ដោយៈគង់ ម៉ាលីនណា
ភ្នំពេញៈ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET Day)បាននិងកំពុងដាក់ចេញលើ ដើម្បីលើកកម្ពស់ និងផ្សព្វផ្សាយទៅដល់សិស្ស-និស្សិត យុវជន អាណាព្យាបាល និងផ្នែកឯកជនឱ្យបានយល់ដឹងអំពីសារៈសំខាន់ នៃការបណ្តុះបណ្តាលជំនាញប្រកបដោយគុណភាព និងប្រសិទ្ធិភាពឱ្យឆ្លើយតប ទៅនឹងតម្រូវការទីផ្សារការងារទាំងក្នុងនិងក្រៅប្រទេស។
អគ្គនាយករង នៃអគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈលោក ថង សាម៉ុនបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី១៤ ឧសភានេះថា ប្រធានបទនៃទិវាជាតិឆ្នាំនេះគឺ “ធីវ៉េតធ្វើឲ្យជំនាញកាន់តែប្រសើរ និងប្រាក់ចំណូលខ្ពស់”។ លោកបន្តថា ប្រធានបទឆ្នាំនេះ គឺចង់បង្ករឲ្យយុវជនទាំងអស់ក៏ដូចជាសាធារណជន ពិសេសសិស្សានុសិស្ស យុវជន កម្មករនិយោជិត ឬក៏អ្នកមកពីក្រៅប្រទេសមកស្រុកខ្មែរវិញ។
លោកបន្តថា “ការងាកមករៀនជំនាញ កាលណារៀនជំនាញ យើងមានជំនាញច្បាស់លាស់ គឺយើងអាចចេញទៅប្រកបមុខរបរ ឬអាជីវកម្មផ្សេងៗ នោះយើងនឹងមានប្រាក់ចំណូលខ្ពស់ជួយសេដ្ឋកិច្ចគ្រួសារ ក៏ដូចជាជួយសេដ្ឋកិច្ចជាតិ”។លោកបន្តថា “ដូច្នេះប្រធានបទឆ្នាំនេះ យើងត្រៀមរួចហើយ ដើម្បីធ្វើការផ្សព្វផ្សាយតាមបណ្តាញស ង្គម និងអនឡាញនៅថ្ងៃទី១៥ ខែមិថុនានាពេលខាងមុខ”។
ការផ្សព្វផ្សាយទិវាជាតិ ធីវ៉េត នៅតែជ្រួតជ្រាប និងសុះសាយទៅដល់សាធារណជន ដល់ក្រុមគោលដៅក៏បានដឹងដូចគ្នា ពិសេសក្រុមយុវជន សិស្សានុសិស្ស អាណាព្យាបាល និងអ្នកពាក់ព័ន្ធផ្សេងៗដទៃទៀតបានដឹងនិងឃើញ ទោះបីជាមិនបានរៀបចំផ្ទាល់យ៉ាងណាក៏ដោយ។
លោកថង សាម៉ុនបានបន្តថា មកដល់ពេលនេះ ទិវាជាតិធីវ៉េត រៀបចំចំនួន៤លើកហើយ ដោយចាប់ពីឆ្នាំ២០១៨ និង២០១៩ បានរៀបចំដោយផ្ទាល់នៅមជ្ឈមណ្ឌលពិព័រណ៌កោះពេជ្រ រាជធានីភ្នំពេញ ដោយឡែកឆ្នាំ២០២០ និង២០២១នេះ ដោយសារការរីករាលដាលនៃជំងឺកូវីដ១៩ ហើយយើងចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនូវជំងឺដ៏កាចសាហាវនេះ យើងក៏មិនភ្លេចដែរក្នុងការរៀបចំទិវាជាតិនេះ៕