ដោយៈ ប៊ី
ភ្នំពេញៈ ធនាគារវិនិយោគហូឡង់សហគ្រាសហិរញ្ញវត្ថុហូឡង់ (FMO) បានស្នើបោះទុនវិនិយោគទឹកប្រាក់១០លានដុល្លារ ក្នុងមូលនិធិឯកជន ASEAN Frontier Markets LP ដែលផ្តោតលើការវិនិយោគនៅក្នុងសហគ្រាសធុនតូច និងមធ្យមទាំងនៅក្នុងប្រទេសកម្ពុជា និងឡាវ។ នេះបើយោងតាមការចេញផ្សាយរបស់គេទំព័រ Deal Street Asia កាលពីថ្មីៗនេះ។
ការវិនិយោគដែលបានស្នើសុំឡើងនេះ នឹងត្រូវធ្វើឡើង តាមរយៈមូលនិធិសហគ្រា សខ្នាតតូច និងខ្នាតតូច (MASSIF) ដែលគ្រប់គ្រងដោយធនាគារ FMO ក្នុងនាមរដ្ឋាភិបាលហូឡង់។ MASSIF ផ្តល់នូវសេវាហិរញ្ញវត្ថុមួយចំនួន ដូចជាគណនីធនាគារ សេវាកម្មសន្សំ និងប្រាក់កម្ចី សម្រាប់សហគ្រិនខ្នាតតូច និងមធ្យម។
ធនាគារ FMO បានបញ្ជាក់ថា ការវិនិយោគនេះនឹងអនុញ្ញាតឱ្យពួកគេបន្តគាំទ្រដល់ដៃគូក្នុងស្រុកនៅក្នុងប្រទេសទាំងពីរ។
ASEAN Frontier Markets Fund LP គឺជាមូលនិធិទី៣ ដែលគ្រប់គ្រងដោយក្រុមប្រឹក្សាយោបល់ ការវិនិយោគទីផ្សារកំពុងរីកចម្រើន (EMIA)។ មូលនិធិនេះ ផ្តោតលើទីផ្សារជួរមុខ ដូចជាប្រទេសកម្ពុជា និងឡាវ ដែលជាប្រទេសកំពុងមានសក្តានុពល។
មូលនិធិនេះនឹងផ្តោតលើការវិនិយោគ នៅដំណាក់កាលដំបូង ហើយត្រូវបានរំពឹងថានឹងបន្ថែមតម្លៃ តាមរយៈការបង្កើតការងារ បណ្តុះបណ្តាលការធ្វើឱ្យប្រសើរឡើងនូវអភិបាលកិច្ចអាជីវកម្ម ការកែលម្អការអនុវត្តការងារ និងការបង្កើតផលិតផល និងសេវាកម្មថ្មីៗនៅក្នុងប្រទេសកម្ពុជា និងឡាវ។
កាលពីសប្តាហ៍មុន ធនាគារ FMO បានផ្តល់ប្រាក់កម្ចីចំនួន២០លានដុល្លារដល់ធនាគារស្ថាបនា ដើម្បីជួយធនាគារពង្រីកហិរញ្ញប្បទាន ដល់សហគ្រាសធុនតូច និងមធ្យម និងបង្កើនប្រាក់បម្រុង៕