ក្រសួងពាណិជ្ជកម្មស្នើទូតស៊ុយអែតជួយជំរុញក្រុមហ៊ុនផលិតគ្រឿងសង្ហារឹមធំលើពិភពលោក IKEA មកវិនិយោគនៅកម្ពុជា

ដោយៈ ម៉ាណេត

ភ្នំពេញៈ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម លោកប៉ាន សូរស័ក្តិបានស្នើដល់ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រស៊ុយអែត ជួយសម្របសម្រួលដល់ក្រុមហ៊ុនគ្រឿងសង្ហារឹមលើពិភពលោក IKEA មកវិនិយោគនៅកម្ពុជា ខណៈការកែច្នៃគ្រឿងសង្ហារឹមកំពុងមានការរីកចម្រើនខ្លាំងនៅកម្ពុជា។

លោកប៉ាន សូរស័ក្ដិរដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្មបានស្នើដូច្នេះ អំឡុងពេលកិច្ចពិច្ចពិភាក្សាជាមួយលោក BJÖRN HÄGGMARK ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រស៊ុយអែតប្រចាំព្រះរាជាណាចក្រកម្ពុជានាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ខណៈលោកបានបញ្ចប់អាណត្តិបេសកកម្មការទូតនៅកម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោករដ្ឋមន្រ្ដីបានថ្លែងថា រាជរដ្ឋាភិបាលស៊ុយអែត បានចូលរួមយ៉ាងសកម្មក្នុងកិច្ចសហប្រតិបតិ្តការលើវិស័យសំខាន់ៗ រួមមាន៖ ពាណិជ្ជកម្ម អប់រំ ការកសាងសមត្ថភាពមន្រ្តីរាជការ និងការគាំទ្រភាពជាដៃគូរវាងរដ្ឋនិងឯកជន (PPP) នៅកម្ពុជា។

ជាមួយគ្នានេះដែរ ភាគីកម្ពុជា ក៏បានស្នើឱ្យបន្តជួយសម្របសម្រួលជំរុញធុរជន និងវិនិយោគិនស៊ុយអែតសំខាន់ៗ ដូចជា៖ ក្រុមហ៊ុនគ្រឿងសង្ហារឹម IKEA និងក្រុមហ៊ុនផលិតរថយន្ត Volvo មកស្វែងរកឱកាសធុរកិច្ច ខណៈដែលការកែច្នៃគ្រឿងសង្ហារឹម និងការផលិតគ្រឿងបង្គំ និងបន្លាស់យានយន្តកំពុងមានកំណើនខ្លាំងនៅកម្ពុជា និងការវិនិយោគលើវិស័យដទៃរួមមាន៖ ការកែច្នៃចំណីអាហារ និងផ្លែឈើតំបន់ត្រូពិច។

លោក BJÖRN HÄGGMARK ជឿជាក់ថា ស្ថានទូតស៊ុយអែតប្រចាំកម្ពុជាដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក នឹងបន្តកិច្ចសហប្រតិបត្តិការល្អ ជាមួយក្រសួងពាណិ​ជ្ជកម្ម ក្នុងគោលបំណងលើកកម្ពស់កិច្ចសន្ទនា និងទំនាក់ទំនងពាណិជ្ជកម្មកម្ពុជា-ស៊ុយអែត។

ក្រុមហ៊ុន IKEA ដែលជាក្រុមហ៊ុនលក់រាយគ្រឿងសិង្ហារិម ធំជាងគេបំផុតនៅលើពិភពលោក និងជាក្រុមហ៊ុនផលិត ច្នៃប្រឌិត និងលក់គ្រឿងសិង្ហារិម សម្ភារៈផ្ទះបាយ និងគ្រឿងប្រើប្រាស់ក្នុងគេហដ្ឋាន ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៤៣ នៅប្រទេសស៊ុយអែត ។ ក្រុមហ៊ុនមានសាខាផ្សារជាង៤០០សាខា នៅក្នុង ៤៩ប្រទេស ហើយនៅអាស៊ីអាគ្នេយ៍ ផ្សារនេះមានវត្តមាននៅសិង្ហបុរី ម៉ាឡេស៊ី និងថៃ។

ទំហំពាណិជ្ជកម្មកម្ពុជា-ស៊ុយអែត នៅឆ្នាំ២០២០ មានចំនួន៦៤លានដុល្លារអាមេរិក ខណៈដែលរយៈពេល៥ខែ នៅឆ្នាំ២០២១ មានចំនួន២៣លានដុល្លារអាមេរិក៕

LEAVE A REPLY

Please enter your comment!
Please enter your name here