ដោយៈសុខុម
ញូវដេលី: ក្រុមហ៊ុនថាមពលលំដាប់យក្សរបស់ឥណ្ឌា Adani Green Energy Ltd ប្រកាសថា ខ្លួនបានព្រមព្រៀងទិញយកអាជីវកម្ម ថាមពលកកើតឡើងវិញរបស់ក្រុមហ៊ុនជប៉ុន SoftBank Group Corp នៅប្រទេសឥណ្ឌា ដើម្បីបង្កើនសមត្ថភាពផ្គត់ផ្គង់អគ្គិសនី។ នេះបើយោងតាមសារព័ត៌មាន The Edge Markets ចុះផ្សាយកាលពីថ្ងៃទី១៩ ឧសភា។
យោងតាមសេចក្តីថ្លែងការណ៍មួយឱ្យដឹងថា ក្រុមហ៊ុនដែលគ្រប់គ្រងដោយមហាសេដ្ឋីGautam Adani នេះបានចុះកិច្ចព្រមព្រៀងទិញយកក្រុមហ៊ុនបុត្រសម្ព័ន្ធ SB Energy India ពីក្រុមហ៊ុនមេSoftBank និងក្រុមហ៊ុនជាដៃគូ Bharti Group ក្នុងតម្លៃ៣,៥ពាន់លានដុល្លារ។
ការទិញយកក្រុមហ៊ុននេះនឹងជួយឱ្យក្រុមហ៊ុន Adani Green បំពេញបានតាមគោលដៅផ្គត់ផ្គង់ថាមពលអគ្គិសនី កកើតឡើងវិញឱ្យបាន២៥មេហ្គាវ៉ាត់ ខណៈក្រុមហ៊ុននេះមានបំណងក្លាយជាក្រុមហ៊ុនមួយ ក្នុងចំណោមក្រុមហ៊ុនផ្គត់ផ្គង់ថាមពលស្អាតធំៗបំផុតក្នុងពិភពលោក។
យោងតាមសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុន Adani Greenបានឱ្យដឹងថា ក្រុមហ៊ុន SB Energy មានសូឡា និងកង្ហារខ្យល់ដែលមានសមត្ថភាព ផលិតថាមពលអគ្គិសនីបានជិត៥ជីហ្គាវ៉ាត់ ដោយក្នុងនោះ១,៤ជីហ្គាវ៉ាត់កំពុងដំណើរការនាពេលបច្ចុប្បន្ន។
គម្រោងទាំងអស់ ត្រូវបានគាំទ្រដោយកិច្ចព្រមព្រៀងទិញ ថាមពលអគ្គិសនីរយៈពេល២៥ឆ្នាំជាមួយអ្នកទិញ។ ក្រោមកិច្ចព្រមព្រៀងទិញយកក្រុមហ៊ុននេះ ក្រុមហ៊ុន SoftBank កាន់កាប់ភាគហ៊ុន៨០% នៅក្នុងក្រុមហ៊ុន SB Energy ចំណែកឯក្រុមហ៊ុន Bharti Group កាន់កាប់ភាគហ៊ុន២០%ដែលនៅសេសសល់៕