អាជ្ញាធរអំពាវនាវដល់ពលរដ្ឋពិនិត្យអាល់កុលឱ្យបានត្រឹមត្រូវ ខណៈអាល់កុលក្លែងក្លាយជាច្រើនតោនត្រូវបានរកឃើញ

ដោយៈ សាវុធ

ភ្នំពេញៈ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប) បានក្រើនរម្លឹកដល់ប្រជាពលរដ្ឋឱ្យប្រុងប្រយ័ត្ន មុននឹងទិញអាល់កុលយកមកប្រើប្រាស់ ដើម្បីសម្លាប់មេរោគ ដោយត្រូវពិនិត្យ និងជ្រើសរើសផលិតផលមានស្លាកសញ្ញា និងប្រភពត្រឹមត្រូវច្បាស់លាស់។

ជាក់ស្តែង បើទោះបីជាមានការត្រួតពិនិត្យ និងបង្ក្រាបជាហូរហែពីសំណាក់មន្រ្តីមានសមត្ថកិច្ចយ៉ាងណាក្តី ប៉ុន្តែនៅតែមានសារធាតុមេតាណុល(អាល់ក្លែងក្លាយ) ដាក់លក់នៅតាមបណ្តាទីផ្សារ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកផាន អូនអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប នៃក្រសួងពាណិជ្ជកម្ម បានលើកឡើងនៅរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១នេះថា ដោយសារតម្រូវការអាល់កុលបានកើនឡើងយ៉ាងគំហុគចាប់តាំងពី កម្ពុជាជួបប្រទះនូវការរីករាលដាលជំងឺឆ្លងកូវីដ១៩ គិតត្រឹមរយៈពេលខែ ឆ្នាំ២០២១នេះ ក្រុមការងារបានចុះត្រួតពិនិត្យគុណភាពអាល់កុលនៅតាមបណ្តាឃ្លាំងស្តុក ឱសថស្ថាន ផ្សាររដ្ឋ ផ្សារទំនើប និងផ្ទះលក់ទំនិញ ដោយបានរកឃើញការដាក់លក់ និងស្តុកទុកសារធាតុមេតាណុល ដែលជាសារធាតុពុល និងមិនមានសមត្ថភាពអាចសម្លាប់មេរោគ បន្លំជាអាល់កុលសរុបចំនួន ២៧តោន ស្មើនឹងប្រមាណ ២៣០គីឡូក្រាម។

លោកបានថ្លែងបន្តថា ការងារត្រួតពិនិត្យគុណភាពអាល់កុលនេះ អគ្គនាយកដ្ឋាន ក.ប.ប នឹងបន្តត្រួតពិនិត្យជាប្រចាំ ទោះបីដំណាក់កាលកូវីដត្រូវបានបញ្ចប់ក្តី ពីព្រោះគោលដៅរបស់ជនខិលខូចមួយចំនួន មិនត្រឹមប្រើប្រាស់សារធាតុមេតាណុល សម្រាប់ដាក់លក់បន្លំជាអាល់កុលសម្លាប់មេរោគប៉ុណ្ណោះទេ តែនៅបានគេបន្លំយកទៅប្រើប្រាស់សម្រាប់ផលិតគ្រឿងស្រវឹង(ស្រាស ឬស្រាថ្នាំ) យកទៅលក់ជូនប្រជាពលរដ្ឋ ដែលបណ្តាឱ្យប្រជាពលរដ្ឋពុលស្លាប់ជារៀងរាល់ឆ្នាំផងដែរ។

លោកបានឱ្យដឹងទៀតថា រហូតមកដល់ពេលនេះ បើទោះបីជាមានការត្រួតពិនិត្យ និងបង្ក្រាបជាហូរហែពីសំណាក់មន្រ្តីមានសមត្ថកិច្ចយ៉ាងណាក្តី សារធាតុមេតាណុលនេះ នៅតែមានជនខិលខូចបន្តចែកចាយលក់នៅតាមបណ្តាទីផ្សារ ព្រោះ៖ សារធាតុមេតាណុលមានតម្លៃទាបជាងតម្លៃអាល់កុល ឬអេតាណុល ដែលធ្វើឱ្យជនខិលខូចមួយចំនួនតូច ព្រោះតែផលប្រយោជន៍ប្រាក់ចំណេញនៅតែប្រព្រឹត្តអំពើមិនសុចរិត ដោយមិនខ្លាចរអារច្បាប់ឡើយ។

ម៉្យាងទៀត ការយល់ដឹងរបស់ប្រជាពលរដ្ឋ និងអាជីវករមួយចំនួននៅមិនទាន់មានការយល់ដឹងទូលាយពីមេតាណុល និងអាល់កុល។

លោក ផាន អូន បានអំពាវនាវដល់អាជីវករលក់ដុំ លក់រាយ ម្ចាស់ឱសថស្ថាន ម្ចាស់ផ្សារទំនើប និងអ្នកនាំចូលផលិតផលអាល់កុលទាំងអស់ សូមកុំយកសារធាតុមេតាណុល បន្លំជាអាល់កុលលក់ជូនប្រជាពលរដ្ឋ ព្រោះសកម្មភាពនេះ មិនត្រឹមតែមិនអាចទប់ស្កាត់ការចម្លាងមេរោគ ឬបង្កផលប៉ះពាល់ដល់សុខភាពអ្នកប្រើប៉ុណ្ណោះទេ ថែមទាំងនាំដល់ការប្រឈមចំពោះច្បាប់ដល់ខ្លួនថែមទៀតផង។ ទន្ទឹមនេះ លោកបានលើកទឹកចិត្តដល់ប្រជាពលរដ្ឋថា ប្រសិនបើមានការសង្ស័យជាយថាហេតុ ពាក់ព័ន្ធនឹងគុណភាពអាល់កុល ឬមានព័ត៌មានពីការស្តុកទុក ការចរាចរឬចែកចាយអាល់កុលក្លែងក្លាយ សូមផ្តល់ព័ត៌មានភ្លាម តាមរយៈលេខទូរស័ព្ទ 023 231856 / 092 830856 ក៏ដូចផេកហ្វេសប៊ុកផ្លូវការរបស់អគ្គនាយកដ្ឋានក.ប.ប។

កាលពីឆ្នាំ២០២០កន្លងទៅ អគ្គនាយកដ្ឋាន ក.ប.ប បានរកឃើញការដាក់លក់ និងស្តុកទុកសារធាតុមេតាណុល ដែលជាសារធាតុពុល និងមិនមានសមត្ថភាពអាចសម្លាប់មេរោគបន្លំជាអាល់កុលនៅទូទាំងប្រទេសសរុប ៩៤តោន ស្មើនឹងប្រមាណ ៦៧០គីឡូក្រាម៕

LEAVE A REPLY

Please enter your comment!
Please enter your name here