ការផ្ទុះការឆ្លងរាតដាលវីរុសកូវីដ-១៩នៅប្រទេសថៃកំពុងគំរាមកំហែងដល់ វិស័យនាំចេញនិងការងើបឡើងនៃសេដ្ឋកិច្ច

ដោយៈសុខុម

បាងកក: ការផ្ទុះការឆ្លងរាលដាលវីរុសកូវីដ-១៩ ជាបន្តបន្ទាប់នៅតាមបណ្ដារោងចក្រក្នុងប្រទេសថៃ កំពុងបង្កការព្រួយបារម្ភកាន់តែខ្លាំងឡើងថា វិស័យនាំចេញអាចនឹងរងផលប៉ះពាល់ធ្ងន់ធ្ងរ។ នេះបើយោងតាមសារព័ត៌មាន The Edge Markets ចុះ ផ្សាយនៅថ្ងៃទី១៤ មិថុនា នេះ។

កត្តានេះ បានគំរាមកំហែងកាន់តែខ្លាំងដល់ការងើបឡើងនៃសេដ្ឋកិច្ច ខណៈប្រទេ​សនេះ កំពុងប្រឹងប្រែងងើបចេញពីវិបត្តិកូវីដ-១៩ ដែលបានជះផលប៉ះពាល់ធ្ងន់ធ្ងរចំពោះឧស្សាហកម្មទេសចរណ៍ ដ៏មានសារៈសំខាន់របស់ប្រទេសនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

វីរុសនេះបានផ្ទុះការរាតដាល នៅតាមរោងចក្រជាង១៣០កន្លែង ក្នុងនោះរួមមានទាំងរោងចក្រផ្គត់ផ្គង់ដល់ម៉ាកយីហោ (Brand) អន្តរជាតិផងដែរ ដោយផ្ទុះករណីឆ្លងជាង៧.១០០ករណីនៅក្នុងខេត្តចំនួន១១។ រោងចក្រ ពន្ធនាគារ និងការដ្ឋានសំណង់ស្ថិតក្នុងចំណោមប្រភពផលិតកម្ម ដែលមានករណីឆ្លងវីរុសកូវីដ-១៩ ខ្ពស់បំផុត។

ទិន្នន័យរបស់រដ្ឋាភិបាលបង្ហាញថា រោងចក្រដែលផ្ទុះការឆ្លងវីរុសកូវីដ-១៩ នេះគ្រាន់តែជាចំណែកមួយតូចប៉ុណ្ណោះ បើធៀបទៅនឹងរោងចក្រសរុបប្រមាណ៦៣.០០០កន្លែងនៅក្នុងប្រទេសនេះ ដែលផ្ដល់ការងាររហូតដល់ទៅ៣,៤លានកន្លែង ប៉ុន្តែក្រុមមន្ត្រីព្រួយបារម្ភពីផលប៉ះពាល់នេះ ជះទៅលើការនាំចេញ ដែលមានសារៈសំខាន់សម្រាប់រក្សាឱ្យសេដ្ឋកិច្ច ដែលកំពុងត្រដាបត្រដួសនេះបន្តទៅមុខ ខណៈប្រាក់ចំណូលពីវិស័យទេសចរណ៍បានរលាយបាត់អស់។

នៅក្នុងឆ្នាំ២០២០ ការនាំចេញមានចំនួនស្មើនឹង៤៥ភាគរយ នៃផលិតផលក្នុងស្រុកសរុប (GDP)។ សេដ្ឋកិច្ចដែលពឹងផ្អែកខ្លាំងលើវិស័យទេសចរណ៍ និងដែលជាមជ្ឈ​មណ្ឌលពាណិជ្ជកម្មពិភពលោកមួយនេះ បានដាំក្បាលចុះ៦,១%កាលពីឆ្នាំមុន ហើយកាលពីខែមុន រដ្ឋាភិបាលបានកាត់បន្ថយការព្យាករណ៍របស់ខ្លួនអំពីកំណើន GDP លើកមុនសម្រាប់ឆ្នាំ២០២១ ពី២,៥%-៣,៥%មកនៅត្រឹម១,៥%-២,៥%។

អនុប្រធានសហព័ន្ធឧស្សាហកម្មថៃលោក Kriengkrai Thiennukulបានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា គ្រឿងអេឡិចត្រូនិក ស្រោមដៃប្លាស្ទិក និងស្បៀងអាហារស្ថិតក្នុងចំណោមវិស័យនាំចេញ ដែលរងផលប៉ះពាល់ ដោយសារការឆ្លងរាលដាលនេះ។ ទោះជាយ៉ាងណាលោកថា ពេលនេះឆាប់រហ័សពេក ដូច្នេះមិនទាន់អាចធ្វើការវាយតម្លៃអំពីផលប៉ះពាល់សរុបបានទេ។

លោកបានបន្ថែមថា “ប្រសិនបើផលប៉ះពាល់នេះបន្តកើនឡើង ដូចនេះកម្មករនៅតាមរោងចក្រនានា នឹងត្រូវចាក់វ៉ាក់សាំងឱ្យបានគ្រប់គ្នា”។

រោងចក្រចំណីអាហារ Charoen Pokphand foods Pcl ដែលនាំចេញពីប្រទេសថៃទៅកាន់៤០ប្រទេសបានលើកឡើងថា រោងចក្រមួយដែលបានបិទរួចទៅហើយ ដោយ​សារការឆ្លងវីរុសកូវីដ-១៩ មានសមត្ថភាពផលិតស្មើនឹង១០%នៃផលិតកម្មសាច់មាន់។

Thai President Foods Pcl ដែលជាក្រុមហ៊ុនផលិតមី បានបិទទ្វាររោងចក្រមួយរួចទៅហើយ។ ការលក់នៅក្រៅប្រទេសមានប្រហែល១ ភាគ៣នៃការលក់អាហារពាក់កណ្តាលសម្រេចរបស់ក្រុមហ៊ុន។

រោងចក្រខ្លះ បានបន្តប្រតិបត្តិការដោយផ្នែកខ្លះ ខណៈរោងចក្រផ្សេងទៀតបានបិទទ្វារជាបណ្តោះអាសន្ន និងធ្វើចត្តាឡីស័កកម្មកររបស់ពួកគេ។ ការផ្ទុះការឆ្លងរាលដាលនេះបានធ្វើឱ្យទំនុកចិត្ត លើឧស្សាហកម្មធ្លាក់ចុះដល់កម្រិតទាបរយៈពេល១១ខែ។

ប្រទេសថៃ មានករណីឆ្លងវីរុសកូវីដ-១៩ សរុបចំនួន១៩៩.២៦៤ករណី និងស្លាប់រហូតដល់១.៤៦៦ករណី ដោយជាង៨០%នៃករណីថ្មី និង៩០%នៃករណីស្លាប់ទាំងនេះត្រូវបានរាយការណ៍ក្រោយខែមេសា៕

LEAVE A REPLY

Please enter your comment!
Please enter your name here