ដោយៈ គង់ ម៉ាលីនណា
ភ្នំពេញៈ រដ្ឋាភិបាលបានអនុញ្ញាត្តឲ្យរោងចក្រ សហគ្រាសជាច្រើនត្រូវបានបើកដំណើរការឡើងវិញជាបន្តបន្ទាប់។ ជាមួយគ្នានេះកម្មករ កម្មការនី និងរោងចក្រ សហគ្រាស បានអះអាងថា នឹងចូលរួមគោរពតាមការណែនាំរបស់រាជរដ្ឋាភិបាល ៣ការពារ ៣កុំ ដើម្បីប្រឆាំង និងទប់ស្កាត់ការឆ្លងវីរុសកូវីដ១៩។
ក្រុមកម្មករ កម្មការនីនៅរោងចក្រផលិតស្បែកជើង ដ្រេហ្គនវីនដ៍ ស៊ូ អិម អេហ្វ ជី អិលធីឌី ស្ថិតនៅខណ្ឌមានជ័យ រាជធានីភ្នំពេញ បាននិយាយឲ្យដឹងនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១នេះទាំងអារម្មណ៍សប្បាយរីករាយ និងសង្ឃឹមថា ការត្រឡប់ចូលបំពេញការងារវិញនេះ នឹងបន្តជារៀងរហូត ព្រោះថាការឈប់សម្រាកនៅបន្ទប់ជួល/ផ្ទះជួលប្រមាណជិត១ខែកន្លងមកនេះ ធ្វើឲ្យជួបការលំបាកជាច្រើន ដូចជា បាត់បង់ប្រាក់ចំណូល និងមិនអាចដើរទៅណាមកណាបាន ជាពិសេសធ្វើឲ្យអារម្មណ៍តានតឹង និងធុញថប់ដោយសារគ្មានប្រាក់ ដើម្បីផ្ញើរទៅអ្នកផ្ទះនៅឯស្រុកកំណើត។
ជាមួយគ្នានេះ ក្រុមកម្មករ កម្មការនីខាងលើ បានអំពាវនាវទៅដល់ពលរដ្ឋទំាងអស់ឲ្យចូលរួមអនុវត្តន៍ តាមការណែនាំនូវវិធានការណ៍នានា ដែលរាជរដ្ឋាភិបាលដាក់ចេញ និងនៅពេលចេញក្រៅផ្ទះ គប្បីពាក់ម៉ាស់ លាងដៃឲ្យបានញឹកញាប់ និងរក្សាគម្លាតសង្គម ដើម្បីចៀសវាងពីការកើតមាន និងឆ្លងជំងឺដ៏កាចសាហាវមួយនេះ។
រដ្ឋាភិបាលក៏បានកម្រិតផងដែរ ដោយអនុញ្ញាត្តឲ្យរោងចក្រ សហគ្រាសស្ថិតក្នុងតំបន់លឿងប៉ុណ្ណោះ ត្រូវបានអនុញ្ញាតឱ្យបើកដំណើរការឡើងវិញនេះ បន្ទាប់ពីមានការកែសម្រួលវិធានការរបស់រដ្ឋបាលរាជធានីភ្នំពេញ តំបន់លឿងទុំ និងក្រហម បានរួមតូច ហើយចំនួន រោងចក្រសហគ្រាសបន្តបើកដំណើរការឡើងវិញ ជាបន្តបន្ទាប់ដោយតម្រូវ ឲ្យគោរពតាមការណែនាំ និងអនុវត្តតាមវិធានការនានា ដែលរាជរដ្ឋាភិបាលបានកំណត់នាពេលកន្លងមក៕