វិស័យឧស្សាហកម្មត្រូវបានរំពឹងថានឹងងើបឡើងវិញ៤,១ភាគរយនៅក្នុងឆ្នាំ២០២១នេះ

ដោយៈលក្ខិណា

ភ្នំពេញៈ បើទោះបីជាក្នុងឆ្នាំ២០២១នេះ កម្ពុជាបានជួបនឹងវិបត្តិ ដោយសារតែកូវីដ១៩ និងមានស្ថានភាពកាន់តែធ្ងន់ធ្ងរជាងឆ្នាំមុនក្ដី តែវិស័យទ្រទ្រង់សេដ្ឋកិច្ចមួយចំនួនត្រូវបានរំពឹងថា នឹងមានកំណើនជាវិជ្ជមានឡើងវិញ ក្នុងវិស័យឧស្សាហកម្ម ក៏ត្រូវបានរំពឹងថានឹងទទួលបានកំណើនជាវិជ្ជមាន៤,១ភាគរយនៅក្នុងឆ្នាំ ២០២១នេះ។

យោងតាមព្រឹត្តិបត្រ ស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជាបានឱ្យដឹងថា កាលពីឆ្នាំមុន វិស័យឧស្សាហកម្មកម្ពុជា ត្រូវបានប៉ាន់ស្មានថាធ្លាក់ចុះ-២,២ភាគរយ តែឆ្នាំ២០២១នេះ ត្រូវបានរំពឹងថា នឹងងើបឡើងវិញក្នុងរង្វង់៤,១ភាគរយ ដោយក្នុងនោះវិស័យឧស្សាហកម្មកាត់ដេរ នឹងងើបឡើងវិញក្នុងរង្វង់១,៦ភាគរយ ខណៈឆ្នាំ២០២០កន្លងទៅវាបានធ្លាក់ចុះដល់ទៅ-៦,៧ភាគរយឯណោះ។ ដោយឡែកវិស័យឧស្សាហកម្មសំណង់ក៏ត្រូវបានព្យាករថានឹងងើបឡើងវិញ៣,៣ភាគរយ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាកន្លងទៅនេះបានបង្ហាញថា ទោះបីជាកម្ពុជាជួបវិបត្តិនឹងកូវីដ១៩ក្ដី តែកម្ពុជានៅតែទទួលបានគម្រោងវិនិយោគ ក្នុងវិស័យឧស្សាហកម្មជាពិសេសឧស្សាហកម្មកាត់ដេរ ជាបន្តបន្ទាប់ និងបង្កើតការងារជូនប្រជាពលរដ្ឋជាច្រើនផងដែរ ។

អ្នកជំនាញអចលនទ្រព្យជាច្រើនបានមើលឃើញថា ក្នុងពេលមានវិបត្តិដោយសារតែកូវីដ១៩ វិស័យផ្សេងៗ ទៀតមានផលប៉ះពាល់ តែសម្រាប់វិស័យឧស្សាហកម្ម នៅតែទទួលបានការវិនិយោគ ហើយវាបានក្លាយជាវិស័យមួយ ដែលគាំទ្រដល់សេដ្ឋកិច្ចកម្ពុជាមិនឱ្យធ្លាក់ចុះខ្លាំង។

តម្រូវការដីធ្លីសម្រាប់សាងសង់ជារោងចក្រ និងឃ្លាំងក៏ឃើញថា មានសកម្មភាពជាហូរហែដែរ ទោះក្នុងកាលៈទេសៈនៃជំងឺរាតត្បាតសាកលកូវីដ១៩ក្ដី។ ទាំងនេះវាបានបញ្ជាក់ថា សកម្មភាពនៃវិស័យនេះនៅតែបន្ត ហើយជាក់ស្ដែងការនាំចេញផលិតផល ក្នុងវិស័យយឧស្សាហកម្មកាត់ដេរ សម្លៀកបំពាក់ និងស្បែកជើង ក្នុងរយៈពេលប៉ុន្មានខែដើមឆ្នាំនេះក៏ឃើញថាមានតួលេខល្អផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here