ពាណិជ្ជកម្មទ្វេភាគរីកម្ពុជា-កូរ៉េសម្រេចបានជាង៣០០លានដុល្លារ ខណៈប្រទេសទាំងពីរត្រៀមចុះFTAក្នុងពេលឆាប់ៗខាងមុខ

ដោយៈ សាវុធ

ភ្នំពេញៈ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជានិងកូរ៉េ សម្រេចបានទំហំទឹកប្រាក់ជាង៣០២លានដុល្លារ រយៈពេល៥ខែ គិតចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២១នេះ កើនឡើង២.៦៦% បើប្រៀបធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២០។ នេះបើតាមរបាយការណ៍ របស់ក្រសួងពាណិជ្ជកម្ម។

ទិន្ន័យរបស់ក្រសួង បានឱ្យដឹងថា កម្ពុជាបាននាំចេញទៅកូរ៉េ ក្នុងទំហំទឹកប្រាក់ជាង៧៥លានដុល្លាររយៈពេល៥ខែ ដើមឆ្នាំ២០២១នេះ ខណៈការនាំចូលពីកូរ៉េវិញ ក្នុងទំហំទឹកប្រាក់ជាង២២៦លានដុល្លារ។ទំនិញដែលកម្ពុជា នាំចេញទៅកូរ៉េ មានដូចជា សំលៀកបំពាក់ គ្រឿងអេឡិកត្រូនិក ស្បែកជើង ភេសជ្ជៈ កាបូប កៅស៊ូ ឱសថ និងក្រដាសកាតុង ជាដើម -ល-។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ខណៈទំនិញដែលកម្ពុជា នាំចូលពីកូរ៉េច្រើនបំផុតមាន ដូចជា ក្រណាត់ត្បាញ រថយន្តដឹកទំនិញ ភេសជ្ជៈ គ្រឿងអេឡិកត្រូនិក គ្រឿងម៉ាស៊ីន វត្ថុតុបតែងលម្អផ្ទះ ឱសថ សាប៊ូ និងផលិតផលប្លាស្ទិក ជាដើម -ល-។

ជាគ្នានេះដែរ លោកស៊ាង ថៃរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មធ្លាប់បានបញ្ជាក់ថា ការចុះហត្ថលេខា លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-កូរ៉េ (FTA) មានការយឺតយ៉ាវជាងផែនការបន្ដិច ដោយសារបញ្ហាការរីករាលដាល នៃជំងឺកូវីដ-១៩។

បើទោះបីជាយ៉ាងនេះក្ដី លោកបានថ្លែងថា បញ្ហាការរីករាលដាលនៃជំងឺកូវីដ១៩នេះ វាមិនអាចរាររាំងដំណើរការ នៃការចរចាបង្កើត កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-កូរ៉េ បានទេ។ ខណៈប្រទេសទាំងពីរ នឹងរកពេលវេលាសមស្រប ដើម្បីចុះហត្ថលេខា។

លោកស៊ាង ថៃបានថ្លែងថា “ខាងកម្ពុជាយើង បាននិងកំពុងរៀបចំនីតិវិធីផ្ទៃក្នុង ស្នើសុំសិទ្ធិប្រទានពីប្រមុខរាជរដ្ឋាភិបាល សម្រាប់ឯកឧត្ដមរដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្ម ចុះហត្ថលេខា។ ភាគីទាំងពីរ នឹងរកពេលវេលាសមស្រប ដើម្បីចុះហត្ថលេខា លើកិច្ចព្រមព្រៀងនោះ”។

លោកបានបន្ថែមថា “ជាការពិត ការរាតត្បាតនៃជំងឺកូវីដ-១៩ បានបង្កផលប៉ះពាល់ខ្លះដែរ តែមិនអាចរាររាំងដំណើរការ នៃការចរចាបង្កើត កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-កូរ៉េ បានទេ គ្រាន់តែយឺតជាងផែនការបន្តិច”។

កាលពីពេលថ្មីៗនេះ កម្ពុជា-កូរ៉េ បានប្រកាសបិទបញ្ចប់ជាផ្លូវការ នូវកិច្ចចរចាព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-កូរ៉េ (FTA) ក្រោមការចូលរួមពី លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម និងភាគីកូរ៉េខាងត្បូង ដឹកនាំដោយលោកស្រី យូ ម្យូងហ៊ី (Yoo Myung-Hee) រដ្ឋមន្រ្ដីពាណិជ្ជកម្មកូរ៉េខាងត្បូង។

បន្ទាប់ពីការប្រកាសបញ្ចប់ ការចរចាជាផ្លូវការ នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ ប្រទេសទាំងពីរ នឹងអនុវត្តនីតិវិធីក្នុងស្រុក សម្រាប់ចុះហត្ថលេខា លើកិច្ចព្រមព្រៀងទ្វេភាគីនេះ នៅពេលខាងមុខ។

ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-កូរ៉េ មានគោលបំណងពង្រឹងភាព ជាដៃគូសេដ្ឋកិច្ច និងពង្រីកការធ្វើសេរីភាវូបនីយកម្មពាណិជ្ជកម្មទ្វេភាគី ឲ្យកាន់តែទំលំទូលាយ ដោយផ្ដល់ប្រយោជន៍ឲ្យគ្នាទៅវិញទៅមក សំដៅបង្កើនផលប្រយោជន៍សេដ្ឋកិច្ច និងសុខមាលភាព ប្រជាជន និងធុរកិច្ចនៃប្រទេសទាំង២៕

LEAVE A REPLY

Please enter your comment!
Please enter your name here