ក្រុមហ៊ុនចិនធំមួយបោះទុន២៣៥លានដុល្លារសាងសង់រោងចក្រសំបកកង់រថយន្តថ្មីមួយនៅកម្ពុជា

ដោយៈ សាវុធ

ភ្នំពេញៈ ក្រុមហ៊ុនផលិតកង់ឡានចិន General Science Technology បានប្រកាសដើមខែមិថុនានេះថា ក្រុមហ៊ុននឹងសាងសង់រោងចក្រមួយ ដែលមានទឹកប្រាក់១៦៦លានផោន (១,៣ ពាន់លានយ័ន ឬជាង២៣៥លានដុល្លារ) នៅក្នុងប្រទេសកម្ពុជា ដែលមានសមត្ថភាព ផលិតសំបកកង់រថយន្តបាន៦លានសំបកក្នុងមួយឆ្នាំ។
នេះបើយោ​ងតាមការចេញផ្សាយរបស់គេទំព័រ European Rubber Journal នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

រោងចក្រផលិតសំបកកង់ថ្មីនេះ នឹងមានទីតាំងនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ហើយរំពឹងថានឹងចាប់ផ្តើមដំណើរការនៅខែកញ្ញា ឆ្នាំ២០២២។ ក្រុមហ៊ុន General Science Technology គឺជាក្រុមហ៊ុនដែលមានមូលដ្ឋាននៅប្រទេសចិន ដែលបានចូលរួមយ៉ាងសំខាន់ក្នុងការស្រាវជ្រាវ និងការអភិវឌ្ឍន៍ការផលិត និងលក់សំបកកង់រថយន្ត។

អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ាលឹម ហេង បានមានប្រសាសន៍ ឲ្យដឹងកាលពីពេលថ្មីៗនេះថា បច្ចុប្បន្នមានក្រុមហ៊ុនចិនជាច្រើនបាន និងកំពុងចូលមកកម្ពុជាហើយ ប៉ុន្តែការចូលមករបស់អ្នកវិនិយោគធំៗ អាចធ្វើឡើងនៅពេលឆាប់ៗនេះ ដោយវ៉ាក់សាំងកូវីដ១៩ ប្រកាសប្រើប្រាស់ជាផ្លូវការ ព្រោះអ្នកវិនិយោគធំៗពួកគេ ក៏លំបាកផងដែរ ប្រសិនជាពួកគាត់ចូលមក ត្រូវធ្វើចត្តាឡីស័ក្តិរយៈពេល១៤ថ្ងៃ។

លោកបានថ្លែងបន្តថា “ហេតុនេះការចូលមករបស់អ្នកវិនិយោគធំៗបាន និងកំពុងចាប់ផ្តើមបណ្តើរៗ និងមកកាន់តែច្រើនបន្ថែមទៀតក្រោយវិបត្តិCovid-19”។ លោកបន្តថា “ការចូលជាធរមាន នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី(FTA)នៅថ្ងៃទី១មករា ឆ្នាំ២០២១ កម្ពុជានឹងក្លាយជាទីតាំងផលិត និងចែកចាយទំនិញចិនសំរាប់តំបន់អាស៊ាន ហើយយើងនឹងរីកចម្រើនមិនចាញ់សឹង្ហបុរីនោះឡើយ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here