តើសេដ្ឋកិច្ចឌីជីថលជះឥទ្ធិពលអ្វីខ្លះដល់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ?

ដោយៈ ម៉ាណេត

ភ្នំពេញៈ វត្តមានរបស់បច្ចេកវិទ្យាទំនើបៗ ដែលមានការវិវត្តឥតឈប់ឈរ បាននិងកំពុងផ្លាស់ប្តូរបរិបទជីវិត វិធីគិត និងគុណភាពជីវិតផងដែរ ហើយវាបាននិងកំពុងបង្ហាញពីតួនាទីរបស់ឌីជីថលូបនីយកម្ម ក្នុងការជួយជ្រោមជ្រែងបរិស្ថានមួយ ដែលផ្តល់អត្ថប្រយោ​ជន៍ដល់ទាំងសេដ្ឋកិច្ច និងសង្គម។

ការអនុវត្តបច្ចេកវិទ្យាជឿនលឿនទាំងនោះ បានជួយឲ្យដំណើរការផលិតកម្មនាពេលបច្ចុប្បន្ន និងប្រព័ន្ធគ្រប់គ្រងអាជីវកម្ម អាចបង្កើននូវផលចំណេញបានល្អប្រសើរជាមុន និងលឿនជាងអ្វី ដែលត្រូវបានផ្តល់ជូនដោយវិធីប្រពៃណីក្នុងប្រតិបត្តិការអាជីវកម្ម។

សេដ្ឋកិច្ចឌីជីថលបានរៀបចំរចនាសម្ព័ន្ធអាជីវកម្មថ្មី ដោយផ្អែក លើប្រព័ន្ធអ៊ីនធឺណិតផ្ទៃក្នុង (intranet) និងប្រព័ន្ធអ៊ីនធឺណិតខាងក្រៅ (internet) ដែលជំរុញឲ្យមានសមិទ្ធផល និងប្រសិទ្ធផលខ្ពស់។ អ្វីដែលសំខាន់ជាងនេះទៀតនោះ គឺដំណើរការអន្តរកម្ម និងការចូលរួមកាន់តែច្រើនរវាងអ្នកលក់ និងអ្នកប្រើប្រាស់ ដែលធ្វើឲ្យអតិថិជនទទួលបានអត្ថប្រយោជន៍ជាច្រើនដូចជា តម្លាភាព តម្លៃជម្រើស ការវាយតម្លៃ និងភាពងាយស្រួល។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ដោយសារការទាមទារ ឲ្យមានការប្រើប្រាស់គំនិត និងជំនាញខ្ពស់ សេដ្ឋកិច្ចឌីជីថលដើរតួ យ៉ាងសំខាន់ក្នុងការពង្រឹង និងពង្រីកសកម្មភាពឧស្សាហកម្ម និង ជំរុញផលិតភាព និងភាពប្រកួតប្រជែងឲ្យកាន់តែធំឡើង។ ក្រៅពីនេះ សេដ្ឋកិច្ចឌីជីថល ក៏រួមចំណែ​កដល់នវានុវត្តន៍ ព្រមទាំងការបង្កើតសេវាកម្ម និងការងារថ្មីសម្រាប់ប្រជាជនដែលមានសមត្ថភាព និងទេពកោសល្យ ហើយអាចសម្របខ្លួនទៅនឹងវាបាន។

រលកនៃការផ្លាស់ប្ដូរបែបឌីជីថលនេះក៏បាន និងកំពុងផ្លាស់ប្តូរ និងជះឥទ្ធិពលយ៉ាងខ្លាំងលើវឌ្ឍនភាព និងដំណើរជីវិតរស់នៅប្រចាំថ្ងៃរបស់យើង ក្នុងការបង្កើតនូវសង្គមឌីជីថលដែលគេរំពឹងទុកថានឹង ជាបរិស្ថានមួយកាន់តែមានបរិយាបន្ន និរន្តរភាព សុវត្ថិភាព និងនវានុវត្តន៍បន្ថែមទៀត តាមរយៈការកាត់បន្ថយ និងដោះស្រាយបញ្ហា សង្គមនានា ដូចជាវិសមភាព នៃការបែងចែកផលប្រយោជន៍សេដ្ឋកិច្ច ដែលមានពីមុន។

ដើម្បីដោះស្រាយវិសមភាព និងកង្វះនបរិយាបន្ន នៃការអភិវឌ្ឍ ឌីជីថលូបនីយកម្មមានសក្តានុពលក្នុងការបង្កើនវិសាល ភាពទូលំទូលាយឲ្យបានទៅដល់ក្រុម ដែលពុំទទួ​លបានឱកាសនៅ ក្នុងទីផ្សារតាមរយៈការបញ្ចុះតម្លៃប្រតិបត្តិការ និងកាត់បន្ថយវិសមភាពនៃការទទួលបានព័ត៌មាន។

ការរីកដាលបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ដែលនាំមកដោយឌីជីថលូបនីយកម្ម អាចផ្ដល់ភាព អង់អាចដល់បុគ្គល និងក្រុមហ៊ុននានា ហើយសម្រួលបរិយាកាស រស់នៅឲ្យកាន់តែប្រសើរ តាមរយៈការបង្កើនលទ្ធភាពទទួលបាន ឱកាសនៃការធ្វើពាណិ​ជ្ជកម្មដោយសេរី និងយុត្តិធម៌ ការដឹកជញ្ជូន និងភ័ស្តុភារ សេវាហិរញ្ញវត្ថុ កម្មន្តសាល និងកសិកម្ម ការអប់រំ សេវា សុខាភិបាល និងប្រព័ន្ធផ្សព្វផ្សាយជាដើម។

សេដ្ឋកិច្ចឌីជីថល បាននាំមកនូវអត្តសញ្ញាណឌីជីថល ដែលគេជឿជាក់ថានឹងត្រួ​សត្រាយ ផ្លូវសម្រាប់អនាគតឌីជីថលប្រកបដោយសុវត្ថិភាព និងភាពធន់ជាង មុនសម្រា​ប់គ្រប់ទិដ្ឋភាពនៃជីវិត។

ដោយគួរឲ្យកត់សម្គាល់ ខណៈពេលដែលឌីជីថលូបនីយកម្មបាន នាំយកមកនូវអត្ថប្រយោជន៍ ប្រកបដោយសក្តានុពលជាច្រើន ដល់ សេដ្ឋកិច្ច និងសង្គម វាក៏បានបង្កឲ្យមានការព្រួយបារម្ភមួយចំនួន ដូចគ្នា។ ទោះបីជាមានការកើនឡើងនៃនិន្នាការឌីជីថលូបនីយកម្មក្តី ការបែងចែកឌីជីថលនៅតែជាបញ្ហាប្រឈម ដោយសារការចែកចាយមិនស្មើភាពគ្នានៃការទទួលបាន ការប្រើប្រាស់ និងផលប៉ះពាល់ នៃបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានក្នុងចំណោមប្រជាជន។

ឧទាហរណ៍ ជំនួសឲ្យការប្រើប្រាស់បច្ចេកវិទ្យាដ៏កាន់តែទូលំទូលាយ បញ្ហាដូចជាការចំណាយខ្ពស់ក្នុងការទិញទូរស័ព្ទស្មាតហ្វូន និងលទ្ធភាពក្នុងការទទួលបានអ៊ីនធឺណិតប្រើប្រាស់នៅតែនៅឆ្ងាយពី បុគ្គលមួយចំនួនធំនៅឡើយ ដែលជាកត្តាររាំងស្ទះដល់ការទទួល បានអត្ថប្រយោជន៍សេដ្ឋកិច្ចឌីជីថលដោយស្មើភាពគ្នា។

នៅពេលដែលបច្ចេកវិទ្យាឌីជីថល ត្រូវបានទទួលយកទាំងស្រុង វានឹងទាមទារឲ្យមានជាចាំបាច់នូវជំនាញឌីជីថល ហើយដំណើរការឌីជីថលនឹង ធ្វើឲ្យរំខានដល់ទីផ្សារការងារ និងផ្លាស់ប្តូរសមាសភាពការងារដែលមានស្រាប់។ មិនត្រឹមតែប៉ុណ្ណោះ បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ត្រូវ ខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីពង្រឹងកម្រិតហេដ្ឋារចនាសម្ព័ន្ធ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ព្រមទាំងចូលរួមក្នុងការរៀបចំ ផែនការយុទ្ធសាស្ត្រ ដើម្បីទទួលបាន និងចាប់យកអត្ថប្រយោជន៍ ឌីជីថលជាអតិបរមា៕ CDC៕

LEAVE A REPLY

Please enter your comment!
Please enter your name here