ការអប់រំជំនាញហិរញ្ញវត្ថុដល់កុមារពិតជាមានសារសំខាន់ណាស់សម្រាប់ ឪពុកម្ដាយគ្រប់រូប

ដោយៈលក្ខិណា

ភ្នំពេញៈ ប្រជាជនកម្ពុជាមួយចំនួនធំ ហាក់មិនសូវខ្វល់ពីការបណ្ដុះបណ្ដាល អប់រំ កូនៗ ក្នុងការចាយវាយនិងប្រើប្រាស់ហិរញ្ញវត្ថុឱ្យចំគោលដៅ ឬមិនបានអប់រំកូនៗឱ្យមានតម្លាប់ក្នុងការប្រើប្រាស់ហិរញ្ញវត្ថុនោះឡើយ ដូច្នេះហើយទើបកូនៗធំឡើងនៅតែប្រឈមនឹងវិបត្តិហិរញ្ញវត្ថុ។

លោកង៉ែត ជូ អ្នកជំនាញហិរញ្ញវត្ថុម្នាក់នៅក្នុងប្រទេសកម្ពុជាបានឱ្យដឹងថា ការរៀបចំផែនការហិរញ្ញវត្ថុរបស់មនុស្សម្នាក់ៗ ពិតជាមានសារសំខាន់ណាស់ តែមានមនុស្សជាច្រើនបានមើលរំលងវា និងមិនសូវចាប់អារម្មណ៍នោះទេ ជាពិសេសការអប់រំកូនៗពីទម្លាប់ហិរញ្ញវត្ថុ ហើយពួកគេតែងតែរៀបចំហិរញ្ញវត្ថុឱ្យកូនៗ ទៅតាមបែបជាងចម្លាក់ ពោលគឺគេចង់បានបែបណា គេនឹងប្រាប់កូនៗបែបនោះ តែមិនទម្លាប់ឬមិនបង្ហាញឱ្យពួកគេឃើញ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា “អ្នកដែលមានទ្រព្យធនប៉ុនណា បើសិនជាមិនបានអប់រំកូនៗឱ្យមានចំណេះដឹងហិរញ្ញវត្ថុនោះទេ ដល់ជំនាន់កូនចៅក្រោយៗ ពួកនឹងបាត់បង់ទ្រព្យធនម្ដងបន្តិចៗរហូតដល់កូនចៅក្រោយៗទៀត នឹងអាចធ្លាក់ខ្លួនក្រជាក់ជាមិនខាន”។លោកបន្តថា “ប៉ុន្តែបើសិនជាគេចេះអប់រំឱ្យកូននិងជំរុញឱ្យ គេចេះបែងចែកហិរញ្ញវត្ថុ ដល់ពេលជំនាន់ក្រោយៗនឹងអាចកើនទ្រព្យបន្ថែម ពីលើដូនតារបស់ពួកគេទៅទៀត”។

លោកង៉ែត ជូបានបន្តថា មានគ្រួសារខ្មែរមួយចំនួនកំពុងតែគិតខុស ដោយនិយាយថាកូនចៅនៅក្មេងៗ មិនគួរបណ្ដែតបណ្ដោយឱ្យចាយលុយនោះទេ អាចធ្វើឱ្យកូនៗនោះខូចជាដើម តែធាតុពិតបើសិនជាយើង មិនបានឱ្យពួកគេកាន់លុយទាល់តែសោះ ហើយពេលគេធំឡើងមានការងារធ្វើ រកលុយបានគេមិនដឹងថា យកលុយនោះទៅធ្វើអ្វីនោះឡើយ។ តែបើសិនជាយើងជាអាណាព្យាបាល បានបង្ហាញនូវទម្លាប់ក្នុងការចាយវាយ ពួកគេនឹងយកគំរូយើង និងចេះចាយវាយលុយដែលរកបាននោះ ទៅធ្វើអ្វីដែលអាចជួយបង្កើនចំណូលពួកគេកាន់តែច្រើនថែមទៀត។

លោកបញ្ជាក់ថា តាមការសន្និដ្ឋានរបស់សហរដ្ឋអាមេរិក អ្នកដែលមិនធ្លាប់មានហើយពួកគេបានត្រូវឆ្នោតរាប់លានដុល្លារ មិនយូរទេ ពួកគេនឹងអាចធ្លាក់ខ្លួនក្រវិញ ព្រោះតែពួកគេមិនចេះយកលុយ ដែលបានពីការត្រូវឆ្នោតនោះទៅវិនិយោគ ឬបែងចែក ដើម្បីបានចំណូលរហូត។ លុយទោះបីជាច្រើនប៉ុនណាក៏ដោយ បើសិនជាយកវាទៅបង្កើតលុយបន្ត ថ្ងៃណាមួយវាគង់នឹងអស់ទៅវិញជាមិនខាន។

ដោយសារតែចំណេះដឹងហិរញ្ញវត្ថុ មានសារសំខាន់បែបនេះ មានសាលាអន្តរជាតិមួយចំនួននៅក្នុងប្រទេសកម្ពុជា បាននាំចូលកម្មវិធីសិក្សាចំណេះដឹងហិរញ្ញវត្ថុ ពីប្រទេសល្បីៗ មកបណ្ដុះបណ្ដាលសិស្សរបស់ខ្លួនតាំងពីថ្នាក់ទាបទៅ ដើម្បីជាដើមទុនដល់សិស្សទាំងនោះ ពេលពួកគេធំឡើងអាចចេះបែងចែកហិរញ្ញវត្ថុបានល្អ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here