ក្រុមហ៊ុនអូទ្រីស AT&S បោះទុនជាង២ពាន់លានដុល្លារសង់រោងចក្រនៅម៉ាឡេស៊ី

ដោយៈសុខុម

គូឡាឡាំពួៈ ក្រុមហ៊ុនផលិតបន្ទះឈីបដំដាប់ពិភពលោក AT&S ដែលមានទីស្នាក់ការកណ្តាលនៅប្រទេសអូទ្រីស បានជ្រើសយកប្រទេសម៉ាឡេស៊ី ជាគោលដៅសម្រាប់ការបង្កើតរោងចក្រផលិតទី១របស់ខ្លួននៅអាស៊ីអាគ្នេយ៍។ នេះបើយោងតាមសារព័ត៌មាន The Edge Markets ចុះផ្សាយនៅថ្ងៃទី១០ មិថុនា។

លោក Datuk Seri Mohamed Azmin Ali ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីពាណិជ្ជកម្ម និងឧស្សាហកម្មអន្តរជាតិ បានចេញសេចក្តីថ្លែងការណ៍មួយនៅថ្ងៃនេះថា គម្រោងរោងចក្រផលិតបន្ទះឈីប ជាមួយនឹងទុនវិនិយោគ២,០៦៨ពាន់លានដុល្លារនេះ នឹងមានទីតាំងស្ថិតនៅក្នុងសួនឧស្សាហកម្ម Kulim Hi-Tech Park ក្នុងរដ្ឋ Kedah។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានគូសបញ្ជាក់ថា រោងចក្រថ្មីនេះ នឹងបង្កើតការងារថ្មីបាន៥.០០០កន្លែងសម្រាប់ពលរដ្ឋក្នុងស្រុក។
នៅក្នុងសេចក្តីថ្លែងការណ៍ដដែល លោកនាយករដ្ឋមន្រ្តី Tan Sri Muhyiddin Yassin បានថ្លែងថា ការសម្រេចចិត្តរបស់ក្រុមហ៊ុន AT&S ឈានជើងមកវិនិយោគនៅប្រទេសម៉ាឡេស៊ី បង្ហាញពីទំនុកចិត្តរបស់ក្រុមហ៊ុននេះ មកលើសមត្ថភាព និងកំណើនប្រកបដោយនិរន្តរភាព នៃសេដ្ឋកិច្ចរបស់ប្រទេសម៉ាឡេស៊ី។

លោកបានលើកឡើងថា មានកត្តាជាច្រើនដែលក្រុមហ៊ុនបច្ចេកវិទ្យា ជាន់ខ្ពស់ធំៗជ្រើសរើសប្រទេសម៉ាឡេស៊ី ធ្វើជាគោលដៅវិនិយោគ។ កត្តាទាំងនោះរួមមាន ប្រទេសនេះសម្បូរដោយកម្មករជំនាញផ្នែកអគ្គិសនី គ្រឿងអេឡិចត្រូនិក មានបរិយាកាសវិនិយោ​គអំណោយផល ព្រមទាំងមានសង្វាក់ផ្គត់ផ្គង់ជាអន្តរជាតិ។

យោងតាមសេចក្តីថ្លែងការណ៍នោះឱ្យដឹងថា ដំណើរការសាងសង់រោងចក្រនេះគ្រោងនឹងចាប់ផ្តើមនៅក្នុងឆមាសទី២ ចុងឆ្នាំ២០២១នេះ ហើយគ្រោងដំណើរការផលិតនៅឆ្នាំ២០២៤។

ទន្ទឹមនឹងនេះដែរ លោក Andreas Gerstenmayer នាយកប្រតិបត្តិក្រុមហ៊ុន AT&S បានថ្លែងថា មូលហេតុដែលក្រុមហ៊ុនជ្រើសរើសប្រទេសម៉ាឡេស៊ី ជាគោលដៅវិនិយោគដោយសារមើលឃើញថា ពិភពលោកកំពុងចាប់អារម្មណ៍ខ្លាំង មកលើប្រទេសនេះជាគោលដៅវិនិយោគ៕

LEAVE A REPLY

Please enter your comment!
Please enter your name here