ដោយៈគង់ សូរិយា
ភ្នំពេញៈ រដ្ឋសភាកម្ពុជាបានបញ្ចប់ការពិនិត្យ និងសិក្សារួចហើយ លើសេចក្តីព្រាងច្បាប់៤ ដែលធានាថារដ្ឋាភិបាលនឹងធានាទូទាត់ថ្លៃអគ្គិសនី ឱ្យទៅក្រុមហ៊ុនឯកជន៣ ដែលមកវិនិយោគបង្កើត គម្រោងរោងចក្រអគ្គិសនីចំនួន៤កន្លែងនៅកម្ពុជា។
សេចក្តីព្រាងច្បាប់ទាំង៤នេះ នឹងត្រូវបញ្ចូលទៅក្នុងរបៀបវារៈ នៃសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦ នាពេលខាងមុខ។ នេះបើតាមកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភា កាលពីចុងសប្តាហ៍មុន។
ច្បាប់ស្តីពីការធានាការទូទាត់នេះ មានភាពស្រដៀងគ្នានឹងកិច្ចសន្យារវាងរដ្ឋ និងឯកជន លើគម្រោងវិនិយោគទឹកប្រាក់ធំៗ។
ហេតុផលសំខាន់ដែលត្រូវតែបង្កើតច្បាប់នេះ គឺដើម្បីធានាថាគម្រោងវិនិយោគរបស់វិស័យឯកជន មិនប៉ះពាល់ដល់សម្បត្តិរដ្ឋ និងដើម្បីធានាថារដ្ឋនឹងបង់ថ្លៃសេវា ឬទូទាត់ចំណាយផ្សេងៗ ដែលបានព្រមព្រៀងគ្នាឱ្យទៅឯកជន ទោះទៅអនាគតមានបញ្ហាដោយមិនបានព្រៀងទុកក្ដី។
ត្រឡប់មកសេចក្តីព្រាងច្បាប់ទាំង៤វិញ សេចក្តីព្រាងច្បាប់ទី១ និងទី២ គឺសម្រាប់ក្រុមហ៊ុន ស្មេថេក ខូ អិលធីឌី ដែលវិនិយោគលើគម្រោងអភិវឌ្ឍន៍ ខ្សែបណ្តាញបញ្ជូនតង់ស្យុង ៥០០គីឡូវ៉ុល ពីខេត្តបាត់ដំបងទៅកាន់ព្រំដែនកម្ពុជា-ថៃ និងគម្រោងខ្សែបណ្តាញបញ្ជូនតង់ស្យុង ៥០០គីឡូវ៉ុល ពីភ្នំពេញទៅព្រំដែនកម្ពុជា-ឡាវ។
ចំណែកសេចក្តីព្រាងច្បាប់ទី៣ គឺសម្រាប់ក្រុមហ៊ុនអគ្គិសនីវៀតណាម ដែលជាការធានាទិញថាមពលអគ្គិសនីពីប្រទេសវៀតណាម។
រីឯសេចក្តីព្រាងច្បាប់ចុងក្រោយ វាជាការធានាទូទាត់ទិញអគ្គសនីពីក្រុមហ៊ុន ឆាយណា ណេសិនណល ហេវី ម៉ាស៊ីនណឺរី ខបភើរេសិន ចេញពីគម្រោងអភិវឌ្ឍវារីអគ្គិសនីស្ទឹងតាតៃ អានុភាព ១៥០មេហ្កាវ៉ាត់ ខេត្តកោះកុង តំបន់ឆ្នេរភាគនារតីនៃកម្ពុជា៕