គម្រោងសាងសង់ស្ថានីយ៍ផលិតកូនត្រីពូជតម្លៃ១,៧លានដុល្លារនឹងចូលរួមអភិវឌ្ឍន៍វិស័យវារីវប្បកម្មកម្ពុជា

ដោយៈ លក្ខិណា

ភ្នំពេញៈ រដ្ឋបាលជលផលនៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបាននិងកំពុងសាងសង់ស្ថានីយ៍ផលិតកូនត្រីពូជមួយកន្លែងលើផ្ទៃដីទំហំ១០,៤ហិកតានៅខេត្តស្ទឹងត្រែង ក្រោមគម្រោងហិរញ្ញប្បទានធនាគារពិភពលោក (M-IWRMP3-C1) ចំនួន មួយលានប្រាំពីរសែនដុល្លារអាមេរិក។

គម្រោងដែលស្ថិតនៅភូមិបាដើម សង្កាត់សាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែងនេះ នឹងជូលរួមយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យវារីវប្បកម្មកម្ពុជា ហើយវានឹងអាចកាត់បន្ថយបាននូវការនាំចូលផលិតផលវារីវប្បកម្មពីបរទេសមកក្នុងស្រុកផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមការបង្ហោះព័ត៌មានរបស់លោកវេង សាខុនរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា សំណង់នេះមានទ្រង់ទ្រាយធំ ដែលបានរៀបចំទៅតាមរចនាបទ និងបច្ចេកទេសខ្ពស់ បំពាក់ដោយឧបករណ៍ សម្ភារៈបរិក្ខារទំនើបៗសម្រាប់ដំណើរការ។

លោករដ្ឋមន្ត្រីបានឱ្យដឹងទៀតថា ស្ថានីយនេះនឹងបម្រើដល់ការសិក្សាស្រាវជ្រាវ បង្កាត់ភ្ញាស់ ប្រភេទត្រីកំពុងរងគ្រោះថ្នាក់ និងផ្គត់ផ្គង់កូនត្រីពូជ ដែលមានតម្លៃសេដ្ឋកិច្ច ដើម្បីបំពេញតម្រូវការទីផ្សារក្នុងស្រុក និងនាំចេញ។

លោកបានបន្តថាស្ថានីយ៍ផលិតកូនត្រីពូជនេះ មានស្រះមេអាចស្ដុកទឹកបាន២០.១៤០ម៉ែត្រត្រីគុណ ដែលយកប្រភពទឹកពីទន្លេសេកុង ដោយប្រើម៉ូទ័របូមទឹកចំនួន៣គ្រឿង និងមានស្រះកូនត្រីចំនួន១២ ស្រះបំប៉នត្រីសាច់ចំនួន៤ និងស្រះត្រីមេពូជចំនួន៦ទៀត មានប្រព័ន្ធប្រឡាយបញ្ចេញនិងបញ្ចូលទឹក ស្រះចម្រោះទឹកកខ្វក់និងកាកសំណល់ ដើម្បីកែលម្អរគុណភាពទឹក សម្រាប់ប្រើប្រាស់ឡើងវិញ និងការការពារបរិស្ថាន ដោយមិនបង្ហូរផ្ទាល់ចូលទៅក្នុងទន្លេ និងមានទំនប់ការពារទឹកជំនន់ដែលអាចកើតឡើងជាយថាហេតុ។

លោកបន្ថែមថា ស្ថានីយ៍នេះ មានអគារសម្រាប់ការងារពិសោធន៍ស្រាវជ្រាវ បណ្ដុះបណ្ដាល ការិយាល័យ បណ្ណាល័យ អគារបង្កាត់ ភ្ញាស់ និងថែបំប៉នកូនត្រីចំនួន៦ ព្រមទាំងអគារស្នាក់នៅ សម្រាប់មន្ត្រីរាជការ និស្សិត និងកម្មករ។ ក្នុងស្ថានីយ៍នេះ ក៏បានសាងសង់ឃ្លាំងផ្ទុកសម្ភារ ឃ្លាំងស្ដុកចំណី រោងម៉ាស៊ីនភ្លើង ប្រព័ន្ធផ្លូវបេតុង និង បណ្ដាញអគ្គិសនី ចំណតរថយន្ត របងការពារ រោងយាម និងអណ្តូងទឹកស្អាត។

លោកបញ្ជាក់ថា ទោះបីស្ថានភាពជំងឺកូវីដ១៩កំពុងរាលដាលឆ្លងក្នុងសហគមន៍ក៏ដោយ ក៏រដ្ឋបាលជលផលបាននិងកំពុងជំរុញការសាងសង់ស្ថានីយ៍នេះ ឱ្យបានរួចរាល់ជាស្ថាពរនៅខែតុលាឆ្នាំ២០២១ តាមការគ្រោងទុក។ ស្ថានីយ៍នេះនឹងមានតួនាទីយ៉ាងសំខាន់ក្នុងវិស័យជលផល ពិសេសការអភិវឌ្ឍវារីវប្បកម្មនៅភូមិភាគ ឦសាន និងធនធានជលផលទឹកសាប៕

LEAVE A REPLY

Please enter your comment!
Please enter your name here