ក្រុមហ៊ុនមូលនិធិវិនិយោគ ADQ របស់អារ៉ាប់រួមអេមីរ៉ាតចរចាច្របាច់បញ្ចូលក្រុមហ៊ុនបដិសណ្ឋារកិច្ច២ជាមួយទំហំទឹកប្រាក់ដ៏ច្រើន

ដោយៈសុខុម

ក្រុងឌូបៃ: ក្រុមហ៊ុនមូលនិធិវិនិយោគ ADQ នៃក្រុងអាប៊ូដាប៊ី ប្រទេសអារ៉ាប់រួមអេមីរ៉ាត បានដាក់សំណើសុំចរចាច្របាច់បញ្ចូល ក្រុមហ៊ុនបដិសណ្ឋារកិច្ចចំនួន២ ដើម្បីបង្កើតក្រុមហ៊ុនបដិសណ្ឋារកិច្ចទំហំយក្សថ្មីមួយ ដែលមានទ្រព្យសកម្មសរុប៥,៤ពាន់លានដុល្លា​រ។ នេះបើយោងតាមសារព័ត៌មាន Arab News ចុះផ្សាយកាលពីថ្ងៃទី៩ មិថុនា។

ក្រុមហ៊ុនបដិសណ្ឋារកិច្ច Abu Dhabi National Hotels (ADNH) បានលើកឡើងថា ក្រុមហ៊ុនមូលនិធិវិនិយោគ ADQ បានដាក់សំណើសុំចរចា ឱ្យខ្លួនច្របាច់បញ្ចូលគ្នាជាមួ​យក្រុមហ៊ុន Abu Dhabi National Exhibitions Company (ADNEC) ដែលជាបុត្រសម្ព័ន្ធមួយរបស់ ADQ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមប្រភពទម្លាយថា ក្រុមហ៊ុនមូលនិធិវិនិយោគ ADQ បានចុះកិច្ចព្រមព្រៀងមួយចំនួនជាមួយបណ្ដាដៃគូ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ស្របពេលក្រុមហ៊ុនយក្សមួយនេះ កំពុងព្យាយាមពង្រីកខ្លួន ឱ្យកាន់តែធំដើម្បីហក់ចូលប្រឡូក ក្នុងវិស័យផ្សេងៗក្រៅពីប្រេង។

ប្រសិនបើឈានដល់កិច្ចព្រមព្រៀង ច្របាច់បញ្ចូលគ្នាជាស្ថាពរ ក្រុមហ៊ុនរួមថ្មីនេះនឹងមានសណ្ឋាគារចំនួន២៨ មជ្ឈមណ្ឌលតាំងពិព័រណ៍ចំនួន៣នៅក្រុងអាប៊ូដាប៊ី ក្រុង Al Ain (អារ៉ាប់រួមអេមីរ៉ាត) និងទីក្រុងឡុងដ៍ ព្រមទាំងក្រុមហ៊ុនបដិសណ្ឋារកិច្ច និងអាជីវកម្មចំណីអាហារ & ភេសជ្ជៈផងដែរ។

ក្រុមហ៊ុនមូលនិធិវិនិយោគ ADQ បានចេញសេចក្តីថ្លែងការណ៍ថា “ការច្របាច់បញ្ចូ​លគ្នានេះ នឹងបង្កើតបាន “ក្រុមហ៊ុនបដិសណ្ឋារកិច្ចដ៏ធំបំផុតមួយនៅក្នុងតំបន់”៕

LEAVE A REPLY

Please enter your comment!
Please enter your name here