ដំណឹងល្អៈវ៉ាក់សាំងកន្លះលានដូសទៀតមកដល់កម្ពុជានៅព្រឹកថ្ងៃនេះ

ដោយៈគង់ ម៉ាលីនណា

ភ្នំពេញៈ វ៉ាក់សាំងសំរាប់បង្ការជំងឺកូវីដ១៩ ម៉ាក Sinovac របស់ក្រុមហ៊ុនចិនចំនួន៥០ម៉ឺនដូសទៀតហើយ នឹងត្រូវដឹកមកដល់ប្រទេសកម្ពុជានៅព្រឹកថ្ងៃនេះ ខណៈរដ្ឋាភិបាលបានទទួលការកោតសរសើរពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិលើល្បឿននៃការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ។

ជាងមួយឆ្នាំហើយដែលជំងឺកូវីដ១៩ បានរាតត្បាតនៅលើពិភពលោក។ ជាងមួយឆ្នាំនេះ កម្ពុជាបានរកឃើញមនុស្ស៣៤,៨៣៣នាក់ កើតជំងឺកូវីដ១៩ ហើយ២៦៦នាក់ បានស្លាប់បាត់បង់ជីវិត។ មកដល់ពេលនេះ វ៉ាក់សាំងកូវីដ១៩ ជាឧបករណ៍ដ៏សំខាន់មួយបន្ថែមទៀត ក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ និងជួយការពារសុខភាពរបស់មនុស្ស ពីការវាយប្រហារដោយជំងឺកូវីដ១៩។

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញយុទ្ធសាស្ត្រចាក់វ៉ាក់សាំងនេះ ឱ្យបានលឿន តាមដែលអាចធ្វើទៅបាន ជូនដល់ប្រជាពលរដ្ឋរបស់ខ្លួន។ ទន្ទឹមនឹងនេះរាជរដ្ឋាភិបាលស្វះស្វែងរកវ៉ាក់សាំង ហើយបាននាំមកដល់នូវវ៉ាក់សាំងជាបន្តបន្ទាប់ សម្រាប់ចាក់ជូនប្រជាពលរដ្ឋរបស់ខ្លួន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

គិតពីត្រឹមថ្ងៃទី០៧ ខែកុម្ភៈ មកដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ កម្ពុជាទទួលបានវ៉ាក់សាំងជាង៦លានដូសរួចហើយ សម្រាប់ចាក់ជូនប្រជាពលរដ្ឋ។ វ៉ាក់សាំងកូវីដ​១៩ ដែលកំពុងទទួលបាន ហើយកំពុងដំណើរការជូនប្រជាពលរដ្ឋនេះ គឺភាគច្រើនបំផុតជារបស់ប្រទេសចិន។

វត្តមានវ៉ាក់សាំងរបស់ចិនលើទឹកដីកម្ពុជា ត្រូវបានសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា កើតមានក្រោមចំណងទំនាក់ទំនងល្អ និងស្អិតល្មួតរវាងកម្ពុជា និងចិត្ត ហើយជាស្មារតីរួមគ្នាដ៏មុតមាំមួយ រវាងប្រទេសទាំងពីរក្នុងការយកឈ្នះលើជំងឺកូវីដ១៩។

រដ្ឋាភិបាលចិន ធ្លាប់បានប្រកាសបង្ហាញនូវជំហរមុតមាំរបស់ខ្លួន ក្នុងការជួយកម្ពុជាប្រយុទ្ធនឹងជំងឺកូវីដ១៩នេះ រហូតទទួលបានជោគជ័យ។

លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិន ធ្លាប់បានគូសបញ្ជាក់ថា ចិន និងកម្ពុជាជាបងប្អូនល្អនឹងគ្នា ដែលប្រៀបដូចដៃ និងជើង គឺជាមិត្តល្អនឹងគ្នា ដែលតែងជួយគ្នាទៅវិញទៅមក។ ដរាបណាជំងឺកូវីដនៅក្នុងប្រទេសកម្ពុជាមិនទាន់បញ្ចប់ ការផ្តល់ជំនួយរបស់ចិនមកកាន់ប្រទេសកម្ពុជា ក៏មិនអាចបញ្ឈប់បានឡើយ។ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺវីរុសកូវីដ ប្រជាជនចិន បន្តគាំទ្រជាមួយប្រជាជនកម្ពុជាជានិច្ច។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នៅក្នុងខែមិថុនា នេះ វ៉ាក់សាំងប្រមាណ ៤.៥លានដូស នឹងដឹកមកដល់ប្រទេសកម្ពុជា ដែលជាការជួយឱ្យកម្ពុជា មានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ចាក់ជូនប្រជាពលរដ្ឋ។

សម្តេចតេជោបានប្រកាសដែរថា “កម្ពុជានឹងសម្រេចការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋចំនួន១០លាននាក់ នៅក្នុងឆ្នាំ២០២១នេះ ឬយ៉ាងយូរបំផុតនៅដើមឆ្នាំ២០២២”៕

LEAVE A REPLY

Please enter your comment!
Please enter your name here