ក្នុងកិច្ចជួបពិភាក្សាការងារជាមួយឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១។

លោករដ្ឋមន្ត្រីថោង ខុនបានលើកឡើងអំពីវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងកម្ពុជា និងសិង្ហបុរី ដែលបានធ្វើឱ្យកំណើនទេសចរ ទៅមកប្រទេសទាំងពីរមានការកើនឡើង នៅមុនពេលផ្ទុះជំងឺកូវីដ-១៩។ ប៉ុន្តែដោយសារជួបនូវវិបត្តិសកលនេះហើយ កំណើនទេសចរអន្តរជាតិនៅកម្ពុជាក៏មានការធ្លាក់ចុះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកថោង ខុនបានថ្លែងក្នុងជំនួបដដែលនេះថា រាជរដ្ឋាភិបាលកម្ពុជាបានអនុម័តដាក់ចេញ «ផែនទីចង្អុលផ្លូវស្ដីពីផែនការស្ដារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិកូវីដ-១៩» ដើម្បីធ្វើជាត្រីវិស័យក្នុងការស្ដារ និងលើកស្ទួយវិស័យទេសចរណ៍ជាតិកម្ពុជាឡើងវិញ ហើយកម្ពុជាក៏ត្រូវការកិច្ចសហប្រតិបត្តិការពីបណ្ដាប្រទេសជាដៃគូ ក្នុងនោះក៏មានភាគីសិង្ហបុរីផងដែរ។

ក្នុងឱកាសជំនួបនោះលោកស្រី ត្យូ ឡេឆេង បានបង្ហាញការគាំទ្រ និងពេញចិត្តចំពោះកិច្ចសហប្រតិបត្តិនេះយ៉ាងខ្លាំង ដោយលោកជំទាវបានបញ្ជាក់ថា រដ្ឋាភិបាលសាធារណរដ្ឋសិង្ហបុរី ក៏ដូចជាស្ថានទូតសិង្ហបុរីប្រចាំនៅកម្ពុជា នៅតែគាំទ្រកិច្ចសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងទេសចរណ៍ ក្នុងការអនុវត្តផែនការស្ដារវិស័យទេសចរណ៍កម្ពុជាឡើងវិញ និងនៅតែបន្តកិច្ចសហប្រតិបត្តិការផ្សេងទៀត ជាមួយមិត្តកម្ពុជាផងដែរ។

លោកស្រីឯកអគ្គរដ្ឋទូតបានបន្តថា នៅពេលដែលវិបត្តិជំងឺកូវីដ-១៩ បានធូរស្រាលទៅវិញ នឹងបង្កើនកិច្ចសហប្រតិបត្តិការជួយគ្នាទៅវិញទៅមក ពិសេសលើការបណ្ដុះបណ្ដាលធនធានមនុស្ស ការបើកឱ្យមានចលនាទេសចរទៅមកប្រទេសទាំងពីរ ដែលគោរពតាមវិធានសុវត្ថិភាព របស់ក្រសួងសុខាភិបាល នៃប្រទេសទាំងពីរ។

មិនតែប៉ុណ្ណោះ សាធារណរដ្ឋសិង្ហបុរីក៏បានគាំទ្រយ៉ាងពេញទំហឹងចំពោះប្រទេសកម្ពុជា ដែលត្រៀមធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំ «វេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២២» និង «ព្រឹត្តិការណ៍កីឡាស៉ីហ្គេម ឆ្នាំ២០២៣» ផងដែរ។

លោកជំទាវ ត្យូ ឡេឆេង បានស្នើសុំកិច្ចសហការជាមួយក្រសួងទេសចរណ៍កម្ពុជា ដើម្បីរៀបចំព្រឹត្តិការណ៍ទេសចរណ៍ ឬព្រឹត្តិការណ៍តាំងពិព័រណ៍ទេសចរណ៍ នៅក្នុងពេលសមស្របណាមួយ ដែលស្របនឹងវិធានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ក្នុងគោលដៅរួមចំណែកស្ដារ និងលើកស្ទួយវិស័យទេសចរណ៍ នៃប្រទេសមិត្តទាំងពីរឡើងវិញ។

ជាមួយគ្នានេះស្ថានទូតសិង្ហបុរី ក៏បានបង្ហាញការគាំទ្រ ចំពោះការគិតគូរបស់ក្រសួងទេសចរណ៍ និងក្រសួងសុខាភិបាលកម្ពុជា ក្នុងការរៀបចំយុទ្ធសាស្ត្រត្រៀមទទួល ភ្ញៀវទេសចរអន្តរជាតិទាំងឡាយណា ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដរួចហើយនោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here