រដ្ឋាភិបាលថៃបញ្ចេញកញ្ចប់ថវិកាជាង៣២០លានដុល្លារជួយដល់SME ក្នុងវិស័យទេសចរណ៍

ដោយៈលក្ខិណា

ភ្នំពេញៈ រដ្ឋាភិបាលថៃបានបញ្ចេញ កញ្ចប់ទឹកប្រាក់ជាង៣២០លានដុល្លារអាមេរិក ដើម្បីជួយដល់សហគ្រាសធុនតូច និងមធ្យម(SME) ក្នុងវិស័យទេសចរណ៍ ដែលបានរងផលប៉ះពាល់ដ៏អាក្រក់ពីវិបត្តិជំងឺកូវីដ។

យោងតាមការចុះផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្តិ៍ឱ្យដឹងថា ធនាគារសន្សំរដ្ឋាភិបាលថៃ (GSB) បានប្រកាសផ្តល់ប្រាក់កម្ចីសម្បទាន ក្នុងទំហំទឹកប្រាក់សរុប១០ពាន់លានបាត ឬប្រមាណ៣២០,១៧លានដុល្លារអាមេរិក ដើម្បីជួយដល់សហគ្រាសធុនតូច និងមធ្យម (SMEs) នៅក្នុងវិស័យទេសចរណ៍ ដើម្បីធ្វើឲ្យប្រសើរឡើងនូវលំហូរសាច់ប្រាក់របស់ពួកគេ ក្នុងអំឡុងពេលការឆ្លងរីករាលដាល រលកទី៣នៃជំងឺកូវីដ១៩ក្នុងប្រទេសនេះ។

ប្រភពដដែលថា ការផ្តល់ឥណទាននេះ នឹងត្រូវអនុវត្តក្នុងរយៈពេល៣ឆ្នាំ ដែលមានអត្រាការប្រាក់ជាមធ្យមទាបជាង៣ភាគរយ។ សហគ្រាសធុនតូច និងមធ្យម នឹងអាចដាក់ពាក្យស្នើសុំប្រាក់កម្ចីនេះ ដោយចុះឈ្មោះនៅត្រឹមថ្ងៃទី៣០ ខែមិថុនា ឬរហូតដល់មានការជូនដំណឹងសារជាថ្មី។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការផ្តល់ឥណទាននេះ ធ្វើឡើងជាមួយអត្រាការប្រាក់ប្រចាំឆ្នាំដ៏ទាប ដោយក្នុងឆ្នាំទី១ គឺ០,១០% ឆ្នាំទី២ គឺ០,៩៩% និង ៥,៩៩% នៅឆ្នាំទី៣។ អត្រាការប្រាក់ជាមធ្យមគឺ ២,៣៦% ក្នុងរយៈពេល៣ ឆ្នាំ។ ប្រាក់កម្ចីអតិបរមាសម្រាប់បុគ្គលនិងនីតិបុគ្គល ត្រូវបានកំណត់ត្រឹម ១០លានបាត និង៥០លានបាតរៀងៗខ្លួន។

សារព័ត៌មានមួយនេះបានឱ្យដឹងទៀតថា សមាគមធនាគារថៃ បានប្តេជ្ញាផ្តល់ប្រាក់កម្ចីសម្បទានដែលមានតម្លៃ១០០ពាន់លានបាត ដល់អាជីវកម្មខ្នាតតូច និងមធ្យម នៅក្នុងវិស័យអាទិភាពសំខាន់ៗ ដែលរងផលប៉ះពាល់ពីវិត្តិកូវីដ១៩ ក្រោមគម្រោងកែប្រែរបស់ធនាគារកណ្តាលថៃ សម្រាប់រយៈពេល៦ខែខាងមុខ ខណៈធនាគារកណ្តាលថៃបានដាក់ប្រាក់សរុបចំនួន ២៥០ពាន់លានបាត សម្រាប់គម្រោងប្រាក់កម្ចីសម្បទាន ដល់វិស័យឯកជនរបស់ខ្លួន។

ធនាគារកណ្តាលថៃ បានផ្តល់ប្រាក់ចំនួន១១,៥៤ពាន់លានបាត ដល់ប្រតិបត្តិករអាជីវកម្មចំនួន៥.៤៦៥នាក់ គិតត្រឹមសប្ដាហ៍ទី៣នៃខែឧសភា ក្នុងនោះប្រហែល៦៣% នៃអ្នកខ្ចីប្រាក់កម្ចី គឺជាសហគ្រាសខ្នាតតូចបំផុត ដែលបន្ទាត់ឥណទានមិនលើសពី៥លានបាតក្នុងនីមួយៗ បន្ទាប់មកសហគ្រាសធុនតូច និងមធ្យម៣២,៦ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here