ដោយៈ លក្ខិណា
ភ្នំពេញៈ ក្រសួងកសិកម្ម និងក្រសួងកសិកម្ម ស្បៀងអាហារ និងកិច្ចការជនបទកូរ៉េ បានប្រកាសពីការសហការគ្នា ក្នុងការជំរុញការផ្សព្វផ្សាយបច្ចេកវិទ្យាកសិកម្ម តាមប្រព័ន្ធឌីជីថល។
កិច្ចសហការនេះ ដោយមានការគាំទ្រពីទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA ) ក្នុងទំហំទឹកប្រាក់៧លានដុល្លារអាមេរិករយៈពេល៥ឆ្នាំ ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កម្ពុជានៅថ្ងៃទី១៧មិថុនា ២០២១នេះ ។
យោងតាមសេចក្តីប្រកាសដដែលនេះឱ្យដឹងថា គម្រោងនេះ រៀបចំឡើងក្នុងគោលបំណងមួយចំនួនដូចជា ទី១ជំរុញការប្រើប្រាស់បច្ចេកវិទ្យា ផ្សព្វផ្សាយកសិកម្មតាមប្រព័ន្ធឌីជីថល រៀបចំហេដ្ឋារចនាសម័្ពន្ធ និងការប្រើប្រាស់ប្រព័ន្ធឌីជីថលឱ្យមានប្រសិទ្ធភាព ទី២ ពង្រឹងដំណើរការប្រព័ន្ធឌីជីថល និងអត្រាអ្នកទទួលបានចំណេះដឹង លើការប្រើប្រាស់ប្រព័ន្ធឌីជីថល សម្រាប់ការផ្សព្វផ្សាយកសិកម្ម និងទី៣ ពង្រឹងសមត្ថភាពមន្រ្តីផ្សព្វផ្សាយ និងភ្នាក់ងារផ្សព្វផ្សាយកសិកម្មឃុំ លើបច្ចេកវិទ្យាឌីជីថល។
សកម្មភាព និងលទ្ធផលសំខាន់ៗរបស់គម្រោង មានដូចជា បង្កើតកម្មវិធីក្នុងទូរស័ព្ទ (Mobile Application) សម្រាប់អ្នកប្រើប្រាស់ ដើម្បីទទួលសេវាព័ត៌មានកសិកម្ម ដែលមានអត្ថប្រយោជន៍ ដល់ភាគីពាក់ព័ន្ធដូចជាអ្នកផលិត (កសិករ សហគមន៍កសិកម្ម) អ្នកជំនួញ អ្នកកែច្នៃ និងភ្នាក់ងារផ្សព្វផ្សាយ។
បង្កើតមជ្ឈមណ្ឌលសិក្សាសហគមន៍ (Community Learning Center) ចំនួន១០០ នៅក្នុងខេត្តគោលដៅទាំង១០ខេត្ត ដើម្បីផ្តល់នូវឱកាស និងជាកន្លែងផ្លាស់ប្តូរបទពិសោធចំណេះដឹង និងព័ត៌មានផ្សេងៗ រវាងកសិករភ្នាក់ងារផ្សព្វផ្សាយមន្រ្តីបច្ចេកទេស។ បណ្តុះបណ្តាលភ្នាក់ងារផ្សព្វផ្សាយឃុំ ចំនួន២០០នាក់ បានក្លាយជាអ្នកជំនាញប្រើប្រាស់ប្រព័ន្ធផ្សាព្វផ្សាយឌីជីថល ដើម្បីផ្សព្វផ្សាយ និងគាំទ្របច្ចេកទេសដល់កសិករនៅក្នុងមណ្ឌលសិក្សាសហគមន៍។
បង្កើតមជ្ឈមណ្ឌលសិក្សាចល័តចំនួន១០ (Mobile Extension Clinic) ដែលអាចឱ្យកសិករមានឱកាសបានលើកឡើងនូវបញ្ហា និងដោះស្រាយបានភ្លាមៗ ពីអ្នកបច្ចេកទេសដែលទាក់ទង នឹងបច្ចេកទេសកសិកម្មដូចជា កត្តាដី ការប្រើប្រាស់ជី ការគ្រប់គ្រងកត្តាចង្រៃ ផលិតកម្មដំណាំបន្លែ ផលិតកម្មដំណាំស្រូវ ដំណាំឧស្សាហកម្ម វារីវប្បកម្ម និងការចិញ្ចឹមសត្វជាដើម។
វិស័យកសិកម្មកម្ពុជា ត្រូវបានមើលឃើញថាកំពុងដើរតួនាទីសំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ហើយរដ្ឋាភិបាលក៏បានជួយគាំទ្រ និងលើកទឹកចិត្តដល់សហគ្រិនក៏ដូចជាកសិករ ក្នុងការពង្រីក និងចាប់យកការវិនិយោគលើវិស័យកសិកម្ម ដើម្បីកាត់បន្ថយការនាំចូល និងឈានដល់ការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។
យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឲ្យដឹងថា កម្ពុជាឱ្យដឹងថា ការនាំចេញផលិតផលកសិកម្មពីកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិមានទំហំទឹកប្រាក់ ប្រមាណជាង២ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល៥ដើមឆ្នាំ២០២១នេះ ដែលជាតួលេខមួយខ្ពស់ នៅក្នុងពេលដែលកម្ពុជាកំពុងជួបវិបត្តិនៃជំងឺកូវីដ១៩៕